ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ការទិញ​ឱសថ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​តាមរយៈ​អ្នកលក់​អនឡាញ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ទន្ទឹម​គ្នា​នេះដែរ ក្រសួង​ក៏​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន បើ​នៅ​តែ​បន្ត​ផ្សាយ​លក់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

លោកស្រី ឱ វណ្ណឌីន ថ្លែង​ថា​ព្រោះតែ​និន្នាការ​បច្ចេកវិទ្យា​ទំនើប​នាពេល​បច្ចុប្បន្ន ជនខិលខូច​បាន​ឆ្លៀតឱកាស​ផ្សព្វផ្សាយ​លក់​ឱសថ និង​បរិក្ខារ​ពេទ្យ​លើ​អនឡាញ​យ៉ាង​អនាធិបតេយ្យ ដូច្នេះ​ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម គឺ​តម្រូវ​ឱ្យ​មាន​ការពិនិត្យ​ព្យាបាល​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ ដោយ​គ្រូពេទ្យ​ដែលមាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​។ ការទិញ​ថ្នាំ​មក​ព្យាបាល​ខ្លួនឯង​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព កុំ​ទិញ​ឱសថ​នោះ​ប្រើប្រាស់ ហើយ​ត្រូវ​ទៅ​ស្វែងរក​ការពិនិត្យ​ព្យាបាល​ពី​គ្រូពេទ្យ​ដែលមាន​ជំនាញ​ត្រឹមត្រូវ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ជន​ដែល​ផ្សាយ​តាម​អនឡាញ​នូវ​ឱសថ ឬ​បរិក្ខារ​ពេទ្យ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ត្រូវ​តែ​បញ្ឈប់​ជាបន្ទាន់ ហើយ​ក្រសួង​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។ ត្រូវគោរព​ច្បាប់​គ្រប់គ្រង​ឱសថ ដែលមាន​ជា​ធរមាន ដែល​គ្រប់មុខ​ឱសថ​ត្រូវ​តែ​ចុះ​បញ្ជិកា​នៅ​ក្រសួង​សុខាភិបាល ហើយ​ការផ្សព្វផ្សាយ​ឱសថ​តាម​រូបភាព​ណាក៏ដោយ​ក៏ត្រូវ​តែមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ដែរ​។ ដូច្នេះ​ពលរដ្ឋ​ត្រូវ​ចូលរួម​រាយការណ៍​មក​ក្រសួង​សុខាភិបាល​នូវ​ភាពមិន​ប្រក្រតី​ទាំងឡាយ ជាមួយ​នឹង​ប្រភព​ច្បាស់លាស់ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការស្រាវជ្រាវ និង​ចាត់វិធានការ​បាន​ទាន់ពេល​»​។

លោកស្រី​បញ្ជាក់ថា​៖ «​បើ​យើង​មិន​ជឿ និង​មិន​ទិញ គឺ​មិន​បារម្ភ​ដល់​ហានិភ័យ​សុខភាព ហើយ​អ្នកលក់​ក៏​លក់​មិន​ដាច់ យូរៗ​ទៅ​ឈប់​ឯង​ហើយ​។ ក្រសួង​ក៏​កំពុង​បន្ត​ស្រាវជ្រាវ​លើ​ករណី​ទាំងនេះ (​អ្នកលក់​ឱសថ​គ្មាន​ច្បាប់​លើ​អនឡាញ​) ជា​បណ្តើរៗ​។ កន្លងមក​ក្រសួង​ក៏​បាន​ចាត់ការ​ផាកពិន័យ និង​បិទ​បាន​មួយចំនួន​ហើយ​ដែរ​»​។

អ្នកលក់​ឱសថ​តាម​អនឡាញ​ដែលមាន គណនី​ឈ្មោះ «​ស្តេច​ឱសថ​បុរាណ​ខ្មែរ សញ្ញា​នាគរាជ​» ទីតាំងនៅ​ភ្នំពេញ​បាន​ឱ្យ​ដឹង​តាមរយៈ​សារ​បង្ហោះ​ដែលមាន​ខ្លឹមសារ​ថា អ្នក​ដែល​មាន​បញ្ហា​ជំងឺ​លើស​ជាតិស្ករ ឬ​ជំងឺ​ទឹកនោមផ្អែម​ដែល​បាន​ព្យាយាម​ព្យាបាល​ដោយ​ប្រើ​ថ្នាំបារាំង ថ្នាំខ្មែរ ថ្នាំ​ផ្សេងៗ​ទៀត​មិនបាន​ផល ឬ​ទើបនឹង​កើត​ជំងឺ​នេះ​មិន​បាច់​លេបថ្នាំ​ពេទ្យ​នាំ​តែ​ប៉ះពាល់​ដល់​គ្រឿងក្នុង​ទៅ​ថ្ងៃមុខ​នោះទេ តែ​ត្រូវ​ប្រើ​ថ្នាំបុរាណ​ខ្មែរ​ផ្សំ​ឡើង​ពី​ធម្មជាតិ​សុទ្ធសាធ​ដោយ​មិន​ប្រើប្រាស់​ជាតិគីមី ឬ​សារធាតុ​រក្សាទុក​ផ្សេងៗ​ ១០០% ​និង​មិន​ប៉ះពាល់​ដល់​សុខភាព ដែល​មាន​តម្លៃ​ត្រឹម​ ៥០ ​ដុល្លារ​ក្នុង ១ ​ឈុត ពិសា​ក្នុង​រយៈពេល ១ ​ខែ​កន្លះ​ទៅ​ ២ ​ខែ​។

លោកស្រី ជា ទូច អ្នកឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​ជា​អតីតនាយិកា​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា (Cambodia Diabetes Center) អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ប្រើប្រាស់​ឱសថ​បុរាណ​គ្រប់​ប្រភេទ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​។ បើ​ពលរដ្ឋ​មាន​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​ស្វែងរក​ពេទ្យ​ជំនាញ​ផ្នែក​វេជ្ជសាស្ដ្រ​ដើម្បី​ព្យាបាល​។

លោកស្រី​ថ្លែងថា​៖ «​មាន​ពលរដ្ឋ​ជាច្រើន​គាត់​ធ្លាប់​ទាក់ទង​មក​សួរ​ខ្ញុំ​ដែរ ខ្ញុំ​តែងតែ​ប្រាប់​គាត់​ថា កុំ​ចេះតែ​ជឿ​ហ្វេសប៊ុក​។ អ្នកលក់​ថ្នាំ​ព្យាបាល​លើ​ហ្វេសប៊ុក គ្មាន​អ្នកណា​អាច​យក​ជា​ការបាន​ទេ​។ ដូចជា​អ្នកលក់​ខ្លះ​ថា ស្លឹក​ម្រុំ​អាច​ព្យាបាល​ទឹកនោមផ្អែម​បានជា​សះ​អ្វី​នោះ គឺ​មិន​ពិត​ទេ ព្រោះ​ឱសថ​អ្វី​ក៏ដោយ​គឺ​ត្រូវមាន​កម្រិត​ត្រឹមត្រូវ​តាម​ស្ដង់ដា​វេជ្ជសាស្ត្រ មិនអាច​ចេះតែ​ប្រើៗ​បានទេ​»​។

ពលរដ្ឋ​មាន​ផ្ទុក​ជំងឺ​ទឹកនោមផ្អែម​ ២ ​នាក់ ​គឺ​លោក ម៉ូវ យ៉ុង រស់នៅ​ស្រុក​ស្អាង ខេត្ដ​កណ្តាល និង​លោក ប៉ក់ ឃី រស់នៅ​ខេត្ដ​បន្ទាយមានជ័យ​បាន​បញ្ជាក់ថា ពួកលោក​មិនដែល​ទិញ​ថ្នាំ​តាម​អនឡាញ ឬ​ហ្វេសប៊ុក​យក​មក​ប្រើ​ទេ ហើយ​តែងតែ​ទៅ​ទទួល​ថ្នាំ​បង្ការ​ជំងឺ​នេះ​ដោយ​ឥត​គិត​កម្រៃ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​ដូចជា មន្ទីរពេទ្យ​ព្រះកុសុមៈ មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ-សូវៀត​ជាដើម​៕