ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង​ និង​ឱសថ​តាម​ប្រព័ន្ធ Facebook និង Online ដែល​គ្មាន​លេខ​ប្រវេទន៍ និង គ្មាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល​។

យោង​តាម​សេចក្ដី​ជូនដំណឹង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ចុង​សប្ដាហ៍​បាន​ឲ្យ​ដឹងថា ផលិតផល​គ្រឿងសម្អាង​ម៉ាក K&L និង​ឱសថ​ឈ្មោះ Auclaty 625mg ព្រម​ទាំង​ឱសថ​ជាច្រើន​មុខ​ទៀត​ដែល​គ្មាន​លេខ​ប្រវេទន៍ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​លក់​យ៉ាង​អនាធិបតេយ្យ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម Facebook និង Online​។

លោក ហេង ប៊ុនគៀត ប្រធាន​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារពេទ្យ និង គ្រឿងសម្អាង​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ដោយ​បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់ បញ្ឈប់​ការទិញ និង​ប្រើប្រាស់​នូវ​ផលិតផល​គ្រឿងសម្អាង និង​ឱសថ​អត់​ច្បាប់​ទាំងនោះ​ជាបន្ទាន់ និង ត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន អំពី​ទីតាំង ឬ​អត្តសញ្ញាណ​អ្នក​នាំចូល និង​ធ្វើ​​ចរាចរណ៍​ចែកចាយ​នូវ​ផលិតផល​ទាំងនោះ​ដើម្បី​មាន​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​។

ជាមួយ​គ្នា​នេះ​លោក ប៊ុនគៀត បាន​ព្រមាន​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ផងដែរ ចំពោះ​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ទាំងអស់​ដែល​នៅតែ​បន្ត​ការនាំចូល ផ្សព្វផ្សាយ​លក់ និង​ចែកចាយ​បន្ត​នូវ​ផលិតផល​គ្រឿងសម្អាង និង​ឱសថ​អត់​ច្បាប់​​ទាំងនោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ទាំងអស់​ដែល​បានធ្វើការ​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង និង​ឱសថ អត់​ច្បាប់​ត្រូវ​បញ្ឈប់​ការនាំ​ចូល​ផ្សព្វផ្សាយ​លក់ និង​ចែកចាយ​បន្ត​ជាបន្ទាន់​។ ក្នុង​ករណី​រឹងរូស​មិន​អនុវត្ត​តាម​សេចក្ដី​ជូនដំណឹង ក្រសួង​នឹង​ចាត់​វិធានការ​ទៅតាម​ផ្លូវច្បាប់​»​។

ម្ចាស់​គណនី​ Facebook ឈ្មោះ គឹមលាង ស្គីនឃែរ, K&L Cosmestic brand, Kimhorn Thim និង​ម្ចាស់​គណនី​ផ្សេងទៀត​ដែល​បាន​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង និង​ឱសថ​ទាំងនោះ​មិន​អាច​ទាក់ទង​ស្នើសុំ​ការពន្យល់​បាន​ទេ​កាលពី​ម្សិលមិញ​។

ថ្វីបើ​នៅក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ ក្រសួង​មិន​បាន​បញ្ជាក់​អំពី​កម្រិត​នៃ​ផលប៉ះពាល់​ផ្នែក​សុខភាព​ចំពោះ​ការប្រើប្រាស់​នូវ​ផលិតផល​គ្រឿងសម្អាង និង ឱសថ​ទាំងនោះ​ក្ដី ប៉ុន្តែ​មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស​នៃ​នាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង​គ្រឿងសម្អាង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ជាទូទៅ ផលិតផល​គ្រឿងសម្អាង និង​ឱសថ​គឺជា​អាវុធ​មុខ​ ២ ដែល​អាច​លើក​សម្រស់​អ្នក​ប្រើប្រាស់​ឲ្យ​ស្រស់ស្អាត​ជាង​វ័យ និង មាន​សុខភាព​រឹងមាំ ប៉ុន្តែ​វា​ក៏​អាច​បំផ្លាញ​រូប​សម្រស់ និង សុខភាព​របស់​អ្នក​ប្រើបាស់​ដល់​កម្រិត​ដែល​ពិបាក​នឹង​ស្រោចស្រង់​វិញ​ផងដែរ ប្រសិន​បើ​វា​ត្រូវបាន​ផ្សំ​ឡើង​ពី​សារធាតុ​ដែល​ត្រូវបាន​ហាមឃាត់ ឬ​ផ្សំ​ឡើង​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្ដង់ដា​បច្ចេកទេស​។

មន្ត្រី​បាន​ឲ្យ​ដឹងថា​៖ «​កន្លងមក គ្រឿងសម្អាង​ខុសច្បាប់​មួយចំនួន​ដែល​សមត្ថកិច្ច​ជំនាញ​យើង​បង្ក្រាប​បាន ពិសេស​គ្រឿងសម្អាង​ដែល​ធ្វើឲ្យ​ស្បែក​ស គឺ​យើង​បាន​ធ្វើ​តេស្ត​រកឃើញ​មាន​លាយ​សារធាតុ​ហាមឃាត់​ជាច្រើន​មុខ ដែល​ក្នុង​នោះ​មាន​ទាំង​សារធាតុ​បារត​ដែល​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ការកើត​ជំងឺមហារីក និង​​ជំងឺ​ផ្សេងៗ​ផងដែរ​»៕