
រូបភាពវ៉ាក់សាំងពណ៌ក្រហមត្រូវបានហាមដោយក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសហាមទិញដូរ និងប្រើប្រាស់វ៉ាក់សាំងគ្មានលេខបញ្ជិកាពីក្រសួងចំនួន ២ ប្រភេទ មានឈ្មោះថា Abhayrab និងឈ្មោះ INDIRAB ខណៈក្រសួងបានព្រមានថា អ្នកដែលបន្តលក់ចែកចាយវ៉ាក់សាំងគ្មានច្បាប់អនុញ្ញាតទាំង ២ ប្រភេទនេះ នឹងត្រូវប្រឈមនឹងចំណាត់ការតាមផ្លូវច្បាប់។
ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃទី ៥ សីហា ថា វ៉ាក់សាំងឈ្មោះ Abhayrab និង INDIRAB ដែលគ្មានលេខបញ្ជិកាពីក្រសួងនេះ កំពុងត្រូវបានលក់ចែកចាយតាមផេចហ្វេសប៊ុកឈ្មោះឱសថស្ថាន អនឡាញខេមបូឌា និងនៅតាមផ្សារមួយចំនួនទៀតនៅក្នុងប្រទេស ហើយវ៉ាក់សាំងទាំង ២ នេះ គឺមានភាពស្រដៀងគ្នានឹងវ៉ាក់សាំងមានលេខបញ្ជិកាត្រឹមត្រូវឈ្មោះ Abhayrab និង INDIRAB ដែលត្រូវបាននាំចូល និងចែកចាយស្របច្បាប់។
សេចក្ដីប្រកាសបញ្ជាក់ថា៖ «ក្រសួងសុខាភិបាលសូមបញ្ជាក់ថា វ៉ាក់សាំងជាប្រភេទឱសថដែលតម្រូវឱ្យមានលក្ខខណ្ឌសមស្របក្នុងការស្ដុកទុក និងដឹកជញ្ជូនដើម្បីធានាគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ដូច្នោះវ៉ាក់សាំងកំពុងលក់ដោយគ្មានប្រភពច្បាស់លាស់ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល អាចបណ្ដាលឱ្យខូចគុណភាព និងប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់»។
ក្រសួងសុខាភិបាលបានបញ្ជាឱ្យមន្ទីរសុខាភិបាលតាមរាជធានីខេត្ត ត្រូវចុះប្រមូលវ៉ាក់សាំងគ្មានលេខបញ្ជិកានេះ យកទៅកម្ទេចចោល និងត្រូវចុះណែនាំគ្រប់សេវាសុខាភិបាលឯកជន និងគ្រឹះស្ថានលក់ឱសថទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ និងលក់វ៉ាក់សាំងទាំង២ប្រភេទនេះជាបន្ទាន់ ហើយប្រសិនបើជនខិលខូចនៅតែបន្តលក់ចែកចាយ នឹងត្រូវប្រឈមនឹងវិធានការតឹងរឹុងតាមផ្លូវច្បាប់។
មន្ត្រីនៅអគ្គនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា វ៉ាក់សាំង Abhayrab និង INDIRAB គ្មានលេខបញ្ជិកានេះ គឺត្រូវបានប្រើប្រាស់ដើម្បីការពារជំងឺឆ្កែឆ្កួត ប៉ុន្តែលោកថា ក្រសួងសុខាភិបាលពុំបានរកឃើញថាវ៉ាក់សាំងនេះត្រូវនាំចូលដោយអ្នកណាឬពីប្រទេសណាឡើយ។
លោកបន្តថា៖ «យើងរកមិនឃើញថា អ្នកណានាំចូលទេ បានយើងប្រកាសព័ត៌មានហ្នឹង ដើម្បីកុំឱ្យប្រជាជនទិញប្រើនិងគ្រូពេទ្យទិញប្រើ ប៉ុន្តែភាគច្រើនត្រូវបានគេលក់តាមអនឡាញ សំខាន់ប្រជាជនឈប់ទិញឱសថតាមអនឡាញ ប៉ុន្តែត្រូវទៅទិញនៅឱសថស្ថាន»។
ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន មន្ត្រីនាំពាក្យក្រសួងសុខាភិបាលបានទេនៅថ្ងៃម្សិលមិញដោយលោកស្រីថា ជាប់ប្រជុំ។
អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ផលិតផលឱសថ ១ មុខ ក្នុងចំណោម ១០ មុខ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យមនិងកម្រិតទាប គឺជាឱសថខ្វះស្ដង់ដាឬជាឱសថក្លែងក្លាយ ខណៈអង្គការនេះបញ្ជាក់ថា ជារឿយៗ ឱសថគ្មានស្ដង់ដា ឬក្លែងក្លាយទាំងនោះ តែងបរាជ័យក្នុងការព្យាបាលជំងឺឱ្យជាសះស្បើយ និងផ្ទុយទៅវិញវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងររហូតដល់ស្លាប់ជាដើម។
របាយការណ៍ពីគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយបានឱ្យដឹងថា ក្នុងឆ្នាំ ២០១៨ មានថ្នាំពេទ្យក្លែងក្លាយចំនួន ១០៦ ប្រភេទ ស្មើនឹង ៤០០ ក្រាម ត្រូវបានអាជ្ញាធរបង្ក្រាបបាន៕