ភ្នំពេញៈ ដោយ​បារម្ភ​ពី​ការប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ និង​ពិធី​សែនដូនតា​ផ្សេងៗ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ដល់​ពលរដ្ឋ​ទាំងអស់​កុំឱ្យ​ពិសា​ស្រា​ដែល​ផលិត​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថ្លែង​ថា ស្របពេល​ក្រសួង​សុខាភិបាល​កំពុង​យកចិត្ត​ទុកដាក់​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​១៩​ដែល​នៅតែ​​មាន​ហានិភ័យ​ធំ​នៅឡើយ​ក្រសួង​សុខាភិបាល​ក៏​មាន​ការបារម្ភ​អំពី​ឱកាស​ផ្ទុះ​ជំងឺឆ្លង​ផ្សេងៗ​ទៀត​ដូចជា ការពុល​ចំណីអាហារ ការពុល​ស្រា ដែល​តែងតែ​កើតមាន​ឡើង​។

លោក​បន្តថា​៖ «​ក្រសួង​សុខាភិបាល​សូម​លើក​ទឹកចិត្ត​គ្រប់ៗ​គ្នា​ឱ្យ​ចូលរួម​អនុវត្ត​នូវ​វិធានការ​ប្រុងប្រយ័ត្ន រួមទាំង​ការការពារ​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​របស់​ខ្លួន​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង​ពិធី​សែនព្រេន​នានា ដើម្បី​ចៀស​ផុតពី​បញ្ហា ពុល​ចំណីអាហារ ឬ​ពុល​ស្រា​ជាដើម​»​។

លោក​ ម៉ម ប៊ុនហេង ​អំពាវនាវ​ថា សូមកុំ​ពិសា​ស្រា​ដែល​បិត​ ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​ការត្រួតពិនិត្យ​ហាម​ដាច់ខាត​កុំ​យក​សារធាតុ​មេ​តាណុល​លាយ​ធ្វើ​ស្រាស ដែល​បង្ក​ឱ្យ​ពុល និង​ស្លាប់​។

លោក​បន្ថែម​ថា៖ «​អាជ្ញាធរ ខេត្ត ស្រុក ក្រុង ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ទប់ស្កាត់​ការលក់​ស្រា ផលិត ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​ណែនាំ​ប្រជាពលរដ្ឋ​ចៀសវាង​យក​សារធាតុ​មេតាណុល​លាយ​ធ្វើ​ស្រាស​ដែល​បង្ក​ឱ្យ​ពុល និង​ស្លាប់​បាត់បង់​ជីវិត​»​។

លោក​ អៀ ប៊ុនធឿន ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ​ជា​ខេត្ត​ដែល​ធ្លាប់​កើតមាន​ករណី​ពលរដ្ឋ​ពុល​ស្រា​ជាង​ ១៣០ ​នាក់​ និង​ស្លាប់​ជាង​ ១០ ​នាក់​កាលពី​ចុងឆ្នាំ​មុន ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​សប្តាហ៍​នេះ​កងកម្លាំង​នគរបាល​ខេត្ត​នឹង​ចុះ​ធ្វើការ​អប់រំ ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ឱ្យ​មាន​ការប្រុងប្រយ័ត្ន និង កុំ​ពិសា​ស្រាស​ដែល​អាច​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​។

លោក​មាន​ប្រសាសន៍​ថា៖ «​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​ខាងមុខនេះ​ខាង​រដ្ឋបាលខេត្ត​បាន​ចេញ​សេចក្តី​ណែនាំ​រួចហើយ ហើយ​ខាង​នគរបាល​ក៏​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ផងដែរ​ទាក់ទង​នឹង​ការពិសា​ស្រាស ខណៈ​ដែល​មិនមាន​ប្រជាពលរដ្ឋ​មាន​ការពុល​ស្រាស​នេះ​កើតមាន​ទៀត​ក៏ដោយ​»៕

វីដេអូ៖