ភ្នំពេញៈ ​ក្រសួងសុខាភិបាល និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​កាលពី​ថ្ងៃ​ពុធ បាន​ណែនាំ​ និង​ប្រកាស​អនុវត្ដ​វិធានការ​ផ្លូវច្បាប់​ចំពោះ​អាជីវករ​ម្ចាស់​ឱសថស្ថាន និង​ឱសថការី ក្រោយពី​សង្កេតឃើញ​មាន​ការចរាចរ ចែកចាយ និង​លក់​ផលិតផល​អាល់កុល​ក្លែងក្លាយ​ដល់​ប្រជាពលរដ្ឋ​សម្រាប់​យកទៅ​លាង​សម្អាត​ដៃ​បង្ការ​ជំងឺ​កូវីដ​ ១៩ ខណៈ​អាល់កុល​ក្លែងក្លាយ​នេះ​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​។

ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា បច្ចុប្បន្ន​នេះ​មាន​ឱសថស្ថាន ឱសថស្ថាន​រង​មួយចំនួន​បាន​ទិញ អាល់កុល​មក​លក់ ដោយ​ពុំមាន​ប្រភព​ច្បាស់លាស់​ដែល​មាន​គុណភាព​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា ខណៈ​ដែល​ពលរដ្ឋ​ទាំងអស់​កំពុង​ត្រូវការ​អាល់កុល​ជា​ចាំបាច់​ក្នុង​ការបង្ការ​ការចម្លងជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា ដោយ​អាល់កុល​មួយ​ចំនួន​មាន​ការលាយ​សារធាតុ​មេតាណុល​ជាមួយ​អេតាណុល​ និង​អាល់កុល​មួយចំនួន​ទៀត​ពុំមាន​សារធាតុ​អេតាណុល​ទេ​គឺ​មានតែ​សារធាតុ​មេតាណុល​តែប៉ុណ្ណោះ​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​៖ «​អាល់កុល​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ​គឺជា​ល្បាយ​ដែលមាន​សារធាតុ​អេតាណុល​ជាមួយ​ទឹក​ដោយ​មិន​ត្រូវមាន​សារធាតុ​ផ្សេងទៀត​ទេ ជាពិសេស​សារធាតុ​មេតាណុល​។ ចំពោះ​សារធាតុ​មេតាណុល​មិនត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ​ទេ ដោយសារ​ធាតុ​នេះ​មាន​មុខងារ​សម្លាប់​មេរោគ​ខ្សោយ​បំផុត ប៉ុន្តែ​វា​អាច​បណ្ដាល​ឱ្យ​ពុល​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង​ក្នុង​ករណី​ប្រើប្រាស់​សារធាតុ​នេះ​មិនបាន​ត្រឹមត្រូវ​»​។

ដោយឡែក​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​សង្កេតឃើញ​ថា មាន​អាជីវករ​មួយចំនួន​បាន​លួច​នាំចូល និង​ចែកចាយ​នូវ​ផលិតផល​អាល់កុល​ក្លែងក្លាយ​ជាច្រើន​ដែល​មិនមាន​ស្លាក​សញ្ញា និង​ប្រភព​ច្បាស់លាស់​។ អាល់កុល​ដែល​បាន និង​កំពុង​ចរាចរ​លើ​ទីផ្សារ​ទាំងនោះ​ភាគច្រើន​គឺ​មិនមែន​ជា​ប្រភេទ​អាល់កុល​ធម្មតា​ (​អេទីលអាល់កុល​) ដែលមាន​មុខងារ​ប្រើ​សម្រាប់​គោលបំណង​លាង​សម្អាត​ដៃ​បង្ការ​ការចម្លង​មេរោគ​ទេ​ ប៉ុន្តែ​គឺជា​សារធាតុ​មេតាណុល​ដែលមាន​បរិមាណ​ខ្ពស់​រហូតដល់​ ៨០ ​ភាគរយ​។

អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​បញ្ជាក់ថា​៖ «​ជាទូទៅ​ការលាង​សម្អាត​ដៃ​ដោយ​ប្រើប្រាស់​អាល់កុល​ដែលមាន​កម្រិត​មេតាណុល​ខ្ពស់​ដូចដែល​បាន​រកឃើញ​ទាំងនេះ​អាច​ជ្រាបចូល​ក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ជាពិសេស​អាច​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការមើលឃើញ​របស់​ភ្នែក​។ សារធាតុ​មេតាណុល​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ប្រសិនបើ​មាន​ការយក​ទៅ​ប្រើប្រាស់​លាយ​ធ្វើជា​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ផ្សេងៗ​»​។

ក្រសួង​សុខាភិបាល​បាន​ណែនាំ​ដល់​ម្ចាស់​ឱសថស្ថាន និង​ឱសថការី​ទទួលបន្ទុក​បច្ចេកទេស​នៅ​តាម​ឱសថស្ថាន ឱសថស្ថាន​រង​ទូទាំង​ប្រទេស​ត្រូវ​គ្រប់គ្រង​ឱសថស្ថាន​របស់​ខ្លួន​ដោយ​អនុវត្ដ​ឱ្យបាន​ស្រប​តាម​ច្បាប់ និង​លិខិតបទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន​។ គ្រប់​ឱសថស្ថាន ឱសថស្ថាន​រង ត្រូវ​ទិញ​អាល់កុល​ដែលមាន​ប្រភព​ច្បាស់លាស់​ដោយ​មាន​វិក្កយបត្រ​រក្សាទុក​ត្រឹមត្រូវ​ដើម្បី​ឱ្យ​ក្រសួងសុខាភិបាល​អាច​តាមដាន​ក៏ដូចជា​ស្វែងរក​ប្រភព​ជាក់លាក់​នៅពេល​ដែល​រកឃើញ​ថា អាល់កុល​នោះ​ពុំមាន​ភាព​ត្រឹមត្រូវ​។

ក្រសួង​បញ្ជាក់ថា​៖ «​ក្នុងករណី​ក្រសួង​រកឃើញ​ម្ចាស់​ឱសថស្ថាន ឱសថស្ថាន​រង ឬ​ឱសថការី ទទួលបន្ទុក​បច្ចេកទេស​នៅតាម​ឱសថស្ថាន​ឱសថស្ថាន​រង​ណា មិន​អនុវត្ដ​តាម​ការណែនាំ​នេះ​ក្រសួង​សុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវច្បាប់​ដែលមាន​ជា​ធរមាន​»​។

ចំណែក​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ណែនាំ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​នូវ​វិធានការ​មួយចំនួន​ដូចជា ពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​មេត្ដា​កុំ​ទិញ​ផលិតផល​អាល់កុល​ដែល​គ្មាន​ស្លាក​សញ្ញា និង​មិនមាន​បញ្ជាក់​ពី​ប្រភព​ច្បាស់លាស់ ដើម្បី​ប្រើប្រាស់​សម្រាប់​ការលាង​សម្អាត​កម្ចាត់​មេរោគ​ ឬ​បង្ការ​ការចម្លង​ជំងឺ​កូវីដ​ ១៩​។

អគ្គនាយកដ្ឋាន​កាំកុងត្រូល​បញ្ជាក់ថា ការនាំ​ចូល និង​ចែកចាយ​ផលិតផល​អាល់កុល​សម្រាប់​ប្រើប្រាស់​ត្រូវដាក់​ស្លាកសញ្ញា​មាន​បញ្ជាក់​ពី​ប្រភព​អាសយដ្ឋាន​អ្នក​ចែកចាយ​ ឬ​ដាក់លក់ និង​មាន​ឈ្មោះ​ផលិតផល​ព្រមទាំង​កម្រិត​អាល់កុល​គិត​ជា​ភាគរយ​នៃ​អេទីល​អាល់កុល​ឱ្យបាន​ត្រឹមត្រូវ​។

អគ្គនាយកដ្ឋាន​កាំកុងត្រូល​បន្តថា​៖ «​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ជា​ធរមាន​ចំពោះ​អាជីវករណា​ដែល​សមត្ថកិច្ច​រកឃើញ​ថា​បាន​ចរាចរ ឬ​ដាក់លក់​ផលិតផល​អាល់កុល​ក្លែងក្លាយ​ដូចបាន​រៀបរាប់​ខាងលើ​»៕