ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ប្រកាស​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​លក់​ឧបករណ៍​បរិក្ខារពេទ្យ​តាម​ប្រព័ន្ធ​អនឡាញ បន្ទាប់​ពី​ពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ចំនួន ៤ កំពុង​ផ្សព្វផ្សាយ​លក់​ឧបករណ៍​បរិក្ខារពេទ្យ (ម៉ាស់) តាម​ប្រព័ន្ធ​អនឡាញ​ដោយ​ខុស​ច្បាប់ និង​មិន​គោរព​តាម​វិធាន​សុវត្ថិភាព។

យោង​តាម​សេក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ​ ឱ្យ​ដឹ​ងថា បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាំង ៤ នេះ រួមមាន​គណនី​ឈ្មោះ ១-Lito Real, ២-លក់ម៉ាស់ 3និង4 ស្រទាប់ 0965680561/0884103650 ៣-Mask Cambodia ម៉ាស់​ពេទ្យ ៤-Srey Sor។

អនុលោម​តាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ឱសថ តម្រូវ​ឱ្យ​រាល់​ការ​ចរាចរ​ផលិតផល​ឱសថ ឬ​ផលិតផល​ដែល​មាន​គុណភាព​ក្នុង​ការ​បង្ការ ឬ​ព្យាបាល​ជំងឺ ឬ​ឧបករណ៍​ បរិក្ខារពេទ្យ (ម៉ាស់) គ្រប់​ប្រភេទ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល ហើយ​ការ​លក់​ផលិតផល​ទាំង​នេះ អាច​ប្រព្រឹត្ត​ទៅ​បាន​តែ​នៅ​ក្នុង​ឱសថស្ថាន ឱសថស្ថាន​រង​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា៖ «ការ​លក់​ឧបករណ៍​បរិក្ខារពេទ្យ (ម៉ាស់) តាម​ប្រព័ន្ធ​អនឡាញ​របស់​បណ្តាញ​សង្គម​ខាង​លើ ជា​សកម្មភាព​ខុស​ច្បាប់​ដែល​ការ​លក់​ផលិតផល​ទាំង​នេះ តម្រូវ​ឱ្យ​លក់​តាម​ឱសថ​ស្ថាន ឱសថស្ថាន​រង​ស្រប​ច្បាប់ ហើយ​ត្រូវ​មាន​លេខ​ទិដ្ឋាការ ឬ​បញ្ចិកា​ពី​ក្រសួង​សុខាភិបាល ការ​លក់​ផលិតផល​ទាំង​នេះ​តាម​ប្រព័ន្ធ​អនឡាញ​វា​អាច​ជំរុញ​ឱ្យ​មាន​ផលិតផល​ក្លែងបន្លំ ឬ​អន់​គុណភាព ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ ជា​ពិសេស​ប៉ះពាល់​ដល់​សុខភាព និងសុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ»។

ក្រសួង​សុខាភិបាល​នឹង​មាន​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ខាង​លើ ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​លក់​ឧបករណ៍​បរិក្ខារពេទ្យ (ម៉ាស់) យ៉ាង​អនាធិបតេយ្យ និង​គណនី​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​បាន​នាំចូល ចែកចាយ ឬ​ផ្សព្វផ្សាយ​លក់​ឧបករណ៍​បរិក្ខារពេទ្យ (ម៉ាស់) ទៅ​តាម​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ឱសថ​ជា​ធរមាន។

លោក សៀ ថុល អនុ​ប្រធាន​នាយកដ្ឋាន​ឱសថ​នៃ​ក្រសួង​សុខាភិបាល​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១២ ខែ​ឧសភា នេះ​ថា នៅ​ពេល​ដែល​ក្រសួង​ប្រកាស​ហាម​ប្រាម​ហើយ​នៅ​តែ​ប្រព្រឹត្ត​ទៀត​នោះ​ ក្រសួង​នឹង​បន្ត​នីតិវិធី​ដោយ​សហការ​ជាមួយ​នឹង​នគរបាល​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ តាមដាន​ទៅ​រក​ម្ចាស់​ផេក​ ដើម្បី​ឃាត់​ខ្លួន​គាត់​អនុវត្ត​ទៅ​តាម​ច្បាប់។

លោក សៀ ថុល ថ្លែងថា កន្លង​មក​នេះ ក្រសួង​ធ្លាប់​មាន​វិធានការ​ទៅ​លើ​ម្ចាស់​ផេក​ដែល​មាន​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​បំប៉ន​សុខភាព​ជាដើម។ មួយ​វិញ​ទៀត​នៅ​ពេល​ដែល​ក្រសួង​ដាក់​ចេញ​វិធានការ​ហើយ ក្រសួង​នៅ​តែ​បន្ត​តាមដាន ដើម្បី​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក សៀ ថុល បញ្ជាក់​ថា៖ «នៅ​ពេល​គាត់​ផ្សព្វផ្សាយ​អនាធិបតេយ្យ​បែប​នេះ វា​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​សម្រាប់​ផលិតផល​ដែល​យើង​មិន​បាន​វាយ​តម្លៃ​ពី​សុវត្ថិភាព ប្រសិទ្ធភាព និងគុណភាព របស់​វា។ បច្ចុប្បន្ន​នេះ យើង​គិត​ពី​សុវត្ថិភាព​ជា​ដំបូង​គេ​ដល់​អ្នក​ប្រើប្រាស់»៕