ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ​ចំពោះ​ការ​បរិ​ភោ​គ​ត្រី​ក្រពត​ចំនួន ៣ ​ប្រភេទ ដែល​បណ្ដាលឱ្យ​ពុល​ឈឺ​ និង​ស្លាប់​ ដែល​ការ​អំពាវនាវ​នេះ​បាន​ធ្វើឡើង​ ស្របពេល​ករណី​ពុល​ត្រី​ក្រពត​នៅតែ​បន្ត​កើតឡើង ​ថ្វី​ដ្បិត​ក្រសួង​ធ្លាប់ធ្វើ​ការណែនាំ​ ជារឿយៗ​ក្ដី។ នេះ​បើតាម​សេចក្ដី​ជូន​ដំណឹង​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ២០ កុម្ភៈ។

សេចក្ដី​ជូន​ព័ត៌មាន​នេះ​បាន​ឱ្យដឹងថា ​ចាប់ពី​ឆ្នាំ ២០១៧ ​រហូតដល់​ថ្ងៃ​ទី ១៩ ​ខែកុម្ភៈ​ឆ្នាំ ២០១៩ នេះ​ គឺមាន​ករណី​ពុល​ត្រី​ក្រពត​កើតឡើង​ចំនួន​ ៧ លើក ​នៅក្នុង​ខេត្ត​ចំនួន៤ ​ដូច​ជា​​ខេត្ត​ក្រចេះ​ កោះកុង​ សៀមរាប ​ស្របពេល​ខេត្ត​បន្ទាយ​​មានជ័យ ​បានកើត​ឡើង​ករណី​ពុល​ត្រី​ក្រពត​ជា​លើក​ទី ៣ ​កាលពី​ថៃ្ង​ទី ​១៩​ ខែកុម្ភៈ ដែល​បានធ្វើឱ្យ​គ្រួសារ​​មួយ​ពុល​ឈឺ ៥ នាក់​ និង​ស្លាប់​ម្នាក់។

ក្រសួង​សុខាភិបាល​អះអាង​ថា ​ក្នុង​ចំណោម​ករណី​ពុល​ត្រី​ក្រពត​ទាំង​ ៧ លើក​នេះ​ គឺ​បាន​ធ្វើឱ្យ​មនុស្ស​ស្លាប់​សរុប ៥ នាក់ ​និង​ពុល​ឈឺ​ចំនួន​ ៤០ នាក់។ ដើម្បី​ជាការ​រំឭក​អំពី​វិធានការ​ការពារ​កុំឱ្យ​មានករណី​ពុល​កើតឡើង​បន្ថែមទៀត​ ក្រសួង​សុខា​ភិបាល​បញ្ជាក់ថា​ ក្នុង ចំណោម​​​​​​​ត្រី​ក្រពត​ចំនួន​ ១០ ​ប្រភេទ ​គឺមាន​ ៣ ប្រភេទ​ដែល​ពុល​ ទី១ ​ប្រភេទ​ត្រី​ក្រពត​ឈ្មោះ​Tetraodon cochinchinensis ​ឬ​ហៅថា​ត្រី​ក្រពត​កូសាំង​ស៊ីន​ ទី២ Monotrete leiurus ​និង​ទី៣ Tetraodon fluviatillis។

ស្រាវជ្រាវរ​បស់​ក្រសួង ​ត្រីក្រពត​ទាំង ៣ ប្រភេទ​នេះ ​គឺមាន​ជាតិពុល​ខ្ពស់ ហើយ​នៅពេល​ជាតិពុល​ជ្រាប​ទៅ​ប៉ះ​ពាល់​ប្រព័ន្ធ​​សរសៃ​ប្រសាទ​កណ្ដាល ​គឺអាច​បណ្ដាល​ឱ្យ​ស្លាប់។ ពួក​ត្រី​ក្រពត​ទាំងនេះ​ មាន​ជាតិពុល​ខ្ពស់​បំផុត​នៅ​រដូវ​កូន​បន្ត​ពូជ ដែល​ស្ថិតនៅ​ខែកុម្ភៈ​ដល់​ខែមីនា ​និង​ស្ថិតនៅ​ច​ន្លោះ​ខែ កក្កដា​ទៅ​ខែកញ្ញា ​ហើយ​ចំពោះ​មេជី​វិត​ និង​ពង​របស់​វា​មាន​ជាតិ​ពុល​ខ្ពស់​ជាងគេ​ បន្ទាប់មក​ថ្លើម​ ពោះវៀន​ ស្បែក ​និង​សាច់។

ក្រសួង​សុខាភិបាល​ពន្យល់​ថា ​បន្ទាប់ពី​បរិភោគ​ត្រីក្រពត​ទាំងនេះ​ពី​រយៈពេល​ ២០ នាទី​ទៅ​ដល់​ ២ ម៉ោង ​គឺមាន​រោគ​សញ្ញា ​ដូចជា​រមាស់​ចាក់ៗនៅ​បបូរមាត់​ និង​មាត់​ បន្ទាប់មក​ឈឺ​ក្បាល ​វិលមុខ​ រមាស់​ចាក់ៗ​នៅ​ចុង​អវយវៈ ​មានការ​ពិបាក​និយាយ ​បាត់​លំនឹង​ដងខ្លួន​ ខ្សោយ​​សាច់ដុំ ​ខ្វិន ​ស្ពឹក​ចុងដៃ​ចុងជើង ​ក្អួត រាក ​ល្ហិតល្ហៃ​ រឹង​ថ្គាម ឬ​អាចឱ្យ​ពុល​ស្លាប់​តែម្ដង ​ហើយ​ស្ថិតក្នុង​ស្ថានភាព​ពុល​ខ្លាំង​ គឺ​ធ្វើឱ្យ​ថប់​ដង្ហើម​ស្លាប់។

ក្រសួង​អះអាង​បន្ត​ថា ​ការធ្វើឱ្យ​​ក្អួត គឺ​អាចជួយ​បញ្ចេញ​ជាតិ​ពុល​មួយចំណែក ​ហើយ​ត្រូវ​ប្រញាប់​ទៅរក​ការជួយ​សង្គ្រោះ​ជាបន្ទាន់​នៅ​មណ្ឌល​សុខភាពឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត។ លើសពីនេះ ​ជាតិពុល​ក្នុង​ត្រី​ក្រពត​ទាំងនោះ​ មិនអាច​កម្ចាត់ចោល​តាមរយៈ​ការ​ចម្អិន​ឱ្យ​ឆ្អិន ឬ​ដាក់​ឱ្យ​កក​ឡើយ។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក ​លី សូ​វ៉ាន់ ​មន្ត្រី​នាំពាក្យ​និង​លោក ​ម៉ម ប៊ុន​ហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​ ពី​ម្សិលមិញ។

លោក ​កែវ សុ​ភ័​ក្ត្រា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើក​ឡើងថា​ បន្ទាប់ពី​មាន​ករណី​ពុល​ត្រី​ក្រពត​ចុងក្រោយ​នៅ​ខេត្ត​របស់​លោក​ ក្រសួង​សុខាភិបាល​បាន​ជំ​រុញឱ្យ​មន្ត្រី​ខេត្ត​ពាក់ព័ន្ធ​ទាំងអស់​រហូត​ដល់​មេភូមិ​និង​ប៉ូលិស​ប៉ុស្ដិ៍ ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទ្រង់ទ្រាយ​ធំ ​និង​ឱ្យបាន​ទូទាំង​ខេត្ត​ ព្រោះរយៈ​កាល​កន្លងមក​អាជ្ញាធរ​ បាន​ចុះ​អប់រំ​ចំពោះ​តែ​ទីតាំង​ណា​ដែល​កើតមាន​ករណី​ពុល​ត្រី​ក្រពត​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​​ថា៖ «យើង​ផ្សព្វផ្សាយ​ពី​ថ្នាក់លើ​ដល់​ថ្នាក់​ក្រោម​ មាន​ន័យ​ថា ពី​ខេត្ត ​ក្រុង​ ស្រុក​ ភូមិ និង​តំបន់​ដាច់​ស្រ​យាល​ថែមទៀត​ តាម​បណ្ដា​ញ​របស់​ក្រសួងសុខា​ភិ​បាល ​និង​អាជ្ញាធរ​ថែម​ទៀត»។

ចំណែក​លោក ស៊ុំ ច័ន្ទ​គា មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បន្ទាយ​មានជ័យ​បាន​លើក​ឡើង​ថា​ ថ្វី​ដ្បិ​ត​កន្លងមក​មានការ​ផ្សព្វផ្សាយពី​សំណាក់​អាជ្ញាធរ​ផ្ទាល់​និង​តាម​វិទ្យុ ​កាសែត ​និង​ទូរទស្សន៍​យ៉ាង​ព្រោងព្រាត​ក្ដី ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​នៅតែ​មិន​ព្រម​ស្ដាប់​តាម​ការណែនាំ ​ហើយ​នៅតែ​បរិភោគ​ត្រី​ក្រពត​ដដែល ​ដោយ​សារ​ពួកគាត់​ចាត់ទុកថា​ ត្រី​ក្រពត​គឺជា​ប្រភេទ​ត្រី​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាង​ត្រីផ្សេងៗ​ទៀត ​ជាពិ​សេស​វា​ជាអាហារ​ដែល​អ្នក​ពិសា​ស្រា​ចូលចិត្ត​ក្លែម។

លោក​ថា៖ ​«ដល់​ពេល​ឱ្យ​តម្លៃ​អ៊ីចឹងទៅ​ធ្វើ​ឱ្យ​​​ការទប់ស្កាត់​ទប់​មិនបាន​ទាល់តែ​ខ្លួន​គាត់ (ពលរដ្ឋ)​ ហ្នឹង ដាក់​សញ្ញា​មួយ​គឺ​សញ្ញា​​ក្បាល​ខ្មោច ​នៅពេល​គាត់​ឃើញ​ត្រី​ក្រពត​ទៅ​គាត់​ខ្លាច​ញញើត​ ទើប​អាច​ទៅ​រួច។ ឱ្យ​គាត់​ខ្លាច ​(បាត់បង់)​ អាយុជីវិត​គាត់ហើយ​ត្រី​ក្រពត​ និង​អាយុ​ជីវិត​តើ​គាត់​យក​មួយ​ណា​ ឱ្យ​គាត់​ស្គាល់​តម្លៃ​អ៊ីចឹង»៕