
មន្ត្រីតាមពិនិត្យសុខភាពពលករខ្មែរកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យ ក្រោយត្រឡប់មកពីប្រទេសថៃ។ រូបថត រដ្ឋបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញៈ គិតមកដល់ពេលនេះ ពលករខ្មែរដែលបានវិលត្រលប់មកពីប្រទេសថៃសរុបចំនួន ៨១ នាក់មានវិជ្ជមានវីរុសកូវីដ១៩ ហើយអ្នកដែលបានព្យាបាលជាសះស្បើយមិនទាន់បានពាក់កណ្តាលទេ ខណៈ កម្ពុជា ចង់ឱ្យវ៉ាក់សំាងកូវីដ១៩ ដែលផ្តល់ដោយប្រទេសចិននោះ មកដល់កម្ពុជាមុនចូលឆ្នាំប្រពៃណីចិន។
ក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃទី២១ ខែមករាថា ពលករខ្មែរមកពីប្រទេសថៃចំនួន ៤ នាក់ទៀតបានរកឃើញមានវិជ្ជមានកូវីដ១៩និងអ្នកដំណើរម្នាក់ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៦ ខែមករា ដោយលទ្ធផលតេស្តវិជ្ជមាននេះជាការធ្វើតេស្តលើកទី២។
ជាមួយគ្នានេះដែរ ពលករខ្មែរចំនួន៤នាក់ បានព្យាបាលជាសះស្បើយនិងបានឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានរបស់ពួកគាត់វិញ បន្ទាប់ពីធ្វើតេស្តឃើញលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួន ២ ដង។
អ្នកនាំពាក្យនៃក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានលើកឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ទាក់ទងនឹងវ៉ាក់សាំងកូវីដ១៩ ពីប្រទសចិន ថា នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា លោក ហ៊ុន សែន ចង់ឱ្យវ៉ាក់សាំងនេះមកដល់ប្រទេសកម្ពុជាមុនពិធិបុណ្យចូលឆ្នាំប្រពៃណីចិន។
លោកស្រីបានថ្លែងថា៖ «អ្វីដែលជាជំហរនិងជាក្តីប្រាថ្នាហើយក៏ដូចជាប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាយើង លោកចង់បានឱ្យវ៉ាក់សំាងនេះមកដល់នៅមុនថ្ងៃចូលឆ្នាំចិន គឺអាចនឹងក្នុងសប្តាហ៍ទី២នៃខែកុម្ភៈខាងមុខនេះ។ ដូចនេះយើងនឹងពិនិត្យលទ្ធភាព បើសិនជាអ្វីៗអាចដំណើរការទៅដោយរលូនដោយមិនមានបញ្ហាអ្វីផ្សេងៗទៀត នោះយើងរំពឹងថាយើងនឹងអាចទទួលបាន»។
ប្រសិនបើកម្ពុជា មិនទាន់អាចទទួលបាននៅពេលនោះទេ ក៏លោកស្រី ឱ វណ្ណឌីន រំពឹងថានៅក្នុងខែមីនានេះក៏យើងអាចទទួលបានដែរ។
លោកស្រីថា៖ «និយាយឱ្យខ្លីទៅ វ៉ាក់សាំងនេះនឹងមក ប៉ុន្តែឱ្យដឹងថ្ងៃពិតប្រាកដនោះគឺយើងមិនដឹងទេ គ្រាន់តែជាពេលវេលាមួយដែលជាការចង់បានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីហើយក៏ជាការគិតគូរមួយទៀតដែលយើងត្រូវតែធ្វើការជាមួយគ្នាបន្ថែមទៀត ហើយក៏ជាការត្រៀមលក្ខណៈរួចជាស្រេចរបស់យើងដែរ»។
ទន្ទឹមនឹងនេះដែរ លោកស្រីឱ វណ្ណឌីនក៏បានពន្យល់ទាក់ទងនឹងវ៉ាក់សាំងកូវីដ១៩នេះថា នៅពេលដែលចាក់វ៉ាក់សំាងនេះចូលទៅក្នុងសរីរាង្គគឺវាបានជួយឱ្យវាយបកទៅវិញនូវការវាយលុករបស់វីរុសកូវីដ១៩នៅពេលណាដែលវិរុសកូវីដ១៩មានការវាយលុកចូលមកក្នុងសរីរាង្គរបស់អ្នកណាមួយ។
លោកស្រីថា៖ «វ៉ាក់សាំងកូវីដ១៩នេះ នៅពេលដែលយើងចាក់ចូលទៅក្នុងសរីរាង្គរបស់យើង គឺសរីរាង្គរបស់យើងនឹងបង្កើតបាននូវកងការពារសម្រាប់វាយតទល់ជាមួយនឹងវីរុសកូវីដ១៩។ នៅពេលយើងចាក់វ៉ាក់សាំងទៅ គឺនៅពេលមានការវាយចូលនូវវីរុសកូវីដ១៩ សរីរាង្គរបស់យើងមានកងការពារស្រាប់ហើយមិនធ្វើឱ្យសរីរាង្គរបស់យើងមានលក្ខណៈធ្ងន់ធ្ងរ។ នេះជាចំណុចសំខាន់ណាស់»។
លោកស្រីបានបន្តថា ការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩គឺដើម្បីជួយទៅដល់សរីរាង្គក្នុងការទប់បាន ឬ វាយឈ្នះកូវីដ១៩ ដើម្បីកុំឱ្យសរីរាង្គនោះមានការវិវត្តទៅរកសភាពធ្ងន់ធ្ងរ ដែលអាចឱ្យគ្រប់គ្នាអាចប្រកបរបររកស៊ីបានជាធម្មតាដោយមិនមានការព្រួយបារម្ភ ប៉ុន្តែ មិនមែនមានន័យថាឈប់ការពារពីវីរុសកូវីដ១៩នោះទេ។
គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ៤៥៣ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយចំនួន ៣៩២ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥៧ នាក់៕