ភ្នំពេញៈ បន្ទាប់ពី​មាន​ការផ្ទុះ​នូវ​ការឆ្លងជំងឺ​​កូវីដ១៩​នៅ​ខេត្ត​សាមុត​សាខន​នៃ​ប្រទេស​ថៃ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​កម្ពុជា​លោក​ ម៉ម ប៊ុនហេង ​បាន​​ណែនាំ​ជា​បន្ទាន់​ឱ្យ​​ថ្នាក់ដឹក​នាំនៅ​តាម​ខេត្ត​ជាប់​​ព្រំដែន​ត្រូវ​តែ​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការត្រួតពិនិត្យ​រាល់​អ្នក​ដំណើរ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​​ចំនួន ១៤ ​ថ្ងៃ​រាល់​អ្នក​ដំណើរ​ចូល​មកកម្ពុជា​។

ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​​ទៅ​ដល់​ខេត្ត​ចំនួន​ ៧ ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក​។

លោក ម៉ម ប៊ុនហេង បាន​ឱ្យដឹង​តាមរយៈ​សេចក្តី​​ណែនាំ​​បន្ទាន់​​នៅ​ថ្ងៃ​ម្សិលមិញ​ថា ​ក្រសួង​សុខាភិបាល​ថៃ​​បាន​ដាស់តឿន​​​ឱ្យ​ប្រុងប្រយ័ត្ន​សម្រាប់​មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក​ស្តីពី​ការផ្ទុះឡើង​នូវ​ការឆ្លង​រាលដាល​នៃ​​ជំងឺ​កូវីដ១៩​នៅ​ខេត្ត​សាមុតសាខន​រហូត​ដល់​ជាង​ ៥០០ ​នាក់​ដែល​បាន​ឆ្លង​ដែល​ភាគច្រើន​ជា​ប្រជាជន​ភូមា​ដែល​បាន​បំផ្លាស់ទី​មក​ធ្វើការ​នៅក្នុង​ខេត្ត​នោះ។ ​រហូត​មកដល់​ពេល​នេះ​មាន​ការ​ប្រកាស​ឱ្យ​បិទ​ខេត្ត​នេះ​ពីម៉ោង​ ២២:០០ នាទី​យប់​ដល់​ម៉ោង ០៥:០០ ​នាទីភ្លឺ​រហូត​​ដល់​ថ្ងៃទី​ ៣ ខែ​មករា ឆ្នាំ​ ២០២១។

លោក ប៊ុនហេង បាន​បន្ត​ថា​៖ ​​«ក្រសួង​ចេញ​សេចក្តី​ណែនាំ​ជាបន្ទាន់​នេះ ដោយសារ​តែ​​ខេត្ត​សាមុតសាខន​នេះ​មាន​ចម្ងាយ​មក​ប្រទេស​កម្ពុជា​ប្រហែល​ជា​ ៣០០ ​គីឡូម៉ែត្រ​ និង​មាន​ខេត្ត​ដែល​មាន​ច្រក​ចេញ​ចូល​ជាមួយ​ប្រទេស​ថៃ​ ដូចជាខេត្ត​កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ​ជាដើម និងដើម្បី​ការពារ​ការចម្លង​​វីរុស​កូវីដ១៩​ ចូល​មក​ក្នុង​ប្រទេសកម្ពុជា​ជាយថាហេតុ​ដោយសារ​ការចល័ត​របស់​បុគ្គល​ ឬ​របស់​អ្នកដំណើរ​ដែល​មាន​ផ្ទុក​វីរុស​កូវីដ១៩»។

លោក​រដ្ឋមន្រ្តី​បាន​ធ្វើ​ការណែនាំ​ និង​អំពាវនាវ​ទៅ​ដល់​ខេត្ត​ជាប់​ព្រំដែន​​កម្ពុជា-ថៃ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការត្រួតពិនិត្យ​រាល់​អ្នក​ដំណើរ​ដែល​ចូល​មក​កម្ពុជា​ដោយ​ត្រូវ​ឆែក​សុខភាព​ឱ្យ​បាន​ហ្មត់ចត់​ជា​ទីបំផុត ជាពិសេស​ត្រូវ​វាស់កម្ដៅ បំពេញ​ទម្រង់​ប្រកាស​សុខភាព​​អ្នកដំណើរ​ឱ្យ​បាន​ត្រឹមត្រូវ​ជាទី​បំផុត​។

លោក​ ម៉ម ប៊ុនហេង​ ថា រាល់​អ្នក​ដំណើរ​ចូល​មកកម្ពុជា​ត្រូវ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​​ចំនួន​ ១៤ ​ថ្ងៃ​ជា​ចាំបាច់ និង​ត្រូវ​យក​វត្ថុសំណាក​អ្នក​ដំណើរ បញ្ជូន​មក​ធ្វើ​​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរ​ពេទ្យ​ខេត្តសៀមរាប​នៅ​ថ្ងៃ​ដែល​បុគ្គល​មក​ដល់​ច្រក​ចូល​ប្រទេសកម្ពុជា។ លោកថា៖ «អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ចូលរួម​នៅ​ក្នុង​ការត្រួតពិនិត្យ​ការធ្វើ​ចត្តាឡីស័ក​​អ្នក​ដំណើរ​ចូល​មក​កម្ពុជា​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ចៀស​វាង​ការរបូត​ចេញ​ពី​ទីកន្លែង​​ធ្វើ​ចត្តាឡីស័ក ​ដោយ​យថាហេតុ​ណាមួយ​ដែល​យើង​មិន​បាន​ដឹង​។ ឯអ្នក​នៅ​តាម​សហគមន៍​ត្រូវ​ផ្តល់​​ព័ត៌មាន​​ដល់​អាជ្ញាធរ​ភូមិ-ឃុំ បើ​មាន​ជនចំណូល​ថ្មី ចូល​សហគមន៍​​របស់​ខ្លួន​»។

ជាមួយ​គ្នា​នេះ​លោក​ ហ៊ុន សែន បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​ខេត្ត​ចំនួន​ ៧ ​ដោយ​ក្នុង​ ១ ​​ខេត្តៗ​មាន​ចំនួន​ ៥០ លាន​​រៀល​។ ខេត្ត​ទាំង​នោះ​មាន ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និង​ខេត្ត​កោះកុង។

បើតាម​លោកស្រី យក់ សម្បតិ្ត​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែង​ប្រាប់​សារព័ត៌មាន​ ហ្វ្រេសញូវ​នៅ​ថ្ងៃម្សិលមិញថា​លោកនាយក​រដ្ឋមន្រ្តី​​បាន​ដាក់​បទបញ្ជា​​ទៅអាជ្ញាធរ​ខេត្ត​ទាំង​ ៧ ​នោះ​ឱ្យ​ពង្រឹង​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​រយៈពេល​ ១៤ ​ថ្ងៃ​ពេញ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺកូវីដ​។

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងពី​ម្សិល​មិញ​ថា អ្នក​ជំងឺ​កូវីដ​​ដែល​បាន​រក​ឃើញ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​គិត​មក​ដល់​ថ្ងៃ​ទី ១៩ ខែធ្នូ ឆ្នាំ​ ២០២០ ​មានចំនួន​ ៤១ ​នាក់​ដែល​​​​​ក្នុង​នោះ​អ្នក​ដែល​ព្យាបាល​ជាសះស្បើយ​ ចំនួន​ ៣០ នាក់។

នៅ​ថ្ងៃទី​ ១៩ ខែធ្នូ លោក​ ម៉ម ប៊ុនហេង ​ក៏​បាន​ចេញ​​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការកែសម្រួល​ការអនុវត្ត​វិធានការ​សុខាភិបាល​ និង​ការធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​ពេញ​លេញ​ ចំពោះ​អ្នក​ការទូត​ និង​មន្រ្តី​អង្គការ​អន្តរជាតិ​ដែល​កាន់​ទិដ្ឋាការ​ការទូត ដោយ​​អ្នក​ទាំងនោះ​ត្រូវ​មាន​វិញ្ញា​បនបត្រ​បញ្ជាក់សុខភាព ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​​ទទួល​ស្គាល់ដោយ​ប្រទេស​​សាមី​បញ្ជាក់​ថា​ គ្មាន​កូវីដ​មាន​សុពលភាព​រយៈពេល​ ៧២ ម៉ោង​មុន​ពេល​ចេញ​ដំណើរ។ នៅ​ពេល​មក​ដល់​កម្ពុជាអ្នក​ទាំង​នោះ​ ត្រូវ​ឆ្លង​កាត់​ការ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ដោយ​ក្រុម​គ្រូពេទ្យ​វិជ្ជាជីវៈ​កម្ពុជា​។

លោកថា ស្ថាន​តំណាង​បរទេស និង​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ត្រូវ​ធានា​លើការ​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​​ក្នុង​ការអនុវត្ត​របស់​អ្នក​ទទួល​បាន​ទិដ្ឋាការការ​​ទូតកម្ពុជា ការធ្វើ​ចត្តាឡីស័ក​ ១៤ ថ្ងៃ​ពេញលេញ​។ ក្នុង​ករណី​មាន​អ្នក​ដំណើរ​ណា​ម្នាក់​ដែល​ធ្វើតេស្ត​មាន​វីរុស​កូវីដ-១៩​ ក្រសួង​សុខាភិបាល​នឹង​បញ្ជូន​អ្នក​វិជ្ជមាន​វីរុស​កូវីដ១៩ ទៅ​មន្ទីរពេទ្យ​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​។

លោក​ ម៉ម ប៊ុនហេង ​បញ្ជាក់​ថា៖ «ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ ពេញលេញ​នៅ​និវាសដ្ឋាន​​របស់​ស្ថានទូត ឬ​គេហដ្ឋាន​ដាច់​ដោយ​ឡែក​ក្នុង​ករណី​អ្នក​ការទូត ​ដែល​មិន​ស្នាក់​នៅ​ក្នុង​និវាសដ្ឋាន​របស់​ស្ថានទូត ឬ​គេហដ្ឋាន​ដាច់​ដោយឡែក​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ពេញ​លេញ​នៅ​សណ្ឋាគារ​ Himawari និង​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​​របស់​ស្ថានទូត អង្គការ​អន្តរជាតិ​សាមី និង​មន្រ្តី​សុខាភិបាល​ដោយ​​រាល់ការ​ចំណាយ​ទាំងអស់​គឺជា​បន្ទុក​របស់​សាមី​ខ្លួន​ផ្ទាល់»។

គិតត្រឹម​ថ្ងៃ​ម្សិលមិញ​កម្ពុជា​មាន​អ្នកវិជ្ជមាន​ជំងឺ​​កូវីដ​១៩​ចំនួន​ ៣៦២ ​នាក់​ក្នុង​នោះ​អ្នកព្យាបាល​ជាសះស្បើយ​​ ៣៤៥ ​នាក់ និង​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​​មាន​ចំនួន​ ១៧ ​នាក់៕

វីដេអូ៖