បន្ទាយមានជ័យៈ ក្រសួង​សុខាភិបាល​បានប្រកាស​ពី​ករណី​ផ្ទុះឡើង​នៃ​ជំងឺ​ឈីក (Chikunngunya) នៅក្នុង​ភូមិ​មួយចំនួន​នៃ​សង្កាត់​ប៉ោយប៉ែត និង​បាន​ព្រមាន​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​។ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​នេះ មន្ត្រី​សុខាភិបាល​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត​បាន​បើក​យុទ្ធនា​ការបាញ់​ថ្នាំ​សម្លាប់​មូស​ និង​ដាក់​ថ្នាំ​អាបែត​តាម​ពាងទឹក​ប្រជាពលរដ្ឋ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​ ២៣ កក្កដា ឲ្យ​ដឹងថា​ចាប់​តាំងពី​ថ្ងៃទី​ ១៩ ខែកក្កដា រហូត​ដល់​ថ្ងៃទី ២២ កក្កដា ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលកោះ ភូមិ​អូរជ្រៅ ភូមិ​ប៉ោយប៉ែត ភូមិ​ព្រៃគប់ ភូមិ​អូរនាង និង​អូរឫស្សី​នៃ​សង្កាត់​ប៉ោយប៉ែត​មាន​ចេញ​រោគសញ្ញា​គ្រុនក្តៅ​ដោយ​មាន​កម្តៅ ៣៨ អង្សាសេ ឡើង​កន្តួល​ក្រហម​លើ​ស្បែក និង​ឈឺសន្លាក់​ដៃជើង​។

ក្រុមមន្ត្រី​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​អង្កេត​ក្នុង​ភូមិ​ទាំង​នេះ​រួមទាំង​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ដោយ​មាន​ពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី​ចំនួន ១៦៨ នាក់ ដោយ​ក្នុងនោះ​អ្នក​ដែលមាន​បញ្ហា​សុខភាព​ត្រូវ​បាន​បញ្ជូនមក​ពិនិត្យ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​បាន​បញ្ជូន​បុគ្គល​ដែលមាន​បញ្ហា​សុខភាព​មក​ពិនិត្យ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប៉ោយប៉ែត​ ១ និង​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​មាន​ចំនួន ៣២ ​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​ស្ថានភាព​របស់​ពួកគាត់​មាន​សភាព​ធូរស្បើយ​ហើយ​»​។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ទៀតថា ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ក្រុម​ការងារ​ក៏​បាន​ប្រមូល​សំណាក​វត្ថុ​វិភាគឈាម​ចំនួន ២២​ ​នាក់ ដើម្បី​ធ្វើតេស្ត​រកមើល​វីរុស​គ្រុនឈីក និង​រកមើល​វីរុស​កញ្រឹ្ជល​ស្អូច (Meansles-Rubella) ចំនួន ៦០ ​នាក់ និង​យក​សំណាក​សម្រាប់​ធ្វើតេស្ត​រក​វីរុស​កូវីដ ១៩ ចំនួន​ ២២ ​នាក់​។ ក្រសួង​បន្តថា សំណាក​ទាំងអស់​នោះ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពិសោធន៍​វិទ្យាសាស្ត្រ​ប៉ាស្ទ័រ​កម្ពុជា​ដែល​ជា​លទ្ធផល​បឋម​បង្ហាញ​ថា គឺជា​ករណី​គ្រុនឈីក​។

ក្រសួង​បញ្ជាក់ថា៖ «​បច្ចុប្បន្ន​ក្រៅពី​ការទប់ស្កាត់​នូវ​ការចម្លង​វីរុស​កូវីដ​១៩ នៅ​កម្ពុជា ការលេចឡើង​នូវ​ជំងឺ​គ្រុនឈីក​សាជាថ្មី​ឡើងវិញ​នៅ​ខេត្ត​បន្ទាយមានជ័យ​ដែល​នេះ​អាច​ជា​បញ្ហា​សុខភាព​សាធារណៈ​ ១ ​ទៀត​ដែល​ប្រឈម​ទៅ​នឹង​ហានិភ័យ​អាច​ឲ្យ​មានការ​ឆ្លង​រាលដាល​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ពី​គ្រួសារ​ ១ ​ទៅ​គ្រួសារ​ ១ ពី​ភូមិ​ ១ ​ទៅ​ភូមិ​ ១ ពី​ឃុំ​ ១ ​ទៀត​ជាដើម តាមរយៈ​មូស​ខ្លា​ញី​ខាំ​ដែល​ចល័ត​គ្រប់​ទីកន្លែង​»​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តីប្រកាស​នេះ​ថា ការទប់ស្កាត់​ជំងឺ​ឈីក​ក៏​ដូចជា​ការទប់ស្កាត់​ជំងឺ​គ្រុនឈាម​ដែរ​ដោយ​ផ្អែក​ទៅលើ​ការការពារ​កុំ​ឲ្យ​មាន​មូស​ខ្លា​ញី​ខាំ​តាមរយៈ​ការកម្ចាត់​វត្ថុ​ដក់ទឹក​ដែល​ជា​ជម្រក​នៃ​ការកកើត​សត្វ​មូស​។ លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​សុខភាព​ខ្លួន​អ្នក គ្រួសារ​អ្នក និង​សហគមន៍​ចៀស​ផុត​ពី​ជំងឺ​គ្រុនឈីក និង​ជំងឺ​គ្រុនឈាម​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​គ្រប់​ថ្នាក់​ទាំងអស់ ចលនា​ប្រជាជន​នៅក្នុង​សហគមន៍​ក្នុង​ការកំចាត់​ជម្រក​មូសខ្លា​ដែល​នាំឲ្យ​កកើត​ដង្កូវទឹក និង​មាន​មូស​បង្ក​ជំងឺ ស្លៀកពាក់​ខោអាវ​វែង និង​សម្រាន្ត​ក្នុង​មុង​។ ពេល​មាន​ជំងឺ​ដែលមាន​រោគសញ្ញា​ដូច​ខាងលើនេះ​សូម​អញ្ជើញ​ទៅ​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​លោកអ្នក​»​។

លោក ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរសុខាភិបាល ខេត្ត​បន្ទាយមានជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បន្ទាប់​កើត​មាន​ករណី​ផ្ទុះ​ជំងឺ​ឈីក​ក្នុងភូមិ​ទាំងនេះ ក្រុម​ការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បន្ត​ចុះ​​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅ​ភូមិ​គោលដៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​។ លោក​បន្តថា​នេះ​ជា​ផ្នែក​មួយ​នៃ​ការអន្តរាគមន៍​ទប់ស្កាត់​ជំងឺ​គ្រុនឈីក និង​ជំងឺ​គ្រុនឈាម​ដែល​មាន​ភ្នាក់ងារ​ចម្លង​គឺ​មូសខ្លា​។

លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ក៏​ដូច​ទូទាំង​ខេត្ត សូម​ប្រុងប្រយ័ត្ន​ចំពោះ​ការផ្ទុះឡើង​នៃ​ជំងឺ​គ្រុនឈីក​នេះ​ដោយ​ត្រូវ​ចូលរួម​សហការ​អនុវត្ត​នូវ​វិធាន​ការបំបាត់​ជម្រក​មូសខ្លា សម្អាត​អនាម័យ​បរិស្ថាន​តាម​ផ្ទះសំបែង គេង​ក្នុង​មុង និង​បើ​មាន​បញ្ហា​សុខភាព​ត្រូវ​ប្រញាប់​ទៅ​ទទួល​យក​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​បំផុត​។

លោក​បញ្ជាក់ថា​៖ «​សូមមេត្តា​ចូលរួម​ផ្តល់​ព័ត៌មាន​ជូន​ទៅ​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ មេភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​អំពី​បញ្ហា​ជំងឺ​ ឬ​ព័ត៌មាន​សុខភាព​ផ្សេងៗ ដើម្បី​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត ស្រុក​ប្រតិបត្តិ មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ជួយ​អន្តាគមន៍​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា​»​។

មិន​ខុសគ្នា​នេះដែរ​លោក គួង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ​ថ្លែងថា លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៣ ​ភូមិ​ជាប់​នឹង​ព្រំដែន​ប្រទេស​ឡាវ​ស្ថិត​ក្នុង​ឃុំ​កំពង់ស្រឡៅ ស្រុក​ឆែប​ក៏​ត្រូវ​បាន​បើក​យុទ្ធនាការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​នេះ​ផងដែរ បន្ទាប់ពី​មាន​អ្នកជំងឺ​ជាច្រើន​សង្ស័យថា មាន​ជំងឺ​ឈីក​។

លោក​បន្តថា ក្រៅពី​នេះ​មន្ត្រី​សុខាភិបាល​ខេត្ត​ក៏​បាន​ដាក់​ថ្នាំ​អាបែត​ចំនួន​ ៣ ​តោន​តាម​ពាងទឹក អាងទឹក​ពលរដ្ឋ ដើម្បី​សម្លាប់​មូស​នៅ​ទូទាំង​ខេត្ត​។ លោក​ថា​៖ «​ការដែល​យើង​បាញ់ថ្នាំ​នេះ​ដោយសារ​តែ​យើង​មាន​ការសង្ស័យ​ពី​ការរាតត្បាត​នៃ​ជំងឺ​គ្រុន​ឈីក​នេះ ចំណែក​ជំងឺ​គ្រុនឈាម​មិនទាន់​មាន​នៅក្នុង​សហគមន៍​យើង​នៅឡើយ​ទេ​»​។

បើ​តាម​ក្រសួង​សុខាភិបាល​ជំងឺ​គ្រុនឈីក មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អាការ​ឈឺសន្លាក់​ដៃជើង​យូរ​ឆ្នាំ ហើយ​វា​នឹង​ជាសះស្បើយ​ក្នុង​អំឡុងពេល ១ ​សប្តាហ៍ ឬ​យូរ​ជាង​នេះ ប៉ុន្តែ​បើសិន​ជា​អ្នកជំងឺ​មាន​ជំងឺឈីក​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​ផ្សេងទៀត​នឹង​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​៕