
មណ្ឌលចត្តាឡីស័ក នៅឯមណ្ឌលសុខភាពចាក់អង្រែតាមបណ្ដោយផ្លូវជាតិលេខ ២។ ហ៊ាន រង្សី
ភ្នំពេញៈ ក្រសួងសុខាភិបាលបានស្នើឱ្យអភិបាលរាជធានីខេត្តចាត់ចែងឱ្យមានកម្លាំងសមត្ថកិច្ចយាមឱ្យបានជាប់ប្រចាំនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមសណ្ឋាគារ ដើម្បីធានាដល់ការអនុវត្តវិធានការចត្តាឡីស័ក ១៤ ថ្ងៃឱ្យម៉ឺងម៉ាត់។ ការស្នើនេះបានធ្វើឡើង ខណៈកម្ពុជាប្រកាសពីជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ មិនឱ្យឆ្លងចូលក្នុងសហគមន៍នាពេលកន្លងមកនេះ។
លិខិតចុះថ្ងៃទី ២៨ សីហារបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ដោយសារការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល និងការខិតខំប្រឹងប្រែងរបស់មន្ត្រី និងបុគ្គលិកគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាអាចទប់ស្កាត់បាននូវការឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេស និងមិនទាន់មានការចូលនៅក្នុងសហគមន៍នៅឡើយ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យ ក្រុមការងារឆ្លើយតបបន្ទាន់ មន្ត្រី និងបុគ្គលិកគ្រប់ស្ថាប័នពាក់ព័ន្ធនៅទូទាំងប្រទេសបានខិតខំយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យចំនួន ១៤ ថ្ងៃចំពោះពលរដ្ឋខ្មែរ និងជនបរទេសដែលបានតម្រូវឱ្យធ្វើចត្តាឡីស័ក ក្រោយពីពួកគេបានធ្វើដំណើរមកពីក្រៅប្រទេសចូលកម្ពុជាតាមច្រកព្រំដែនគោក និងផ្លូវអាកាស។
លិខិតដដែលនេះថា៖ «ដើម្បីធានាបាននូវការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋ និងជនបរទេសដែលកំពុងធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កកម្រិត ១ កម្រិត ២ និងនៅតាមបណ្ដាសណ្ឋាគារ ដែលបានកំណត់ដោយក្រុមការងារអន្តរវិស័យដែលមានផ្នែកសុខភាព និងអាជ្ញាធរមានសមត្ថកិច្ចផងដែរនោះ។
សូមអភិបាលរាជធានីខេត្តទាំងអស់ចាត់ចែងឱ្យមានកម្លាំងសមត្ថកិច្ច ដើម្បីយាមជាប់ប្រចាំ និងឃ្លាំមើលសកម្មភាពពីខាងក្រៅមណ្ឌលចត្តាឡីស័ក ជួយការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័កទាំងអស់នៅទូទាំងប្រទេសឱ្យបានហ្មត់ចត់ជាទីបំផុត»។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា សាច់ញាតិត្រូវសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័កតាមទូរស័ព្ទ ហើយចំពោះអ្នករត់គេចពីកន្លែងធ្វើចត្តាឡីស័កគឺត្រូវប្រឈមនឹងផ្លូវច្បាប់ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន ដូចជាអនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដែលនឹងផាកពិន័យជាប្រាក់ពី ២ សែនរៀលទៅដល់ ១ លានរៀល។
ភ្នំពេញប៉ុស្ដិ៍មិនទទួលបានការបញ្ជាក់បន្ថែមពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ជុំវិញការដាក់ពង្រាយកម្លាំងសមត្ថកិច្ចយាមប្រចាំនៅតាមមណ្ឌលចត្តាឡីស័កនេះបានទេ។
កន្លងមកមានអ្នកធ្វើដំណើរតាមជើងហោះហើរដែលមានអ្នកដំណើរឆ្លងជំងឺកូវីដ ១៩ មួយចំនួនបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។ កាលពីខែកក្កដា ស្ដ្រីខ្មែរអាមេរិកាំងម្នាក់បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញរត់ទៅខេត្តកំពង់ចាម និងកាលពីខែសីហា ពលករខ្មែរមកពីប្រទេសម៉ាឡេស៊ី ២ នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័កទៅផ្ទះ និងជនជាតិវៀតណាម ២ នាក់ទៀតជាម្ដាយ និងកូន រត់ចេញពីមណ្ឌលចត្តាឡីស័កនៅព្រៃវែងមកខេត្តកំពង់ឆ្នាំងនៅពេលកំពុងរង់ចាំការធ្វើតេស្ដលើសំណាកលើកទី ១។
ក្នុងចំណោមអ្នករត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ គឺស្ដ្រីខ្មែរអាមេរិកាំង ត្រូវបានពិន័យប្រាក់ ១ លានរៀល ចំណែកពលករខ្មែរមកពីប្រទេសម៉ាឡេស៊ីចំនួន ២ នាក់ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃឡើងវិញ។ ចាប់តាំងពីថ្ងៃទី ១៥ សីហាមកដល់ពេលនេះគឺមានរយៈពេលកន្លះខែដែលកម្ពុជារាយការណ៍ថា គ្មានករណីថ្មី។ កម្ពុជារកឃើញករណីជំងឺកូវីដ១៩សរុបចំនួន ២៧៣ នាក់ដែលភាគច្រើនបំផុតគឺជាករណីនាំចូលពីក្រៅប្រទេស ហើយក្នុងនោះបានសះស្បើយកើនដល់ ២៦៥ នាក់ និងកំពុងបន្តសម្រាកព្យាបាលនៅសល់ ៨ នាក់៕
វីដេអូ៖