
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលក្នុងសន្និសីទកាសែតពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមានការឆ្លងជាចង្កោមនៅក្នុងសហគមន៍ជាកត្តាដែលក្រសួងនិង WHO អំពាវនាវឱ្យប្រពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន និងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនេះ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃម្សិលមិញថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខុសពីព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយសារការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ នេះលឿន។ ដូចនេះហើយបានជាក្រសួងសុខាភិបាលអំពាវនាវម្តងហើយម្តងទៀត ដោយត្រូវមានការប្រុងប្រយ័ត្នជានិច្ចពីព្រោះគ្រប់គ្នាមិនដឹងថាតើវីរុសកូវីដ១៩នេះនៅកន្លែងណាទេ ហើយវាមានលទ្ធភាពចម្លងនៅគ្រប់ពេលវេលាគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។
លោកស្រីបានថ្លែងថា៖ «ជោគជ័យ ឬបរាជ័យនៃការទប់ស្កាត់ការរីករាលដាលនូវ ការចម្លងវីរុសកូវីដ ១៩ គឺអាស្រ័យលើយើងទាំងអស់គ្នា។ ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ បានខិតខំធ្វើការងារគ្រប់ពេល និងរាល់វិធានការទាំងអស់ក៏បានដាក់ចេញរួចហើយ ប៉ុន្តែនៅឡើយតែការអនុវត្តរបស់ប្រជាពលរដ្ឋក្នុងការចូលរួមធ្វើយ៉ាងណាដើម្បីកាត់ផ្តាច់ខ្សែចម្លងឱ្យបានលឿនជាទីបំផុត»។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ «ពេលនេះស្ថានភាពមិនជាល្អសម្រាប់យើងទេ ស្ថានភាពគឺជាការឆ្លងក្នុងទ្រង់ទ្រាយមួយដ៏លំបាកមានភាពសាំញ៉ាំ ដែលវិធានការ ឬអន្តរាគមន៍របស់យើងក៏មានការលំបាកដែរ»។
ជាមួយគ្នានេះដែរ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជាក៏បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន តាមរយៈអ្នកបកប្រែថា សម្រាប់ហេតុការណ៍ដែលកើតឡើងថ្មីៗនេះ គឺអង្គការសុខភាពពិភពលោកមានការព្រួយបារម្ភជាខ្លាំង ចំពោះករណីដែលកើតឡើងជាចង្កោម នៃករណីកូវីដ ១៩ ដែលត្រូវបានដាក់ឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។
លោកស្រីថ្លែងថា៖ «យើងមានការបារម្ភខ្លាំងណាស់ដែលអាចផ្ទុះឡើងជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ ពេលនេះយើងកំពុងតែប្រឈមមុខចំពោះករណីដែលកើតឡើងជាចង្កោមទ្រង់ទ្រាយតូចនៅក្នុងស្រុក។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា យើងកំពុងតែប្រឈមមុខនឹងហានិភ័យចំពោះហេតុការណ៍ដែលអាចកើតឡើង ការផ្ទុះឡើងជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងសហគមន៍»។
លោកស្រី Li Ailan បានបញ្ជាក់ទៀតថា [យើង] ត្រូវតែធ្វើការរួមគ្នា ប្រឹងប្រែងទាំងអស់គ្នា ដើម្បីការពារនូវសេណារីយោដ៏អាក្រក់បំផុតកុំឱ្យកើតមានឡើង ពីព្រោះករណីឆ្លងជាទ្រង់ទ្រាយធំក្នុងសហគមន៍អាចមានផលប៉ះពាល់ទាំងផ្នែកសុខភាព សង្គម និងផ្នែកសេដ្ឋកិច្ច។
លោកស្រីថា ប្រសិនបើមានករណីឆ្លងជំងឺកូវីដ ១៩ កើតឡើងកាន់តែច្រើននៅពេលខាងមុខដែលអាចឈានទៅដល់មានភាពធ្ងន់ធ្ងររហូតបាត់បង់ជីវិត នៅពេលនោះក្នុងមន្ទីរពេទ្យ ឬគ្រឹះស្ថានសុខាភិបាលផ្សេងៗនឹងទទួលបន្ទុកធ្ងន់ធ្ងរ ហើយនឹងមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយករណីកូវីដ ១៩ ក៏មិនអាចទទួលបាននូវការព្យាបាលត្រឹមត្រូវតាមដែលពួកគាត់អាចទទួលបានដែរ ហើយសម្រាប់ប្រជាពលរដ្ឋដែលមានជំងឺផ្សេងៗនោះ នឹងមិនអាចទទួលបានសេវាព្យាបាលសំខាន់ៗផងដែរ។
លោកស្រី Li Ailan បានបញ្ជាក់ថា៖ «ការផ្ទុះទ្រង់ទ្រាយធំនៅក្នុងសហគមន៍នេះគឺអាចឈានដល់ការបិទនៅតំបន់ ឬទីតាំងណាមួយទ្រង់ទ្រាយធំ ដែលអាចមានផលប៉ះពាល់រហូតទៅដល់សាលារៀន មុខរបរអាជីវកម្មផ្សេងៗ និងរហូតដល់សេដ្ឋកិច្ចផ្សេងៗក្នុងប្រទេសផងដែរ»។
តំណាងអង្គការ WHO រូបនេះបន្តថា មេរោគកូវីដ១៩នេះ អាចធ្វើឱ្យប៉ះពាល់ និងឆ្លងទៅប្រជាជនណាមួយក៏បាន ហើយមកដល់ពេលនេះពុំមានភ័ស្តុតាងណាមួយដែលបង្ហាញថា ប្រជាជនកម្ពុជាមានប្រព័ន្ធភាពស៊ាំក្នុងការការពារជំងឺកូវីដ ១៩ នោះទេ។
លោកស្រី Li Ailan បញ្ជាក់ទៀតថា៖ «យើងគួរតែផ្តោតអារម្មណ៍របស់យើង ការយកចិត្តទុកដាក់របស់យើងទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងព្រឹត្តិការណ៍សហគមន៍ ដែលកំពុងតែកើតឡើងនៅក្នុងប្រទេសរបស់យើងដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះបាត់ទៅវិញ និងទទួលជោគជ័យ គឺយើងត្រូវតែប្រយុទ្ធជាមួយនឹងមេរោគដែលកំពុងតែកើតឡើងនេះ។ ដរាបណាមេរោគនៅតែចរាចរណ៍នៅកន្លែងណាក៏ដោយ ប្រជាជននៅតែទទួលរងនូវការគំរាមកំហែងគ្រប់ទីកន្លែង»។
ជាការឆ្លើយតបនឹងការផ្សព្វផ្សាយថា វីរុសកូវីដ១៩ ត្រូវបានរកឃើញលើសត្វប្រចៀវក្នុងឆ្នាំ ២០១០ ក្នុងប្រទេសកម្ពុជា លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា វាមិនមែនជាកូវីដ ១៩ ទេ។
លោកស្រីថា៖ «មានការបកស្រាយមួយចំនួនថា ជំងឺនេះចេញពីកម្ពុជា ដូចនេះខ្ញុំសុំប្រកាសបញ្ជាក់ឱ្យច្បាស់ថា កន្លែងនេះ មិនទាន់មានការសិក្សាណាមួយ ដែលបានបញ្ជាក់ច្បាស់លាស់ថា កូវីដ ១៩ នេះ កើតឡើងនៅកន្លែងណានោះទេ។ ដូចនេះសុំកុំធ្វើការសន្និដ្ឋានខុសពីអ្វីដែលគេបានរកឃើញ»។
ក្រសួងសុខាភិបាលនៅថ្ងៃម្សិលមិញ បានជូនដំណឹងបញ្ជាក់ពីឈ្មោះទីតាំងបន្ថែម ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងរហូតដល់ ៤៧ ទីតាំង ដោយក្នុងនោះមានទីតាំងមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ហើយមនុស្សដែលមានការពាក់ព័ន្ធបានយកសំណាក និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។
សម្រាប់អ្នកដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាមតាមរយៈក្រសួងសុខាភិបាលចាប់ពីថ្ងៃទី ១០ ដល់ ២២ ខែកុម្ភៈ មានចំនួន ៥ ៨៦០ នាក់ក្នុងនោះស្រីចំនួន ១ ៩៧៦ នាក់។ ចំណែកខាងក្រសួងការពារជាតិក្នុងរយៈពេលដូចគ្នានេះដែរ មានចំនួន ៣១ ៥១៩ នាក់ ក្នុងនោះស្រីចំនួន ២ ៥៥៥ នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ រួចហើយ៕
វីដេអូ៖