
ព្រះសង្ឃទូងស្គរនៅវត្តបាក់ខែង (វត្តបទុមគង្គា) ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញពីថ្ងៃម្សិលមិញ ដើម្បីឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាល សម្រេចយករាជធានីភ្នំពេញ និងខេត្តចំនួន ៤ សម្រាប់កំណត់ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ នៅតំបន់នៃភូមិសាស្ត្រទាំងនោះមានការរឹតបន្តឹងខ្លាំងដោយតម្រូវឱ្យប្រជាពលរដ្ឋត្រូវតែមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
ពីម្សិលមិញនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងវាយលុកក្នុងសហគមន៍។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នៅថ្ងៃទី ២៤ មីនា ក្រសួងគូសបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹង (ពីម្សិលមិញ) នេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព»។
រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១២ ខែមីនា បានចេញអនុក្រឹត្យថ្មីស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតដែលមាន ៩ ជំពូក និង ៣៩ មាត្រាព្រមទាំងបាននិរាករណ៍អនុក្រឹត្យចាស់។ អនុក្រឹត្យនេះចែងលម្អិតអំពីវិធានការនានារាប់ចាប់ពីការធ្វើអនាម័យ ការវាស់កម្ដៅ ការពាក់ម៉ាស់ ការរក្សាគម្លាត ការយកសំណាកទៅពិនិត្យ ការធ្វើចត្តាឡីស័ក ការព្យាបាល ការចាក់វ៉ាក់សាំង ការគ្រប់គ្រង និងការចាត់ចែងសពជាដើម។
តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២ សែនរៀល ទៅ ១ លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី ១។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា កន្លងមកក្រុមកម្លាំងសន្តិសុខបានអនុវត្តជាបន្តបន្ទាប់នូវវិធានការរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងសេចក្តីជូនដំណឹងថ្មីនេះលោកថា នឹងដាក់កម្លាំងបន្ថែមដើម្បីឃ្លាំមើលសកម្មភាពមិនប្រក្រតីផ្សេងៗ។
លោកថា៖ «វិធានការទាំងចាស់ ទាំងថ្មី យើងអនុវត្តជាប្រចាំ ហើយវិធានការច្បាប់នេះ យើងនឹងអនុវត្តបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត [ព្រះសីហនុ លោក គួច ចំរើន] ជាប្រធានគណៈបញ្ជាការខេត្ត ដោយប្រើប្រាស់កម្លាំងសរុបដើម្បីអនុវត្តបន្តឹងវិធានការច្បាប់នេះ»។
ដោយឡែក លោក ហ៊ុន សែន បានសរសេរនៅលើបណ្តាញហ្វេសប៊ុករបស់លោកពីម្សិលមិញថា៖ «អរគុណបងប្អូនជនរួមជាតិដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ ១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូនក្នុងពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់»។
លោកក៏បានរំឭកជាថ្មីដល់ប្រជាពលរដ្ឋកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ប៉ុន្តែត្រូវតែពាក់ម៉ាស់ដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាត ដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតយ៉ាងហោចណាស់ ១ ម៉ែត្រកន្លះ។ លោក ហ៊ុន សែន បញ្ជាក់ថា ចំពោះអ្នកធ្វើចត្តាឡីស័កត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ព្រះសង្ឃទូងស្គរនៅវត្តបាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញពីម្សិលមិញ។ ហុង មិនា
ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឱ្យគ្រប់វត្តអារាមទាំងអស់ វាយគង ជួង រគាំង ទូងស្គរ ព្រមៗគ្នាទាំងអស់ចំនួន ៥ ដងក្នុង ១ ថ្ងៃ ដើម្បីជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទឱ្យបង្កើនការប្រុងប្រយ័ត្នដោយអនុវត្តនូវវិធានការ ៣ ការពារ និង ៣ កុំ។
អនុវត្តតាមអនុសាសន៍ណែនាំរបស់នាយករដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា បានចេញសារាចរណែនាំមួយនៅថ្ងៃទី ២៣ មីនា ស្តីពីការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាមដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ឈិត សុខុន។
ក្រសួងធម្មការលើកឡើងថា៖ «ដោយសារស្ថានភាពនៃជំងឺកូវីដ ១៩ មានការរាតត្បាតក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង សូមប្រធានមន្ទីរធម្មការ និងសាសនានៅគ្រប់រាជធានី-ខេត្ត សហការជាមួយគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសឱ្យវាយគង ជួង រគាំង ទូងស្គរ ព្រមៗគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ ៣ ការពារ និង ៣ កុំ»។
ការវាយគង ជួង រគាំង ទូងស្គរ ព្រមៗគ្នានេះនឹងចាប់ផ្តើមធ្វើពីថ្ងៃទី ២៤ ខែមីនា តទៅរហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ការវាយនេះត្រូវធ្វើឱ្យបាន ៥ ដងក្នុង ១ ថ្ងៃ តាមពេលវេលាកំណត់ គឺលើកទី១ នៅម៉ោង ៥:០០ ព្រឹក លើកទី២ នៅម៉ោង ១១:០០ ព្រឹក លើកទី៣ នៅម៉ោង ២:០០ រសៀល លើកទី៤ នៅម៉ោង ៥:០០ ល្ងាច និងលើកទី៥ នៅម៉ោង ៨:០០ យប់។
ព្រះវិបុលសត្ថា រី សាត ព្រះចៅអធិការ វត្តកេសរារាមក្នុងក្រុងសៀមរាបបានមានថេរដីកាថា ជាទំនៀមទម្លាប់ខ្មែរពីបុរាណមកដល់បច្ចុប្បន្ន ការវាយជួង និងទូងស្គរតាមវត្តអារាមនានានៅតែជាជំនឿមួយដែលព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទតែងតែជឿ និងអនុវត្តតៗមក ដើម្បីពញ្ញាក់ស្មារតីអ្នកភូមិស្រុកបានដឹងពីហេតុភេទមិនល្អ គ្រោះភ័យចោរចូលភូមិ។
ព្រះអង្គមានថេរដីកាថា៖ «ការធ្វើនេះគឺដើម្បីជាសញ្ញាបណ្តេញនូវឧបទ្រពចង្រៃផ្សេងៗរួមទាំងការអបអរសាទរនូវសមិទ្ធផលនានា ឬក៏ជោគជ័យផ្សេងៗក្នុងមូលដ្ឋានស្រុកភូមិ និងទីអារាមនានាផងដែរ»។
នៅថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២៩ នាក់បន្ថែមទៀត ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ២៧ នាក់។ គិតត្រឹមព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ កម្ពុជាមានអ្នកឆ្លងកូវីដ ១៩ សរុប ១ ៨១៧ នាក់ ក្នុងនោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ១ ២៩៣ នាក់។ អ្នកដែលត្រូវបានព្យាបាលជាសះស្បើយចំនួន ១ ០៣៣ នាក់។ អ្នកជំងឺកំពុងសម្រាកព្យាបាល ចំនួន ៧៧៧ នាក់ និងមានអ្នកស្លាប់ចំនួន ៥ នាក់៕
វីដេអូ៖