ភ្នំពេញៈ បើទោះបី​ជា​អ្នកជំងឺ​កូវីដ ១៩ ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ជា​បន្តបន្ទាប់ ស្របពេល​ដែលមាន​ករណី​ថ្មី​ត្រូវបាន​រកឃើញ​ជា​ហូរហែ​យ៉ាងណាក្តី ក៏​ក្រសួង​សុខាភិបាល​បាន​ណែនាំ និង​ស្នើឱ្យ​ម្ចាស់​ឱសថស្ថាន​នានា ត្រូវ​បន្ត​ចូលរួម​សហការ​បន្ថែម​ទៀត​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ឱ្យដឹងថា នាពេល​កន្លងមក​មាន​ឱសថការី​បាន​យកចិត្ត​ទុកដាក់ និង​គោរព ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ស្តីពី​ការទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​ក្រសួង​បានធ្វើការ​ក្រើនរំឭក និង​ឱ្យមាន​ការចូលរួម​ពង្រឹង​បន្ថែមទៀត​នូវ​ការអនុវត្ត​វិធានការ​ការពារ​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ការឆ្លង​រាតត្បាត​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​។

លោកស្រី​លើកឡើង​ថា​៖ «​ឱសថស្ថាន-ឱសថស្ថាន​រង​ត្រូវ​លក់​ឱសថ​តាម​វេជ្ជបញ្ជា និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើការ​ពិនិត្យ​ជំងឺ​ក្នុង​ឱសថស្ថាន​ឡើយ ហើយ​ប្រសិនបើ​មាន​អ្នក​មក​ទិញ​ឱសថ​នៅតាម​ឱសថស្ថាន-ឱសថស្ថាន​រង​ដែល​សង្ស័យថា មាន​ជំងឺ​កូវីដ​ ១៩ គឺ​មិនត្រូវ​លក់​ឱសថ​ឱ្យ​ជាដាច់ខាត​ គឺ​ត្រូវ​ណែនាំ​គាត់​ឱ្យនៅ​​ដាច់​ដោយ​ឡែក​ពី​គ្រួសារ បន្ទាប់មក​ជូនដំណឹង​ទៅ​មន្ត្រី​សុខាភិបាល​ជាបន្ទាន់​»​។

លោកស្រី ឱ វណ្ណឌីន នៅតែ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ និង​ឱសថការី​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ​អនុវត្តន៍​អនាម័យ ដូចជា​លាងដៃ​ជាមួយ​ទឹក និង​សាប៊ូ​ ឬ​អាល់កុល​ឱ្យ​បាន​ញឹកញាប់ និង​ត្រូវ​ពាក់ម៉ាស់​ជាប្រចាំ ព្រមទាំង​រក្សា​នូវ​គម្លាត​សុវត្ថិភាព​យ៉ាងតិច​​ ១ ​ម៉ែត្រ​កន្លះ​ឡើង​ទៅ និង​ត្រូវអនុវត្ត​វិធានការ ៣ ​ការពារ និង​ ៣ ​កុំ​។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ៣០ ខែ មករា ឆ្នាំ​ ២០២១ បាន​រកឃើញ​បុរស​ជា​អ្នកដំណើរ​ជនជាតិ​ឥណ្ឌូនេស៊ី អាយុ ២៩ ​ឆ្នាំ​ម្នាក់​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ធ្វើតេស្ត​វិជ្ជមាន​កូវីដ​ ១៩​។ បុរស​រូបនេះ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្វីលីពីន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ២៩ ខែមករា ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​រូបនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន រាជធានី​ភ្នំពេញ​។

អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​រូបនេះ​មាន​ចំនួន​ ១១៩ ​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវីដ ​១៩​ នោះ ​ត្រូវ​បានដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​ នៅ​សណ្ឋាគារ​ចំនួន​ ៣ ​ផ្សេង​គ្នា​ចំនួន​ ៧០ ​នាក់ និង​ចំនួន​ ៤៩ ​នាក់​ ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក រាជធានី​ភ្នំពេញ​។

គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ មករា ឆ្នាំ​ ២០២១ កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូវីដ​ ១៩​ ចំនួន​ ៤៦៥ ​នាក់ ​ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​ ៤៤៣ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២២ ​នាក់​។

គួរបញ្ជាក់​ផងដែរ​ថា ពលករ​ខ្មែរ​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ ​ដែល​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ ១៩ ​ចំនួន​ ៨៦ ​នាក់​នោះ​ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៧២ ​នាក់​ហើយ ដោយ​នៅសល់​តែ​ចំនួន​ ១៤ ​នាក់​ទៀត ដែល​កំពុង​ព្យាបាល​តាម​មន្ទីរ​បង្អែក​ខេត្ត​ប៉ៃលិន ២ ​នាក់ និង​ខេត្តបន្ទាយមានជ័យ​ ១២ ​នាក់​។

ដោយឡែក ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម​ បាន​ជូនដំណឹង​ទៅដល់​និស្សិត សិក្ខាកាម​នគរបាល​យោធា និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​សិក្សា ស្នាក់នៅ ឬ​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​វៀតណាម​ត្រូវ​អនុវត្តតាម​វិធានការ​ការពារ​សុវត្ថិភាព​។ វិធានការ​ទាំងនោះ​គឺ​ត្រូវ​ពាក់​ម៉ាស់ លាងដៃ ការរក្សា​អនាម័យ និង​បន្ត​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូវីដ ១៩​ ជាយ​ថាហេតុ​។

ការជូនដំណឹង​នេះ​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​បាន​រកឃើញ​នូវ​បណ្តុំ​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​ចំនួន ៨៤ ​ករណី​ក្នុង​ខេត្ត​ ២ ​គឺ​ខេត្ត Hai Duong និង​ខេត្ត QuangNinh​។ ជាមួយគ្នា​នោះដែរ នាយករដ្ឋមន្ត្រី​វៀតណាម​ក៏បាន​បញ្ជា​ឱ្យ​បិទ​ក្រុង Chi Linh និង​អាកាសយានដ្ឋាន Van Dan រយៈពេល​ ២១ ​ថ្ងៃ​ផងដែរ​៕