ភ្នំពេញៈ ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃ​ទី ២០ ខែ​មេសា ​ឆ្នាំ ២០១៨ បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ​ បដិសេធ​​ទាំង​ស្រុង​ ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ហ៊ុក​ ដែល​បង្ហោះ​ពី​ករណីរូបថត X-ray ដែល​អះ​អាង​ថា ជា​របស់​បុរស​ម្នាក់​រស់​នៅ​ខេត្ត​ព្រៃវែង​ ដោយ​អះអាង​ពីការ​មាន​សត្វ​កន្លាត​មួយ​ក្បាល​ កំពុង​តែ​រស់​នៅ​ក្នុង​ខ្លួន​របស់​បុរស​រូប​នោះ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​មា​ន​ការ​ឈឺ​ចាប់​​។

ការ​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខា​ភិបាល​នេះ គឺ​ធ្វើ​ឡើង​​ បន្ទាប់​ពី​មាន​អត្ថបទ​មួយ​នៅ​លើទំព័រហ្វេសប៊ុក​របស់​ឈ្មោះ «មើល កុំសាន (Merl Komsan)» ​ដោយ​មាន​ភ្ជាប់​ជា​មួយ​នឹង​រូប​ថត X-ray ដែល​បង្ហាញ​ពី​សត្វ​កន្លាត​មួយ​ក្បាល​កំពុង​រស់​នៅ​ក្នុង​ខ្លួន​របស់​បុរស​ម្នាក់​នៅ​ខេត្ត​ព្រៃ​វែង។

អត្ថបទ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ ហើយ​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុ​ង​ក្រោយ​នេះ បាន​សរសេរ​ថា នេះ​ជា​រូប​ថត X-ray របស់​បុរស​ម្នាក់​នៅ​ខេត្ត​ព្រៃ​វែង ដែល​គាត់​ត្រូវ​បាន​លោក​វេជ្ជ​បណ្ឌិត​ប្រាប់​ថា មាន​សត្វ​កន្លាត​មួយ​ក្បាល​កំពុង​តែ​រស់​នៅ​ក្នុង​ខ្លួន​របស់​គាត់ ទើប​ធ្វើ​ឲ្យ​គាត់​មាន​អាការៈ​ឈឺ​ចុក​ចាប់​សាច់​ស្មា​បែប​នេះ ហើយ​ត្រូវ​ឲ្យ​គាត់​ទៅ​ព្យា​បាល​នៅ​បរទេស​។​ បន្ទាប់​ពីការ​ណែ​នាំ​របស់​គ្រូពេទ្យ​ បុរស​រូប​នេះ បាន​លក់​ផ្ទះ​ និង​ខ្ចី​លុយ​ធនាគារ​អស់​ជា​ច្រើន ​ដើម្បី​យក​​លុយ​ទៅ​ព្យា​បាល​​នៅ​ប្រទេស​ឥណ្ឌា​។

ព័ត៌មាន​មិន​ពិត​នេះ​ បាន​សរសេរ​ទៀតថា នៅ​ពេល​ទៅ​ដល់​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​ការ​ថត​ X-ray រួច​ហើយ លោក​វេជ្ជ​បណ្ឌិត បាន​ប្រាប់​ទៅ​បុរស​អ្នក​ព្រៃ​វែង​នោះ​វិញ​ថា សត្វ​កន្លាត​ដែល​ថត​បាន​នោះ គឺ​វា​ស្ថិត​នៅ​ក្នុង​ម៉ា​ស៊ីន X-ray របស់​មន្ទីរ​ពេទ្យ​ខេត្ត​ព្រៃ​វែង​ មិន​មែន​នៅ​ក្នុង​ស្មា​របស់​គាត់​ឡើយ​។

សេច​ក្តី​ប្រកាស​ព័ត៌​មាន​ របស់​ក្រសួង​សុខា​ភិបាល​ បាន​សរសេរ​ថា បន្ទាប់​ពី​បាន​ឃើញ​នូ​វការ​ចុះ​ផ្សាយ​បែប​នេះ ក្រសួង​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឃើញ​ថា អត្ថ​បទ​ដែល​បាន​ចុះ​ផ្សាយ​ខាង​លើ​នេះ «គឺ​ជា​អត្ថ​បទ​ដែល​បាន​កែ​បន្លំ ខ្លឹម​សារ​ពី​អត្ថ​បទ​ដើម ដែល​បាន​ចុះ​ផ្សាយ​ដោយ​ហ្វេស​ប៊ុក​មាន​ម្ចាស់​ផេក​ឈ្មោះ Medecine Life -ជីវិតគ្រូពេទ្យ ដែល​ខ្លឹមសារ​បាន​សរសេរ​ពី​សាច់​រឿង​នៅ​ប្រទេស​នីហ្សេរីយ៉ា មិន​មែន​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ព្រៃ​វែង​នោះ​ឡើយ​»។

សេចក្តី​ប្រកាស​នេះ​បាន​ព្រមាន​ថា៖«ក្រសួង​សុខា​ភិបាល​សូម​ប្រកាស​ច្រាន​ចោល​នូវ​ព័ត៌មាន​ច្នៃ​ប្រឌិត និង​ជា​ការ​លេង​សើច​របស់​ម្ចាស់​ផេក​ឈ្មោះ មើល កុំសាន (Merl Komsan) ខាង​លើ​នេះ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះ​ពាល់​ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​សេច​ក្តី​ថ្លៃ​ថ្នូ​រ​ដល់​វិស័យ​សុខា​ភិបាល​កម្ពុជា ហើយ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រសិន​បើ​ម្ចាស់​ផេក​នេះ នៅ​តែ​បន្ត​ការ​ផ្សព្វ​ផ្សាយ​​និង​មិន​កែ​តម្រូវ​ទៅ​តាម​អត្ថ​បទ​ដើម ​និង​សាច់​រឿង​ដូច​បាន​ជម្រាបជូន​ខាង​លើ​នេះ​»៕