ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ និង​អង្គការ​ចំនួន ២ អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​លើ​ការងារ​ឆ្មប ដើម្បី​ធានា​គុណភាព​សេវា​ថែទាំ​សុខភាព​ផ្លូវ​ភេទ សុខភាព​បន្ត​ពូជ និង​សុខភាព​មាតា និង​ទារក ខណៈ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេវា​នេះ​នៅ​ក្នុង​ប្រទេស។

ការ​ប្រកាស​រួម​គ្នា​នេះ បាន​ធ្វើ​ឡើង​ក្នុង​ទស្សនៈ​រួម​របស់​ស្ថាប័ន​ទាំង ៣ នេះ ដើម្បី​អបអរ​ទិវា​ឆ្មប​អន្តរជាតិ ២០២១ ដែល​តែងតែ​ប្រារព្វ​ឡើង​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃទី ៥ ឧសភា ក្នុង​គោល​បំណង​បង្ហាញ​អំពី​តួនាទី​ដ៏​សំខាន់​របស់​ឆ្មប និង​ការ​ដឹង​គុណ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ឆ្មប​ក្នុង​ការ​សង្គ្រោះ​ជីវិត​ម្តាយ និង​ទារក។

សម្រាប់​ប្រធានបទ​ទិវា​ឆ្មប​អន្តរជាតិ​នៅ​ឆ្នាំ​នេះ គឺ «ផ្អែក​តាម​ទិន្នន័យ គប្បីវិនិយោគ​លើ​ការងារ​ឆ្មប» ដែល​បង្ហាញ​អំពី​តួនាទី​ដ៏​សំខាន់​របស់​ឆ្មប ហើយ​ជា​មូលដ្ឋាន ដើម្បី​ពង្រឹង​គុណភាព​សេវា​ថែទាំ​សុខភាព​ផ្លូវ​ភេទ សុខភាព​បន្ត​ពូជ និង​សុខភាព​មាតា និង​ការ​ធានា​ឱ្យ​ទទួល​បាន​ជា​សកល​នៃ​សេវា​សុខភាព​ទាំង​នេះ។

លោកស្រី ឆាយ ស្វែងជាអាទិ៍ ប្រធាន​សមាគម​ឆ្មប​កម្ពុជា (CMA) និយាយ​ថា ការ​វិនិយោគ​លើ​ឆ្មប​នៅ​ពេល​នេះ គឺ​ជា​កម្លាំង​ការងារ​ដ៏​សំខាន់​ក្នុង​វិស័យ​សុខាភិបាល ជាពិសេស គឺ​នៅ​ក្នុង​ស្ថានភាព​ដែល​ពិភព​លោក​កំពុង​មាន​ការ​រាល​ដាល​នៃ​ជំងឺ​រាតត្បាត។

លោកស្រី​ថា ឆ្មប​បន្ត​ឈរ​នៅ​ជួរ​មុខ​ក្នុង​ការ​ថែទាំ​សុខភាព​ដែល​ធ្វើ​ឱ្យ​ឆ្មប​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​ផ្តល់​សេវា​ដល់​ស្ត្រី ទារក និង​គ្រួសារ ដើម្បី​ទទួល​បាន​នូវ​សេវា​សារវ័ន្ត​ទៅ​តាម​មធ្យោបាយ​ដែល​មាន​សុវត្ថិភាព​បំផុត។ ដូច្នេះ ឆ្មប​ត្រូវ​ទទួល​បាន​ការ​ការពារ និង​ផ្តល់​អាទិភាព ដើម្បី​បន្ត​ផ្តល់​សេវា​ថែទាំ​ដល់​ស្ត្រី​ដែល​កំពុង​មាន​ផ្ទៃពោះ និង​ទារក។

លោកស្រី​បញ្ជាក់​ថា៖ «ភ័ស្តុតាង​ស្តី​អំពី​តួនាទី​សំខាន់​របស់​ឆ្មប​ក្នុង​វិស័យ​សុខភាព គឺ​ពិត​មិន​អាច​ប្រកែក​បាន។ ទោះបី​ដូច្នេះ​ក៏​ដោយ​ក៏​មាន​ឧបសគ្គ​ជាច្រើន​ដែល​កំពុង​រារាំង​មិន​ឱ្យ​ឆ្មប​សម្រេច​បាន​នូវ​សក្តានុពល​របស់​ពួក​គេ»។

ដើម្បី​សម្រេច​បាន​ការ​សង្គ្រោះ​ជីវិត​ឲ្យ​បាន​ពេញលេញ ការ​ធ្វើ​ឱ្យ​សុខភាព ម្តាយ-ទារក​បាន​ប្រសើរ​ឡើង ឆ្មប​ត្រូវ​ទទួល​បាន​ការ​អប់រំ​ដែល​មាន​គុណភាព បន្ត​ទទួល​បាន​ការ​បណ្តុះបណ្តាល​គ្រប់គ្រាន់ និង​ទទួល​បាន​ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ឋភាព​ រួមទាំង​ការ​ទទួល​អាជ្ញាបណ្ណ​ប្រកប​វិជ្ជាជីវៈ។

បន្ថែម​ពី​នេះ លោកស្រី​ថា៖ «ឆ្មប​ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ក្នុង​បរិយាកាស​មួយ​មាន​ភាព​ល្អ​ប្រសើរ ដែល​ធ្វើ​ឱ្យ​ពួក​គេ​អាច​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព ដូចជា​ធ្វើ​ការងារ​ជា​ក្រុម​ជាមួយ​អ្នក​វិជ្ជាជីវៈ​សុខាភិបាល​ផ្សេង​ទៀត និង​ទទួល​ធនធាន​គ្រប់គ្រាន់។ យើង​ត្រូវ​តែ​វិនិយោគ​ទៅ​លើ​ឆ្មប មិន​ត្រឹមតែ​ដើម្បី​បង្កើន​ចំនួន​នោះ​ទេ តែ​ត្រូវ​បង្កើន​គុណភាព​នៃ​ការ​អប់រំ ការ​បណ្តុះបណ្តាល​បន្ត ការ​គ្រប់គ្រង និង​បរិយាកាស​ការងារ​ប្រសើរ​ឡើង»។

លោក គឹម រ័ត្ននា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក (NMCHC) បាន​ថ្លែង​ថា អត្រា​មរណភាព​របស់​មាតា-ទារក និង​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ទូទាំង​សកល​លោក​ចាប់​តាំង​ពី​ឆ្នាំ ២០០០។

ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា អត្រា​ស្លាប់​នៃ​ស្ត្រី និង​ទារក នៅ​មាន​ចំនួន​ច្រើន បើ​ទោះ​ជា​ការ​ស្លាប់​ភាគ​ច្រើន​របស់​មាតា និង​ទារក អាច​ត្រូវ​បាន​បង្ការ​តាមរយៈ​ការ​ថែទាំ​ និង​គ្រប់គ្រង​បាន​ត្រឹមត្រូវ​ក្នុង​អំឡុង​ពេល​មុន និង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ការ​គាំទ្រ​ក្នុង​ខែ​ដំបូង​ក្រោយ​សម្រាល​ក៏​ដោយ។

លោក គីម រ័ត្ននា បញ្ជាក់​ថា៖ «ប្រទេស​កម្ពុជា សម្រេច​បាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់ ក្នុង​ការ​កាត់​បន្ថយ​អត្រាមរណភាព​របស់​មាតា​ប្រហែល ៦៥% ពី ៤៧២ នាក់ ទៅ ១៧០ នាក់ ក្នុង ១០០ ០០០ កំណើត រស់រវាង​ឆ្នាំ ២០០៥ និង ឆ្នាំ ២០១៤ ហើយ​ការ​ស្លាប់​របស់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​បាន​ធ្លាក់​ចុះពី ១២៤ នាក់ ក្នុង ១ ០០០ កំណើត រស់នៅ​ឆ្នាំ ២ ០០០ ទៅ ៣៥ នាក់ ក្នុង ១ ០០០ កំណើត​ រស់នៅ​ឆ្នាំ ២០១៤»។

បើ​តាម​លោក គឹម រ័ត្ននា នៅ​ឆ្នាំ ២០១៩ ប្រទេស​កម្ពុជា ​មាន​បុគ្គលិក​សុខាភិបាល​ចំនួន ២៦ ០៣៧ នាក់ ដែល​ក្នុង​នោះ មាន​ឆ្មប​បរិញ្ញាបត្រ​ចំនួន ៣២១ នាក់ ឆ្មប​មធ្យម ៤ ៦២១ នាក់ និង​ឆ្មប​បឋម ២ ១៨៦ នាក់។

លោក Daniel Alemu តំណាង​ស្តីទី​នៃ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ប្រចាំ​កម្ពុជា​លើក​ឡើង​ថា ទោះបី​ជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង និង​វឌ្ឍនភាព​យ៉ាង​ណា​ក្តី អត្រា​មរណភាព​មាតា​នៅ​មាន​កម្រិត​ខ្ពស់ បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ ខណៈ​កម្ពុជា​មាន​បញ្ហា​ប្រឈម​នឹង​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ ១៩។

លោក​បន្ត​ថា ការ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​នៅ​មាន​កម្រិត​ទាប។ ជាពិសេស​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង នៅ​មាន​កម្រិត​ទាប​ដែល​នាំ​ឱ្យ​អត្រាមាន​ផ្ទៃ​ពោះ​នៅ​វ័យក្មេង មាន​ការ​កើន​ឡើង។

ដូច្នេះ​ការ​ទទួល​បាន​នូវ​សេវា​សុខភាព​ផ្លូវ​ភេទ បន្ត​ពូជ និង​សុខភាព​មាតា​មាន​លក្ខណៈ​ខុស​គ្នា​ផ្អែក​លើ​កត្តា​តំបន់​ភូមិសាស្ត្រ សង្គម និង​កម្រិត​អប់រំ​នៅ​ជា​បញ្ហា​ប្រឈម។

លោក​បង្ហាញ​ក្តី​បារម្ភ​ថា៖ «កូវីដ ១៩ មាន​ផល​ប៉ះពាល់​គ្រប់​ផ្នៃក​នៃ​ប្រព័ន្ធ​សុខាភិបាល​រួម​ទាំង​សេវា​សុខភាព​ផ្លូវ​ភេទ បន្ត​ពូជ និង​សុខភាព​មាតា។ ការ​អាក់​ខាន​នៃ​ការ​ផ្តល់​សេវា​អាច​ប៉ះពាល់​ដល់​វឌ្ឍនភាព​របស់​វិស័យ​សុខាភិបាល​ដូចជា ការ​កើនឡើង​អត្រា​មាន​ផ្ទៃពោះ​មិន​តាម​បំណង។ ជំងឺ​ឆ្លង​តាម​ផ្លូវ​បន្ត​ពូជ ការ​រំលូត​មិន​មាន​សុវត្ថិភាព អំពើ​ហិង្សា​លើ​ស្ត្រី ដែល​អាច​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​ទារក​ទើប​កើត និង​យុវវ័យ»។

ទោះ​យ៉ាង​ណា លោក​នៅ​តែ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា មិន​ទាន់​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ផ្តល់​សេវា​សុខាភិបាល រួម​ទាំង​សេវា​សុខភាព​ផ្លូវ​ភេទ បន្តពូជ និង​សុខភាព​មាតា​នៅ​ទូទាំង​ប្រទេស​ឡើយ។ គ្រាន់តែ​ការ​ចាត់​វិធានការ​គ្រប់គ្រង​តឹងរ៉ឹង​លើ​ជំងឺ​រាតត្បាត អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​ទទួល​បាន​សេវា​សារវ័ន្ថ​នៃ​សុខភាព​ផ្លូវ​ភេទ បន្តពូជ និង​សុខភាព​មាតា ដោយសារ​តែ​ប្រព័ន្ធ​សុខាភិបាល​មាន​តម្រូវ​ការ​ខ្ពស់​ប៉ុណ្ណោះ៕