ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃព្រហស្បតិ៍​ ទី​ ២៥ ខែ កុម្ភៈ ឆ្នាំ​ ២០២១ នេះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​​វិជ្ជមាន​កូវីដ ១៩​ បន្ថែម​ចំនួន​ ៦៥ នាក់ទៀត​ ដោយ​ក្នុង​នោះ​​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ​ ចំនួន ​៥៨ ​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកឆ្លង​ក្នុង​សហគមន៍​លើក​ទី៣​ នេះ​​កើន​ឡើង​សរុប​រហូត​ទៅដល់ ​១៩៤​ នាក់។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បាន​ឱ្យ​ដឹងថា ករណីថ្មី​ដែល​បាន​​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​​ ២០​ កុម្ភៈ ចំនួន​ ៥៨​ នាក់​នេះ ​មាន​ភាគ​ច្រើ​នជនជាតិចិន ក្រៅ​ពី​នេះមាន​ជន​ជាតិ​វៀត​ណាមចំនួន​ ៩ នាក់ ខ្មែរចំនួន​ ៥ ​នាក់ កូរ៉េ ១ ​នាក់ សិង្ហបុរី​ ១ នាក់ និងជន​ជាតិ​ជប៉ុន​ចំនួន​ ១ នាក់។

អ្នក​​ឆ្លង​កូវីដ​ទាំង​អស់​នេះ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល ​នៅ​មណ្ឌល​ចត្តាឡីស័ក​រាជ​ធានីភ្នំពេញ ដែល​សាលា​រាជ​ធានីភ្នំពេញ​បាន​សម្រេច​យក​​កន្លែង​នោះ​ដាក់​ព្យាបាល​អ្នក​ជំងឺកូវីដ​ ១៩។

ក្រសួង​សុខាភិបាលបាន​បន្តថា សម្រាប់​អ្នកជំងឺ​ជាជន​ជាតិ​ចិនចំនួន​ ៦ នាក់​ ដែល​ជា​អ្នក​ដំណើរ​ចូល​មក​កម្ពុជា ​បាន​ធ្វើ​តេស្ត​ដើម្បី​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ កាល​ពី​ថ្ងៃទី​ ២៣ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ដោយ​សារ​ពួ​ក​គាត់​មាន​បំណង​វិល​ត្រលប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​​ ប៉ុន្តែ​​​លទ្ធ​ផល​របស់​ពួក​គាត់វិជ្ជមានកូវីដ ១៩​​។

អ្នក​ជំងឺទាំង​ ៦ ​នាក់​នេះ ស្នាក់​នៅ​​ក្រុង​ព្រះ​សីហនុ ខេត្តព្រះ​សីហនុ និង​​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ។

ចំណែក​អ្នក​ជំងឺ ០១ នាក់ទៀត​ ជាអ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ គឺជា​ជន​ជាតិ​ខ្មែរ បម្រើការ​នៅ​អង្គការ​សហប្រជាជាតិ (កង​ទ័ព​មួក​ខៀវ UN) ស្នាក់នៅ​ស្រុក​កូន​មុំ ខេត្ត​រតន​គិរី។

ជាមួយ​គ្នានេះដែរ ក្រសួង​ក៏​បាន​បញ្ជាក់​ពី​អ្នក​ជំងឺ​ចំនួន​ ១៥​ នាក់ ដែល​រក​ឃើញ​​វិជ្ជមានកូវីដ ​១៩​ កាល​ពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ដោយ​ក្រុម​ការងារ​ បាន​ទទួល​យក​ពួក​គាត់​មក​ដាក់​ព្យាបាល​ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​រួច​រាល់​ហើយ​ លើក​លែង​​តែចំនួន​ ០៣ ​នាក់​ទៀត​ ដែល​ក្រុម​ការងារ​កំពុង​ស្វែង​​រក​បន្ថែម​ទៀត​។

គួរបញ្ជាក់ផងដែរថា ​អាជ្ញាធរ ​បាន​រក​ឃើញ​ទី​តាំងសរុប​ចំនួន ​៦៣​ កន្លែង​​ ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​​ ២០ កុម្ភៈ និង​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ ដែល​មានការ​​ពាក់​ព័ន្ធនឹង​​ទីតាំង​ទាំងនោះ ​មក​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​ ១៩​ ។

គិត​ត្រឹម​ថ្ងៃទី​ ២៥​ ខែ កុម្ភៈ ឆ្នាំ​ ២០២១ នេះ កម្ពុជា​​រក​ឃើញ​​អ្នក​ឆ្លង​​វីរុសកូវីដ​ ១៩ ចំនួន ​៦៩៧ នាក់ ក្នុង​នោះ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល ​មាន​ចំនួន​ ២១៧​ នាក់៕