ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសុក្រនេះ បានប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ ១៩ ចំនួន ៦២ នាក់បន្ថែមទៀត ក្នុងនោះ ៦០ នាក់ ជាអ្នកឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខណៈ ដែល ២ នាក់ទៀត គឺជាអ្នកដំណើរជនជាតិ ឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ចូលកម្ពុជាកាលពីថ្ងៃទី ២៦ កុម្ភៈ។

ចំពោះអ្នកឆ្លងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០ កុម្ភៈ ភាគច្រើនជាជនជាតិខ្មែរ ហើយករណីឆ្លងភាគច្រើននៅរាជធានីភ្នំពេញ ដែលមានចំនួន ២៨ នាក់។ ចំណែកករណីវិជ្ជមានតាមខេត្តមាន ១៦ នាក់ នៅខេត្តកណ្ដាល ៨ នាក់ នៅខេត្តកោះកុង ៧ នាក់ នៅខេត្តព្រៃវែង និងម្នាក់នៅខេត្តកំពង់ធំ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីព្រឹកមិញនេះ បានឲ្យដឹងថាក្រៅពីករណី ឆ្លងថ្មីក៏មានករណីជាសះស្បើយ ចំនួន ២២ នាក់ ដែលក្នុងនោះមាន ២១ នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០ កុម្ភៈ ចំណែកម្នាក់ គឺជាពលករមកពីប្រទេសថៃ។

សេចក្ដីប្រកាសព័ត៌មានបន្ដទៀតថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ១២ ខែមីនានេះ កម្ពុជាមានវិជ្ជមានកូវីដសរុបទាំងអស់ចំនួន ១២២៥ នាក់ អ្នកជាសះស្បើយសរុបចំនួន ៦១៩ នាក់ អ្នកកំពុងសម្រាកព្យាបាល ៦០៤ នាក់និងអ្នកស្លាប់ម្នាក់៕