
ប្រភេទមូសខ្លាញី ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដែលក្រសួងសុខាភិបាលឲ្យប្រុងប្រយ័ត្ន។ ហ្វេសប៊ុក
ភ្នំពេញ: ក្រសួងសុខាភិបាលប្រកាសរំឭកប្រជាពលរដ្ឋជាទូទៅ នៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្ននិងការពារខ្លួនកុំឲ្យមូសខ្លាញីខាំបឺតឈាម ព្រោះពួកវាជាអ្នកចម្លងវីរុសគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដែលអ្នកជំនាញក្រសួងសុខាភិបាលបានប្រមើលឃើញថា ជំងឺនេះអាចនឹងផ្ទុះឡើងនៅក្នុងឆ្នាំ ២០១៩ នេះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ៤ ខែមីនា បានឲ្យដឹងថា ករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេសក្នុងដើមឆ្នាំ ២០១៩ នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ច្រើនជាងឆ្នាំ ២០១៨ បើប្រៀបធៀបទៅនឹងពេលវេលាដូចគ្នា។
សេចក្ដីប្រកាសព័ត៌មាននេះបានឲ្យដឹងថា៖ «កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលបង្កឲ្យមានជំងឺគ្រុនឈាមនោះ គឺការប្រែប្រួលអាកាសធាតុ និងវត្ថុមានជម្រកមូសខ្លា នៅតាមផ្ទះសំបែង ឬទីធ្លាសាធារណៈ។ តាមការវិភាគអេពីដេមីសាស្ត្រ និងការប៉ាន់ប្រមើលលើស្ថានភាពជំងឺគ្រុនឈាមរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ជំងឺគ្រុនឈាមប្រហែលជាអាចនឹងផ្ទុះឡើងវិញនៅក្នុងឆ្នាំ ២០១៩ នេះ ដែលតម្រូវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តវិធានការមានដូចខាងក្រោម ដើម្បីចៀសផុតពីភាព អាចមានការផ្ទុះឡើងនូវជំងឺ គ្រុនឈាម នៅក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ទៀត»។
សេចក្ដីប្រកាសនេះបានឲ្យដឹងថា ជំងឺគ្រុនឈាមជាជំងឺអាចកើតឡើងលើមនុស្សគ្រប់វ័យ ដែលបង្កឡើងដោយមូសខ្លាញីខាំបឺតឈាមអ្នកដែលមានវីរុសគ្រុនឈាមចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត។ មូសខ្លា កកើតកូនចៅនៅក្នុងទឹកថ្លាស្អាត និងចូលចិត្តរស់នៅជិតមនុស្ស ហើយហើរក្នុងចម្ងាយមិនលើសពី ១៥០ ម៉ែត្រពីជម្រកកកើតមូសទេ។
ជំងឺគ្រុនឈាមមានរោគសញ្ញាដូចជា ២ ទៅ ៣ ថ្ងៃក្រោយពីមូសខ្លាញីខាំ អ្នកជំងឺមានក្ដៅខ្លួនពី ៣៩ ទៅ ៤០ អង្សាសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺអុចៗក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួត ឬក្អួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម។
លោក ម៉ម ប៊ុនហេង បានឲ្យដឹងទៀតថា តាមការស្រាវជ្រាវបាណកសាស្ត្ររបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាលបានបញ្ជាក់ថា មូសខ្លាចូលចិត្តពង និងបង្កបង្កើតកូនចៅ ក្នុងសម្បកកង់ឡាន និងសម្បកកង់ម៉ូតូចាស់ៗចំនួន ១១ ដង ច្រើនជាងវត្ថុដក់ទឹក ឬដាក់ទឹកផ្សេងទៀត។
លិខិតបន្តថា នៅក្នុងខែមករា ឆ្នាំ ២០១៩ កន្លងមកនេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានធ្វើការអង្កេតបាណកសាស្ត្រនៅតាមទីតាំងដែលជ្រើសរើសសម្រាប់ធ្វើការសិក្សា និងពិនិត្យតាមដានស្ថានភាពមូសខ្លាក្នុងរាជធានីភ្នំពេញនារដូវប្រាំងនេះ ដែលលទ្ធផលបានបង្ហាញឲ្យឃើញថា មូសស្ទើរតែទាំងអស់សុទ្ធតែជាមូសអង្កាម។
លោក ម៉ម ប៊ុនហេង បានលើកឡើងក្នុងលិខិតនោះបានណែនាំថា ដើម្បីការពារសុខភាពបុគ្គលចៀសផុតពីការឆ្លងជំងឺគ្រុនឈាមដោយសារមូសខ្លាញីខាំ និងដើម្បីទប់ស្កាត់ករណីដែលអាចផ្ទុះឡើងនូវជំងឺគ្រុនឈាមក្នុងឆ្នាំ ២០១៩ នេះ ជាពិសេសបង្ការការឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាមឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានបញ្ជាក់ថា៖ «សូមអំពាវនាវ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមលុបបំបាត់ជម្រកមូសខ្លាដោយប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅជាគំរូល្អគឺ «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។
សេចក្ដីប្រកាសដដែលនេះបានឲ្យដឹងថា អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប ត្រូវកម្ចាត់ដង្កូវទឹកនៅតាមកន្លែងទឹកដក់ ឬវត្ថុសម្រាប់ដាក់ទឹកដូចជា ពាងទឹក អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ជាដើម ដោយមានការផ្លាស់ប្ដូរទឹក និងលាងសម្អាតរបស់ទាំងនោះជាប់ជាប្រចាំឲ្យបានយ៉ាងតិច ១ ដង ក្នុង ១ សប្ដាហ៍ ឬត្រូវគ្របគម្របឲ្យបានជិតល្អ និងត្រូវសហការជាមួយបណ្ដាញសុខាភិបាល ដើម្បីដាក់ថ្នាំអាបែត សម្លាប់ដង្កូវទឹក ឬចិញ្ចឹមកូនត្រី៧ពណ៌នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះសម្ភារដក់ទឹកផ្សេងៗទៀត ដែលមិនប្រើប្រាស់ទុកចោល ដូចជា សម្បក កង់ឡាន ឬម៉ូតូ សម្បកកំប៉ុង ឬដបផ្សេងៗ ត្រូវកប់ ឬដុតចោលកុំឲ្យទឹកដក់។
អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយដែលប្រកបរបរពាក់ព័ន្ធនឹងសម្បកកង់ឡាន និងម៉ូតូទាំងអស់ សូមធ្វើការគ្រប់គ្រងសម្បកកង់ទាំងនោះឲ្យមានសុវត្ថិភាពចៀសវាងការដក់ទឹក ដោយមិនត្រូវបានចោលពាសវាលពាសកាល បង្កើតបានជាប្រភពទឹកកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលជាអំណោយផលដល់ការចម្លងជំងឺគ្រុនឈាម។
វិធីក្នុងការគ្រប់គ្រង គឺដាក់គរត្រួតលើគ្នា គ្របដោយបន្ទះក្ដារជិត ឬស្បៃមុង ចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើចូល ឬចាក់ដីបំពេញ ជាពិសេសដាក់នៅក្រោមដំបូល ដើម្បីការពារកុំឲ្យមានដក់ទឹក ដែលបង្កទៅជាប្រភពកកើត និងជម្រកមូសខ្លា។
ករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗចៀសវាងការប្រើប្រាស់ពពួកឱសថអាស្ពីរីន ហើយត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត (មិនឲ្យយឺតជាង ៧២ ម៉ោង បន្ទាប់ពីក្ដៅខ្លួន) ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្ដៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅសេវាឯកជនដែលមិនមានជំនាញវិជ្ជាជីវៈផ្នែកជំងឺគ្រុនឈាមនេះឲ្យសោះ ព្រោះជំងឺគ្រុនឈាមអាចនឹងសម្លាប់អ្នកជំងឺគ្រប់ពេល។
លោក ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានថ្លែងកាលពីម្សិលមិញថាការកើនឡើងនេះ វាមិនទាន់ឈានដល់ការប្រកាសអាសន្នទេ ប៉ុន្ដែត្រូវប្រកាសឲ្យទប់ស្កាត់មុន។ ជាក់ស្ដែងនៅមន្ទីរពេទ្យកុមារជាតិ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម។
លោក អង្គាបុស្ស ថ្លែងថា៖ «យើងបានបណ្ដុះបណ្ដាលគ្រូពេទ្យដែលមានជំនាញ និងប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានការយល់ដឹងដើម្បីចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ជំងឺនេះ យើងក៏អាចចាត់ទុកថា សាហាវដែរ បើវាកើតលើខ្លួនមនុស្សណាម្នាក់ គឺយើងពិតជាបារម្ភខ្លាំង»។
លោក លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានអះអាងថា នៅក្នុងឆ្នាំ ២០១៨ មានមនុស្សកើតជំងឺគ្រុនឈាមបានកើតឡើងចំនួន ២៤ ០០០ នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ៣ នាក់។
លោក ឬទ្ធា ថ្លែងថា៖ «យើងមិនទាន់មានតួលេខពីអ្នកកើតជំងឺគ្រុនឈាមក្នុងរយៈពេលដើមឆ្នាំនេះទេ បើតាមការប៉ាន់ស្មានអាចកើនឡើង ប៉ុន្ដែយើងអាចគ្រប់គ្រងស្ថានការណ៍បានហើយយើងក៏មិនបណ្ដែតបណ្ដោយឲ្យវាកើនឡើងបន្តទៀតដែរ»។
ក្រសួងបានអំពាវនាវឲ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ ចូលរួមបន្តសកម្មភាពការពារប្រសើរជាងព្យាបាល ដើម្បីទប់ស្កាត់ការអាចផ្ទុះឡើង៕