ភ្នំពេញៈ ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ (nCoV-2019) ​ដែល​កំពុង​បន្ត​រាតត្បាត​នៅលើ​ពិភពលោក និង​បណ្តាល​ឲ្យ​មនុស្ស​ ៩ ​នាក់​ស្លាប់ ​គិត​ត្រឹម​ថ្ងៃ​ពុធ ទី​ ២២ ខែ​មករា​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ក្រើនរំឭក​ជូន​ដល់​ប្រជាពលរដ្ឋ​​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការបង្ការ​ការចម្លង​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដែល​អាច​កើត​មាន​ជាយថា​ហេតុ​។

លោក​បាន​ថ្លែងថា​៖ «​ដូច្នេះ​សូម​ក្រើនរំឭក​ដល់​បងប្អូន ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ថា ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វបក្សី​ឈឺ ឬ​ងាប់​កុំទៅ​ផ្សា​រលក់​គ្រឿង​សមុទ្រ​ហួណាន ឬ​ទីផ្សារ​ ឬ​កសិដ្ឋាន​ដែលមាន​សត្វ​រស់​ ឬ​សត្វព្រៃ​ ឬ​កន្លែង​ដែល​គេ​ដឹងថា មាន​វីរុស​កំពុង​ចរាចរ និង​កុំទៅ​ក្បែរ​ ឬ​ជិត​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់​​នៅ​ទីកន្លែង​ដែល​ដឹងថា មាន​ជំងឺ​ដែល​បាននិង​កំពុង​កើតមាន​ ឬ​កំពុង​ផ្ទុះ​រាតត្បាត​»​។

គិត​ត្រឹម​ថ្ងៃទី​ ២២ ខែមករា ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ (nCoV2019) ត្រូវបាន​រាយការណ៍​ថា បាន​សម្លាប់​​មនុស្ស​ចំនួន​ ៩ ​នាក់ និង​អ្នក​ផ្ទុក​វីរុស​នេះ​ចំនួន​ ៤៤០ ​នាក់ ភាគច្រើន​នៃ​អ្នកជំងឺ​គឺ​ស្ថិត​នៅ​ប្រទេស ​ចិន​។ នេះ​បើ​តាម​សារព័ត៌មាន South China Morning Post​។

លោក ម៉ម ប៊ុនហេង និង​មន្ត្រី​ពិនិត្យ​ឧបករណ៍​ស្គែន​មេរោគ​។ រូបថត FN

ក្រោយពី​ផ្ទុះ​ជំងឺ​នេះ​ដំបូង​កាលពី​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំមុន​នៅ​ទីក្រុង​ Wuhan ​ប្រទេស​ ចិន គណៈកម្មការ​ជាតិ​សុខាភិបាល​ចិន​ក៏ដូចជា អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ថា វីរុស​នេះ​បាន​រីក​សាយភាយ​ទៅកាន់​ផ្នែក​ផ្សេងទៀត​នៃ​ប្រទេស​ ចិន ដូចជា ប៉េកាំង សៀងហៃ ក្វាងចូវ និង​ហុងកុង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​ត្រូវ​បាន​គេ​រកឃើញថា បាន​ឆ្លង​ទៅកាន់​ប្រទេស​ ថៃ កូរ៉េខាងត្បូង ជប៉ុន និង​សហរដ្ឋអាមេរិក​ផងដែរ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី​ ២១ មករា ស្តីពី​បច្ចុប្បន្នភាព​នៃ​ជំងឺ​ប្រភេទ​ថ្មី​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា វីរុស​ប្រភេទ​ថ្មី​នេះ ត្រូវ​បាន​ទទួល​ស្គាល់​ថា អាច​ចម្លង​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ដូច្នេះ​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​តែ​ប្រុងប្រយ័ត្ន​ក្នុង​ការការពារ​សុខភាព​ពី​ការឆ្លង​ជំងឺ​ខាងលើ​នេះ​​ជាពិសេស​គឺ​នា​រដូវ​បុណ្យចូលឆ្នាំ​​ចិន និង​ចូលឆ្នាំ​ខែ្មរ​ដែល​កំពុង​ខិតជិត​មកដល់​។

ក្រសួង​សុខាភិបាល​បាន​បន្តថា​ «​បើទោះជា​បច្ចុប្បន្ននេះ​កម្ពុជា​មិនមាន​ករណី​ជំងឺ​ផ្តាសាយបក្សី​កើតឡើង​ទៀត និង​ពុំទាន់​រកឃើញ​​ករណី​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ក៏ដោយ​ក៏​បុគ្គល​គ្រប់រូប​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ផ្ទាល់​ខ្លួនឯង​ដែរ​»​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែងថា ប្រសិនបើ​សង្ស័យ​ថា​ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​​កូរ៉ូណា​ប្រភេទ​ថ្មី​ដោយ​មាន​គ្រុនក្តៅ ៣៨ ​អង្សាសេ និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច​ក្នុង​ចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ ចិន​ ដោយ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម ប៉ះពាល់​ជាមួយ​សត្វ​ឈឺ​ក្នុង​អំឡុង​ ១៤ ​ថ្ងៃមុន​ចេញ​រោគសញ្ញា ឬ​ដោយ​បាន​ប៉ះពាល់​ជាមួយ​អ្នកស្លាប់ ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់​មិនដឹង​អំពី​អត្តសញ្ញាណ​ (​ប្រភេទ​មេរោគ​) ​ច្បាស់លាស់​ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ 115»​។

លោកស្រី​បញ្ជាក់ថា​៖ «​ប្រសិន​បើ​មាន​ករណី​សង្ស័យ​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី លោកអ្នក​ត្រូវ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់​នៅតាម​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​បំផុត ហើយ​ត្រូវ​ជម្រាបជូន​មន្ត្រី​សុខាភិបាល​អំពី​ប្រវត្ដិ​ជំងឺ និង​ប្រវត្តិ​នៃ​ការធ្វើ​ដំណើរ​»​។

ដើម្បី​ការពារ​ការ​រាតត្បាត​នៃ​ជំងឺ​ប្រភេទ​ថ្មី​នៅ​កម្ពុជា ក្រសួង​សុខាភិបាល​បាន​អះអាងថា ក្រសួង​បាន​ដាក់​ម៉ាស៊ីន​ស្គែន​កម្ដៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​សៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និង​ស្រាវជ្រាវ​រក​ករណី​សង្ស័យ​ដោយ​ក្រុម​ចត្តាឡីស័ក​នៅ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ ព្រមទាំង​បាន​ត្រៀម​បន្ទប់​ដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ និង​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​ត្រៀម​សម្ភារបរិក្ខារ​ពេទ្យ និង​ឱសថ​ចាំបាច់ សម្រាប់​ការព្យាបាល​។

ទន្ទឹមនឹងនេះ​ក្រសួង​សុខាភិបាល​ក៏បាន​ត្រៀម​មន្ទីរពិសោធន៍​ជាតិ​រួចជាស្រេច​ផងដែរ ដើម្បី​រក​អត្តសញ្ញាណ​វីរុស​ថ្មី​នេះ​ដោយ​មាន​ក្រុម​ជំនាញ​សុខាភិបាល​ជាង ២ ០០០ ​នាក់ ​ដែល​បាន​បណ្តុះបណ្តាល​រួចជាស្រេច​ក្នុង​ការតាមដាន និង​ឆ្លើយតប​នឹង​ជំងឺ​ប្រភេទ​នេះ ប្រសិន​បើ​កើតមាន​ជាយថាហេតុ​៕

វីដេអូ៖