
អ្នកទៅធ្វើតេស្តរកកូវីដនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ កម្ពុជានៅមិនទាន់អាចប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅឡើយទេ ដោយក្រសួងសុខាភិបាលនៅបន្តតាមដានស្ថានភាពចម្លងក្នុងសហគមន៍នេះបន្តទៀត ខណៈដែលស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបានពន្យល់ប្រាប់ទៅអង្គការសហប្រជាជាតិពីភាពចាំបាច់ក្នុងការបង្ហាញអត្តសញ្ញាណអ្នករកឃើញវិជ្ជមានជំងឺកូវីដ ១៩ កន្លងមក។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃម្សិលមិញថា ការដែលក្រសួងមិនទាន់អាចប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺដោយសារតែក្រសួងនៅបន្តតាមដានស្ថានភាពចម្លងក្នុងសហគមន៍នេះបន្តទៀតសិន។ លោកស្រីបន្តថា៖ «ព្រោះលទ្ធផលមិនទាន់បង្ហាញអស់នៅឡើយទេ ហើយក៏ត្រូវរង់ចាំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីដែរ»។
អ្នកនាំពាក្យរូបនេះលើកឡើងថា បច្ចុប្បន្ននេះក្រសួងសុខាភិបាលកំពុងតែខិតខំដើម្បីបំពេញភារកិច្ចក៏ដូចជារួមសហការជាមួយនឹងអន្តរក្រសួងក៏ដូចជាដៃគូរបស់ខ្លួន ដើម្បីរុករក និងស្វែងរកនូវអ្នកដែលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានេះ។
លោកស្រីបន្តថា ការរួមចំណែកដោយការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការបង្ហាញនូវអត្តសញ្ញាណ ភាពស្មោះត្រង់ពីការជាប់ពាក់ព័ន្ធ ឬប៉ះពាល់ជាមួយនឹងអ្នកដែលមានវិជ្ជមានជំងឺកូវីដ ១៩ ជាការរួមចំណែកធំធេងសម្រាប់ជំរុញប្រតិបត្តិការនៃការរុករកក៏ដូចជាប្រតិបត្តិការនៃការទប់ស្កាត់ឱ្យបានលឿនជាទីបំផុតនូវការចម្លងបន្តគ្នា។
អ្នកជំងឺកូវីដ ១៩ ដែលបានរកឃើញពាក់ព័ន្ធទៅនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ មានសរុបចំនួន ៤០ នាក់ (ស្រី ១៩ នាក់ )។
ក្រសួងសុខាភិបាលឱ្យដឹងពីថ្ងៃម្សិលមិញថា ការធ្វើតេស្តវត្ថុសំណាកលើកទី ៣ នៅថ្ងៃទី ១២ ខែធ្នូ សរុបមានចំនួន ៨ ៨១៤ សំណាក ដោយក្នុងនោះ សំណាកជាង ៣ ០០០ ត្រូវបានធ្វើវិភាគ និងមិនមានវិជ្ជមានវីរុសកូវីដ ១៩ ឯសំណាកដែលនៅសល់នឹងធ្វើវិភាគបន្តនៅថ្ងៃទី ១៣ ខែធ្នូ។
ទាក់ទងនឹងការបង្ហាញនូវរូបថត និងអត្តសញ្ញាណរបស់អ្នកជំងឺមានវិជ្ជមានកូវីដ ១៩ កន្លងមក ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅទីក្រុងហ្ស៊ឺណែវបានសម្តែងនូវការភ្ញាក់ផ្អើល ចំពោះការសម្រេចដោយអាជ្ញាធរកម្ពុជាក្នុងការអនុញ្ញាតឱ្យផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលមានតេស្តវិជ្ជមានកូវីដ ១៩ ដោយអធិប្បាយថា ការផ្សព្វផ្សាយនេះជាការបំពានធ្ងន់ធ្ងរលើសិទ្ធិឯកជន។
ចាប់តាំងពីថ្ងៃទី ៤ ខែធ្នូ ក្រសួងសុខាភិបាលបានសម្រេចបង្ហាញអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលមួយចំនួនដែលឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលការសម្រេចនេះត្រូវបានអនុម័តយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិលើកឡើងថាក្រុមអ្នកជំនាញស្វាគមន៍សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១០ ខែធ្នូ ដែលក្នុងនោះក្រសួងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពសិទ្ធិឯកជនរបស់បុគ្គល និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយបានកត់សម្គាល់ថាសេចក្តីប្រកាសព័ត៌មានស្តីពីកូវីដ ១៩ របស់ក្រសួងចុះថ្ងៃទី ១១ ខែធ្នូ បានដកចេញនូវរូបថតរបស់បុគ្គលមួយចំនួនដែលបានធ្វើរោគវិនិច្ឆ័យថា វិជ្ជមានកូវីដ ១៩។
ទោះយ៉ាងណា ក្រុមអ្នកជំនាញនៅតែព្រួយបារម្ភថា សេចក្តីប្រកាសព័ត៌មាននេះនៅតែបន្តរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គល។
ជាការឆ្លើយតបជុំវិញការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវបានចេញនូវសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១១ ខែធ្នូថា ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកមានវីរុសកូរ៉ូណាដោយក្រសួងសុខាភិបាល គឺមានសារៈសំខាន់ជាខ្លាំងនឹងមានភាពចាំបាច់បំផុតក្នុងកាលៈទេសៈតម្រូវឱ្យមានការទប់ស្កាត់ជាបន្ទាន់នូវការឆ្លងចូលសហគមន៍ ខណៈមិនទាន់ឃើញប្រភពច្បាស់លាស់នៅឡើយ។ ការបង្ហាញនេះក្នុងគោលបំណងការពារសុវត្ថិភាពសុខភាពសាធារណៈ និងសន្តិសុខរបស់ប្រជាជនទាំងមូល ដែលត្រូវបានធានាដោយច្បាប់អន្តរជាតិ។
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបញ្ជាក់ថា៖ «ការឈប់បង្ហាញអត្តសញ្ញាណក៏នឹងចាប់ផ្តើមអនុវត្តឡើងវិញនៅពេលការឆ្លងចូលសហគមន៍ត្រូវបានគ្រប់គ្រងទាំងស្រុង។ ការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ របស់កម្ពុជាបានដាក់បញ្ចូលនូវគុណតម្លៃសិទ្ធិមនុស្ស»។
ជាមួយគ្នានេះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ប្រតិបត្តិគំនិតផ្តួចផ្តើមគាំទ្រវ៉ាក់សាំងចំនួន ៩ ពាន់លានដុល្លារ ដែលជាអន្តរាគមន៍គាំទ្រការទទួលបានវ៉ាក់សាំងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ឬ ហៅកាត់ថា (APVAX) ដោយផ្តល់ការគាំទ្រយ៉ាងឆាប់រហ័ស និងប្រកបដោយសមធម៌ ដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍរបស់ខ្លួនដែលរួមមានប្រទេសកម្ពុជាផងដែរ ខណៈដែលពួកគេកំពុងចាប់ផ្តើមទិញ និងដឹកជញ្ជូនវ៉ាក់សាំងកូវីដ ១៩ ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលពីម្សិលមិញឱ្យដឹងថា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន ២ នាក់ ប៉ុន្តែមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ទេ។
បុរសជនជាតិហ្ស៊កដានី អាយុ ៤៧ ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញធ្វើដំណើរមកពីប្រទេសហ្ស៊កដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាថ្ងៃទី ១០ ខែធ្នូ និងតេស្តឃើញមានវិជ្ជមានកូវីដ។
អ្នកដំណើរ ៧៦ នាក់ បានធ្វើដំណើរតាមយន្តហោះជាមួយនឹងអ្នកជំងឺនេះ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋារគារ ២ ផ្សេងគ្នានៅភ្នំពេញ។ ចំណែកបុរសជនជាតិខ្មែរអាយុ ៣២ ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយនៅភ្នំពេញជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាលី បន្តជើងហោះហើរនៅកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី ១១ ខែធ្នូ និងធ្វើតេស្តរកឃើញវិជ្ជមានកូវីដ ឯអ្នកដំណើរ ៦២ នាក់ ដែលរួមដំណើរតាមយន្តហោះជាមួយនឹងអ្នកជំងឺរូបនេះមានតេស្តអវិជ្ជមាន និងបានដាក់ឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារចំនួន ៣ ផ្សេងគ្នាក្នុងរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃម្សិលមិញ កម្ពុជាមានអ្នកវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ៣៥៩ នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០៧ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៥២ នាក់៕