ភ្នំពេញៈ ក្រសួងសុខាភិបាលបានធ្វើសន្និបាតប្រចាំឆ្នាំលើកទី ៤១ កាលពីម្សិលមិញបានបង្ហាញពីលទ្ធផលការងារលើការលើកកម្ពស់វិស័យសុខភាពសាធារណៈដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ទីប្រឹក្សា អាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ ស្ថាប័នផ្នែកពាក់ព័ន្ធ និងដៃគូសុខាភិបាលជាតិ និងអន្តរជាតិប្រមាណជាង ៥០០ នាក់ នៅសណ្ឋាគារសុខា។
សន្និបាតក្នុងរយៈពេល ២ ថ្ងៃនេះចាប់ពីថ្ងៃទី ៣-៤ ខែមីនា គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់គ្នារវាងក្រុមមន្ត្រីសុខាភិបាលអំពីបទពិសោធ បញ្ហាប្រឈមនានា និងភាពធ្វើឲ្យប្រសើរឡើងលើការផ្ដល់សេវាថែទាំសុខភាពជាទូទៅ ដើម្បីយកទៅអនុវត្តបន្តនៅតាមអង្គភាព និងមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
នៅក្នុងសន្និបាតនោះដែរ ក្រសួងសុខាភិបាលបានបង្ហាញនូវលទ្ធផលនៃការផ្ដល់សេវាព្យាបាលលើជំងឺឆ្លងមួយចំនួនដែលត្រូវបានកាត់បន្ថយ និងបម្រាមគ្មានផ្សែងបារី ដូចជាការអនុវត្តនូវគោលការណ៍ទីក្រុងគ្មានផ្សែងបារីគឺបានធ្វើឱ្យការជក់បារីនៅកន្លែងធ្វើការ និងតាមទីសាធារណៈមានចំនួន ១៧% ខណៈអគារមានចំនួន ៧១% មានបិទបង្ហាញស្លាកសញ្ញាហាមជក់បារីនៅកន្លែងធ្វើការ និងតាមទីសាធារណៈ។
របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំរបស់ក្រសួងសុខាភិបាលដែលបង្ហាញកាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថា ៨៦% នៃម្ចាស់អង្គភាពបានដឹងពីការហាមឃាត់ការជក់បារីនៅក្នុងអង្គភាព និង ៦០% នៃម្ចាស់អគារបានផ្ដល់ព័ត៌មានមិនឱ្យជក់បារីក្នុងអគារ ឬក្នុងបរិវេណអគារ ខណៈ ៩០% នៃម្ចាស់អគារបានគាំទ្រការហាមឃាត់ជក់បារីនៅកន្លែងធ្វើការ និងទីកន្លែងសាធារណៈ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យតាំងពីឆ្នាំ ២០១៦ ស្ដីពីវិធានការហាមជក់ និងបង្ហុយផ្សែងផលិតផលថ្នាំជក់នៅតាមកន្លែងការងារ ឬទីសាធារណៈ ហើយបើជនណាមិនគោរពតាមអនុក្រឹត្យនេះត្រូវបង់ផាកពិន័យចំនួន ២ ម៉ឺនរៀល ហើយចំពោះអ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការ និងម្ចាស់កន្លែងសាធារណៈត្រូវពិន័យ ៥ ម៉ឺនរៀល។
របាយការណ៍ដដែលបន្តថា ចំពោះអត្រាអ្នកឆ្លងជំងឺគ្រុនចាញ់ក្នុងឆ្នាំ ២០១៩ មានចំនួន ៣១,៩៧១ ករណី គឺថយចុះ ៤៦% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ខណៈជំងឺគ្រុនឈាមកើតមានចំនួន ៦៨ ៥៩៧ ករណី គឺកើនឡើងប្រហែល ៣ ដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ និងមានអ្នកស្លាប់ចំនួន ៤៨ នាក់។
ចំណែកចំនួនអ្នកជំងឺអេដស៍ដែលបានចុះឈ្មោះទទួលសេវាព្យាបាលដោយឱសថប្រឆាំងជំងឺក្នុងឆ្នាំ ២០១៩ មានចំនួន ៣ ៨៣១ នាក់ គឺកើនឡើងច្រើនជាងឆ្នាំ ២០១៨ ដែលមានអ្នកមកចុះឈ្មោះមានចំនួន ៣ ៦៨៤ នាក់។ អ្នកជំងឺទឹកនោមផ្អែមមកពិគ្រោះយោបល់ជំងឺមានចំនួន ៧៥ ១៩៤ នាក់ ខណៈអ្នកជំងឺមហារីកបានពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យមានចំនួន ១០ ៥៦៦ នាក់ ក្នុងនោះប្រុស ៧៤ នាក់ និងស្រីចំនួន ៦៩ នាក់បានស្លាប់។
របាយការណ៍ដដែលបន្តថា សម្រាប់អ្នកជំងឺរលាកថ្លើមមកពិនិត្យ និងពិគ្រោះជំងឺមានចំនួន ៨ ៧៨៣ នាក់ ស្របពេលជំងឺរបេងបានធ្លាក់ចុះ ៥៧% ពី ៤២ នាក់ក្នុងចំណោមពលរដ្ឋ ១ សែននាក់ក្នុងឆ្នាំ ២០០០ មកត្រឹម ១៨ នាក់ក្នុងចំណោមពលរដ្ឋ ១ សែននាក់ក្នុងឆ្នាំ ២០១៨។
ក្រសួងសុខាភិបាលបានអះអាងថា ជំងឺគ្រុនចាញ់នឹងត្រូវលុបបំបាត់ឱ្យអស់ត្រឹមឆ្នាំ ២០២៥ និងអត្រាគ្មានអ្នកស្លាប់ត្រឹមឆ្នាំ ២០២០ ប៉ុន្តែក្នុងរយៈពេល ៣ ឆ្នាំមកនេះពុំមានករណីស្លាប់ដោយសារគ្រុនចាញ់ឡើយ។
នៅថ្ងៃម្សិលមិញលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងឲ្យដឹងទៀតថា ជំងឺគ្រុនឈាមក្នុងឆ្នាំ ២០២០ នឹងថយចុះមកវិញប្រហែល ១ ភាគ ៣ ឬ ២ ភាគ ៣ នៃចំនួនសរុបដែលបានកើតឡើងនៅក្នុងឆ្នាំ ២០១៩។
ទោះជាយ៉ាងណាលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា ចំពោះអត្រាស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងឆ្នាំ ២០១៩ គឺមានចំនួនតិចបំផុតគឺ ០,៧០% នៃអ្នកឆ្លងសរុបដែលស្មើនឹង ១០០ នាក់ ហើយគ្មានអ្នកស្លាប់។
លោក ម៉ម ប៊ុនហេង ថ្លែងថា៖ «អត្រាមរណៈទាបណាស់ ដូច្នេះបានសេចក្ដីថា ប្រជាពលរដ្ឋបានយល់ដឹងអំពីបញ្ហានេះ គឺពេលឈឺ យកកូនមកពេទ្យ ហើយពេទ្យយើងមានភាពប៉ិនប្រសប់ ហើយយើងមានឱសថ និងបរិក្ខារគ្រប់គ្រាន់ដើម្បីថែទាំសុខភាពជូនគាត់»៕