ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ២២ មេសា បានសម្រេច​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ទាំងអស់ ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូវីដ១៩ ឬ​ហៅថា Rapid Antigen Test COVID-19 ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ក្រសួង​បានសម្រេច​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ក្នុង​នោះ​មាន មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុព្យាបាល និង​សម្ភព​នៅ​ទូទាំងប្រទេស អាច​ប្រើប្រាស់​នូវ Rapid Antigen Test COVID-19 បាន​ចាប់ពី​ពេល​នេះ​ទៅ។

លោក​ ម៉ម ប៊ុនហេង បញ្ជាក់ថា៖ «ដោយមាន​ការឯកភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​យោងតាម​សំណើ​របស់​សមាគម​អ្នកផ្តល់​សេវា​សុខាភិបាល ឯកជន​នៅ​កម្ពុជា កាលពី​ថ្ងៃទី ២២ ខែមេសា ក្រសួង​សុខាភិបាល​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន ស្របច្បាប់​ប្រើប្រាស់ Rapid Antigen Test Covid-19 ដែល​បានទទួល​ស្គាល់​ និង​កំពុង​ប្រើប្រាស់​ដោយ​ក្រសួង​សុខាភិបាល»។

វេជ្ជបណ្ឌិត ១ រូប​នៃ​គ្លីនិក លី ស្រីវីណា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២២ មេសា ថា ខាង​គ្លីនិក​លោកស្រី មិនទាន់​មាន​តេស្ត​នេះ​ទេ។ លោកស្រី​ទើបតែ​ទទួលបាន​ព័ត៌មាន​ពី​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​នូវ​ការតេស្ត​រហ័ស​នេះដែរ។

លោកស្រី​ថា៖ «ខ្ញុំ​មិនទាន់​ដឹងថា​យ៉ាងម៉េច​នៅឡើយ​ទេ ដោយសារ​ទើប​ទទួលបាន​ព័ត៌មាន​ថ្មី។ ប៉ុន្តែ​ប្រសិនបើ​មាន​ក៏​ខាងយើង​ចង់​ប្រើ​ដែរ តែ​នៅពេលនេះ​យើង​មិនទាន់​ដឹងថា ត្រូវ​ទៅ​ទិញ​នៅ​កន្លែង​ណា​ទេ។ យើង​ចាំមើល​តាម​បណ្តា​គ្លីនិក​ដទៃទៀត​សិន»។

កាលពី​ថ្ងៃទី ១៨ មេសា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​របស់ «សម្តេចតេជោ »បាន​ប្រើប្រាស់​នូវ​ការតេស្ត​រហ័ស​នេះ​លើ​អាជីវករ​ផ្សារ​នាគមាស ដោយ​ទទួល​បាន​លទ្ធផល​រហ័ស គឺ​ត្រឹមតែ​រយៈពេល ១៥ នាទី​ប៉ុណ្ណោះ។

ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូវីដ ១៩ ឬ​ហៅថា Rapid Antigen Test COVID-19 ដែលមានសមត្ថភាពតេស្តរកមេរោគបានរហ័ស។ រូបថត AFP

បើតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ឧបករណ៍​តេស្ត​រក​វីរុស​កូវីដ ១៩​ រហ័ស​នេះ មាន​ភាពងាយស្រួល​ក្នុង​ការតេស្ត​រក​មេរោគ​បាន​លទ្ធផល​លឿន ហើយ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​របស់​ឧបករណ៍​នេះ ត្រឹមត្រូវ​ដូច​ទៅ​នឹង​ម៉ាស៊ីន​ពិសោធន៍​ផងដែរ។

នៅ​ថ្ងៃទី ២២ មេសា ក្រសួង​សុខាភិបាល​បន្ត​រកឃើញ​អ្នក​ឆ្លង​កូវីដ១៩ រហូត​ដល់ ៤៤៦ នាក់​ថែមទៀត ដែល​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ។ ទោះ​យ៉ាងណា ក៏មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ១៣០ នាក់​ផងដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹងថា អ្នក​ដែល​បាន​ឆ្លង​ថ្មី​ទាំងអស់​នេះ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះ​រកឃើញ​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៣៣១ នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៨២ នាក់ ខេត្តកណ្តាល ២១ នាក់ ខេត្ត​តាកែវ ៥ នាក់ ខេត្ត​កំពង់ស្ពឺ ២ នាក់ និង​ខេត្ត​ស្វាយរៀង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម ព្រៃវែង មាន​ចំនួន ០១ ករណី​ដូចៗ​គ្នា។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២២ មេសា សរុប​អ្នក​ឆ្លង​កូវីដ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន ៨ ១៩៣ នាក់។ អ្នកជា​សះស្បើយ​ចំនួន ២ ៩២៤ នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន ៥ ២០៤ នាក់។ ឯ​អ្នក​ស្លាប់​មាន​ចំនួន ៥៩ នាក់៕