ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាស ចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ៨៦ នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍នេះ មានរហូតទៅដល់ ១ ៧០៨ នាក់ ខណៈថ្ងៃនេះ ក៏មានអ្នកដែលបានព្យាបាលជាសះស្បើយ ចំនួន ៣៤ នាក់ផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកដែលឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សម្រាប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ភាគច្រើនកើតឡើងនៅក្នុងខេត្តព្រះសីហនុ ចំនួន ៤៣ នាក់ រាជធានីភ្នំពេញ ២៥ នាក់ ខេត្តត្បូងឃ្មុំ ៣ នាក់ ខេត្តស្វាយរៀង ៣ នាក់ ខេត្តក្រចេះ ៣ នាក់ ខេត្តព្រៃវែង ២ នាក់ ខេត្តកំពង់ចាម ២ នាក់ ខេត្តកណ្ដាល ២ នាក់ ខេត្តសៀមរាប ២ នាក់ និងខេត្តកែបម្នាក់។
គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដសរុប ចំនួន ២ ២៣៣ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយចំនួន ១ ១៦៦ នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន ១ ០៥៤ នាក់ និងមានអ្នកស្លាប់ចំនួន ១០ នាក់។
លោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកបានលើកឡើងថា លោកស្រីមានក្ដីបារម្ភចំពោះស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាដែលមិនទាន់មានភាពធូរស្រាលនៅឡើយ ប៉ុន្តែ វាកាន់តែអាក្រក់ទៅ។
លោកស្រី បានសរសេរលើ Twitter នៅថ្ងៃអាទិត្យទី ២៨ ខែមីនានេះថា៖ «ខ្ញុំសូមឱ្យមនុស្សទាំងអស់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់វិធានការរួមបញ្ចូលគ្នាត្រូវធ្វើឱ្យបានត្រឹមត្រូវ។ ជម្រើសមិនត្រឹមត្រូវគឺជាផលវិបាកនៃសោកនាដកម្មនៃការស្លាប់កាន់តែច្រើន»៕