ភ្នំពេញ:​ លោក​ ​ម៉ម​ ​ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ធ្វើ​លិខិត​ផ្លូវ​ការ​នា​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​ជូន​ដំណឹង​ដល់​ប្រ​ធាន​មន្ទីរ​សុខា​ភិបាល​រាជ​ធានី​-ខេត្ត​ទូ​ទាំង​ប្រ​ទេស​ ត្រូវ​ចាត់​វិធាន​ការ​ផ្លូវច្បាប់​ប្រ​ឆាំង​អ្នក​ប្រកប​អាជី​វកម្ម​ព្យា​បាល​ជំងឺ​ និង​ដើរ​ចាក់​ថ្នាំ​ខុស​ច្បាប់​ ​ក្រោយ​ពី​មាន​ផល​ប៉ះ​ពាល់​សុខភាព​ និង​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ។​

​យោង​តាម​សេចក្ដី​ជូន​ដំ​ណឹង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ចេញ​កាល​ពី​ថ្ងៃ​ទី​ ២៧​ ​ឧសភា ​ឆ្នាំ​ ២០១៩​ ជូន​ដំ​ណឹង​ដល់​ប្រ​ធាន​មន្ទីរ​សុខា​ភិបាល​រាជ​ធានី​-​ខេត្ត​ ​បាន​ឲ្យ​ដឹង​ថា​៖ ​«​ក្រសួង​សុខា​ភិបាល​បាន​សង្កេត​​ឃើញ​ថា នៅ​មាន​អ្នក​ប្រកប​អាជីវ​កម្ម​ព្យា​បាល​ជំងឺ ​និង​ដើរ​ចាក់​ថ្នាំ​ខុស​ច្បាប់​ បណ្ដាល​ឲ្យ​ខាត​បង់​ថវិកា​ ប៉ះ​ពាល់​ដល់​សុខ​ភាព​ និង​ឈាន​ដល់​ការ​បាត់​បង់​អាយុ​ជីវិត​ប្រជា​ពល​រដ្ឋ​ទៀត​ផង។​ ​ក្នុង​ករណី​នេះ ​ដើម្បី​ឈាន​ទៅ​ដល់​ការ​លុបបំបាត់​ទាំង​ស្រុង​នូវ​សេវា​សុខា​ភិ​បាល​ខុស​ច្បា​ប់លោកនិង​​ លោក​ស្រី​ប្រធាន​មន្ទីរ​សុខា​ភិ​បាល​រាជធានី​-​ខេត្ត​ ចាត់​ចែង​ រៀប​ចំ​ឯក​សារ​គតិ​យុត្តប្ដឹង​ទៅ​សាលា​ដំបូង​រាជ​ធានី​-​ខេត្ត​ ចំពោះ​អ្នក​ប្រកប​អាជីវ​កម្ម​ព្យាបាល​ជំងឺ ​និង​ដើរ​ចាក់​ថ្នាំ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន»។​

​នៅ​ក្នុង​ខែ​ ឧសភា​ ​ឆ្នាំ ​២​០១៩ ​នេះ ​មន្ទីរ​សុ​ខា​ភិបាល​ខេត្ត​ស្វាយ​រៀង​បាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​បាន​​​បញ្ជូន​ឈ្មោះ​មនុស្ស​​ជិត​ ៤០០​ នាក់​ ដែល​ជា​អ្នក​ប្រ​កប​អាជីវ​កម្ម​ព្យា​បាល​ជំ​ងឺ​និង​ដើរ​ចាក់​ថ្នាំ​ខុស​ច្បាប់ទៅ​តុលាការ​ ហើយ​ក្រុម​អ្នក​ប្រ​កប​អាជី​វកម្ម​បែប​នេះ​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ក៏ត្រូវ​បាន​តុលាការ​កោះ​ហៅ​បំភ្លឺ​ជា​បន្ត​បន្ទាប់។​

​លោក​ កែរ​ រដ្ឋា​ ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ស្វាយ​រៀង​ កាល​ពី​ថ្ងៃ​ទី ២១​ ខែ ឧសភា​ ​បាន​បញ្ជូន​ឈ្មោះ​គ្រូពេទ្យ​ចំនួន​ ៣៩៣ នាក់​ ដែល​ប្រកប​មុខ​របរ​រ​ក​ស៊ី​ដើរ​ចាក់​ថ្នាំ ​និង​ព្យាបាល​ជំងឺ​ប្រជា​ពល​រដ្ឋ​យ៉ាង​អនា​ធិប​តេយ្យនៅ​តាម​ភូមិ ​ស្រុក ​ដោយ​គ្មាន​សញ្ញា​បត្រ ​និង​គ្មាន​ច្បាប់​អនុ​ញ្ញាត​ពី​មន្ទីរ​សុខា​ភិបាល​ខេត្ត​ ​ឬ​ក្រសួង​សុខាភិបាល​ ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ដើម្បី​តម្កល់​ទុក​ជា​ការ​ព្រមាន​រាល់​សកម្ម​ភាព​របស់​ពួកគាត់។​

លោក​ កែវ​ វណ្ណៈ ​ប្រធាន​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​ត្បូង​ឃ្មុំ ​ក៏​បាន​ប្ដឹង​គ្រូ​ពេទ្យ​ចំនួន​ ១៤៨ ​នាក់​ ទៅ​សាលាដំបូង​ខេ​ត្ត​​ត្បូងឃ្មុំ​ដែរ​ ដោយ​តុលាការ​នៅ​ថ្ងៃទី​​ ២៦​ ឧសភា​ ​បាន​កោះ​ហៅ​គ្រូពេទ្យ​ចំនួន​ ១៧ ​នាក់ ក្នុង​ចំ​ណោម ១៤៨ ​នាក់ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវនា​ការ ​ពាក់​ព័ន្ធ​រឿង​ប្រកប​មុខ​របរ​ដើរ​ព្យា​បាល​ជំងឺ​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ដោយ​គ្មាន​ច្បា​ប់​​អនុ​ញ្ញាត​ ខណៈ​គ្រូ​ពេទ្យ​ចំនួន​ ១៣១ នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​កោះ​ហៅ​ជា​បន្ត​បន្ទាប់​តាម​បណ្ដឹង​របស់​មន្ទីរ​សុខាភិបាល​​ខេត្ត​ត្បូងឃ្មុំ។​

លោក ​អោ ​វណ្ណ​ថេ​ន ​ប្រធាន​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​កំពង់​ស្ពឺ​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែង​ថា ​លិខិត​របស់​ក្រសួង​នេះ​ គ្រាន់​តែ​​ជាសារ​ក្រើន​រំឭក​ប៉ុណ្ណោះ ​ព្រោះ​វិស័យ​សុខា​ភិ​បាល​ក៏​បាន​ច្បាប់​គ្រប់​គ្រង​ការ​ដើរ​ចាក់​ថ្នាំ​ខុស​ច្បាប់​ និង​ជួញ​ដូរ​ឱសថ​ក្លែង​ក្លាយ​រួច​ទៅ​ហើយ។​

​លោក​បន្ត​ថា​៖ «ប្រ​ហែ​ល​ជា​​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ គាត់​មើល​ឃើញ​ថា​ ថ្នាក់​ក្រោម​ហ្នឹង​ លែង​សូវ​ធ្វើ​ការ​ងារ​នេះ​ ធ្វើ​មួយ​ប្រាវ​អ៊ីចឹង​ គាត់​​ទម្លាក់​ដៃ​ចោល​វិញ ​ហើយ​បញ្ហា​ក៏​កើត​ឡើង​មក​វិញ ​អ៊ីចឹង​បាន​ជា​គាត់​រំឭក​យើង​ម្ដង​ទៀត »។​

​​លោក ​នុត ​ស៊ី​ណាត​ ប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្ត​តាកែវ ​បាន​ថ្លែង​ថា លោក​បាន​ទទួល​លិខិត​នេះ​ហើយៗ កំពុ​ង​ធ្វើ​ការ​​ប្រជុំ​គណៈ​កម្មការ​ចម្រុះដើម្បី​ធ្វើ​កា​រ​ស្រាវ​ជ្រាវ​តាម​មូល​ដ្ឋាន​ដែល​ជា​ដែន​សមត្ថ​កិច្ច​របស់​អាជ្ញាធរ​រៀងៗ​ខ្លួន។​

​លោក ​ស៊ី​ណាត​ បញ្ជាក់​ថា​៖ ​«​ខាង​ខ្ញុំ​ដើរ​ធ្វើជា​ប្រចាំ ​ប៉ុន្ដែ​យើង​គ្រាន់​តែ​ឲ្យ​គាត់​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ស​ក​ម្ម​ភាព​គាត់​ ឬ​ព្រមាន​ តែ​ឥឡូវ​នេះ​ ខាង​ក្រសួង​គាត់​បញ្ជា​មក​គឺ​ខ្ញុំ​នឹង​កោះ​ប្រជុំ​គណៈ​កម្មការ​ដើម្បី​ធ្វើ​កា​រ​ងា​រ​នេះ​ គឺ​បើ​មាន​អ្នក​នៅ​បំពាន​កិច្ច​សន្យា​ យើង​ឈប់​ឲ្យ​គាត់​ធ្វើ​កិច្ច​សន្យា​ហើយ ​គឺ​ប្ដឹង​ឡើង​តុលាការ​តែម្ដង»។​

លោក ​ស៊ឹង ​សែន​ករុណា​ អ្នក​នាំពាក្យ​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​​បាន​ថ្លែង​ថា​ តាម​ច្បាប់​រដ្ឋ​ធ​ម្ម​នុ​ញ្ញ​​របស់​កម្ពុជា ​គឺ​រដ្ឋាភិបាល​ជា​អ្នក​ធានា​ទៅ​លើ​សុខុមាល​ភាព​ពល​រដ្ឋ។​ ដូច្នេះ​ ប្រព័ន្ធ​ដឹក​នាំ គ្រប់​គ្រង​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល ​គឺ​ជា​ស្ថាប័ន​មួយ​ដែល​ធានា​ថា​ ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ត្រូវតែ​មាន​សិទ្ធិ​ទទួល​បាន​សុខុមាលភាព​ល្អ។​

លោកបន្ត​​​ថា​៖​ ​«​កន្ល​ង​​មក​យើង​ឃើញ​មាន​អ្នក​រង​គ្រោះ​ជា​ច្រើ​ន​ដោយ​សារ​ពេទ្យ​គ្មាន​ជំនាញ​វិជ្ជា​ជីវៈ​ត្រឹមត្រូវ​ ដើរ​ទៅ​ចាក់​ថ្នាំ​ ព្យា​បាល​ តាម​មូល​ដ្ឋាន​ពេញ​ទឹក​ពេញ​ដី។​ ជា​ពិសេស​ជាក់​ស្ដែង​ដូច​នៅ​ខេត្ត​បាត់​ដំបង គ្រូពេទ្យ​ភូមិ​ម្នាក់​ដើរ​ចាក់​ចម្លង​មេរោគ​អេដស៍​ចូល​ក្នុង​ខ្លួន​ព​ល​រដ្ឋ​ស្ទើ​រមួយ​ភូមិ ​អ៊ីចឹង​វា​ជា​រឿង​គ្រោះ​ថ្នាក់​ណាស់។ ​ការ​ធ្វើ​នេះ ​(វិធាន​ការរបស់​ក្រ​សួង​សុខាភិបាល) ឲ្យ​មាន​តម្លា​ភាព ត្រឹម​ត្រូវ​ កុំ​រើស​អើង​បក្ខពួកនយោបាយ​ជាដើម»៕​