ភ្នំពេញៈ មន្ត្រី​ថា​នៅក្នុង​ឆ្នាំ​ ២០២០ មន្ត្រី​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គ្រោង​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​តាម​ឃុំ សង្កាត់​ទាំងអស់​ចំនួន​​ ១៦៤៨ ​នៅ​ទូទាំងប្រទេស​ស្ដីពី​ការប្រើប្រាស់​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ឃុំ​សង្កាត់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ខណៈ​ការផ្ដល់​ថវិកា​ក្នុង​ ១ ​ឃុំ​សង្កាត់​រយៈពេល​ ៣ ​ទៅ​ ៤ ឆ្នាំ​ទៀត​នឹង​កើន​ដល់​ ១០ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក ឌី សូវ៉ាន់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ឃុំ សង្កាត់​គឺ​មាន​ការកើនឡើង​ជា​រៀងរាល់​ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​ ២០២០ ​នឹង​កើន​ដល់​រង្វង់​ ៦ ​ដល់ ៧ ​ម៉ឺន​ដុល្លារ ហើយ​ក្នុង​ ២០២៣ ឬ​ ២០២៤ ​ខាងមុខ​នឹង​កើនឡើង​បន្ថែម​ទៀត​ដល់​ ១០ ​ម៉ឺន​ដុល្លារ​។

លោក​ថា​ស្របពេល​ថវិកា​ថ្នាក់ជាតិ​ទម្លាក់​ទៅ​តាម​ឃុំ​សង្កាត់​មាន​ការកើនឡើង​បែបនេះ​គឺ​ទាមទារ​ឲ្យ​មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ​តាម​ឃុំ​សង្កាត់​ទាំងអស់ ត្រូវ​មាន​សមត្ថភាព​បន្ថែមទៀត​ក្នុងការ​ប្រើប្រាស់​ថវិកា​ទាំងនោះ​ឲ្យ​ស្របតាម​នីតិវិធី​ហិរញ្ញវត្ថុ និង​នីតិវិធី​លទ្ធកម្ម​។

លោក​ សូវ៉ាន់ ថ្លែងថា​៖ «​ពាក់ព័ន្ធ​នឹង​ឃុំ សង្កាត់ ពី​មុន​យើង​ព្យាយាម​បណ្ដុះបណ្ដាល​ដែរ​គឺ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួងមហាផ្ទៃ​បាន​បណ្ដុះបណ្ដាល​រហូតមក​។ ប៉ុន្តែ​ដូច​ខ្ញុំ​បាន​លើក​អ៊ីចឹង​! តម្រូវការ​នៃ​ការប្រើប្រាស់​ថវិកា និង​សមត្ថភាព​នៃ​ការប្រើប្រាស់​ថវិកា វា​កាន់តែ​វិវឌ្ឍ​ដោយសារ​ថវិកា​កើនឡើង អ៊ីចឹង​ទាមទារ​នូវ​ (​សមត្ថភាព​មន្ត្រីឃុំ សង្កាត់​) រៀបចំ​ថវិកា​ឲ្យ​បានល្អ ការទូទាត់ ការធ្វើ​ផែនការ និង​កិច្ចលទ្ធកម្ម​ហ្នឹង​ឲ្យ​បាន​កាន់តែ​ល្អ​»​។

មន្ត្រី​រូបនេះ​បន្តថា​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​នៃ​ឆ្នាំ​ ២០២០ ​ខាងមុខ​នេះ មន្ត្រី​ទទួល​បន្ទុក​ហិរញ្ញវត្ថុ​ ១ ​ឬ​ ២ ​នាក់​នៅតាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ដែល​ត្រូវជា​ស្មៀន ឬ​ជា​ជំនួយការ​របស់​ស្មៀន​នឹង​ត្រូវ​អញ្ជើញ​មក​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ដោយ​មន្ត្រី​ជំនាញ​នៅឯ​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច​ក្នុង​រាជធានី​ភ្នំពេញ​ស្ដីពី​ជំនាញ និង​បច្ចេកទេស​ក្នុង​ការ​រៀបចំ​ផែនការ​ថវិកា ការប្រើប្រាស់​ថវិកា និង​ការទូទាត់​ថវិកា​របស់​ឃុំ​សង្កាត់ ដើម្បី​ឲ្យ​កាន់​តែ​មាន​គណនេយ្យភាព​ជាង​មុន​។

លោក កែវ ប៊ុនលី ប្រធានស្តីទី​កម្មវិធី​អភិវឌ្ឍន៍​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ចង់​ឲ្យ​ការបណ្ដុះបណ្ដាល​នា​ឆ្នាំ​ក្រោយនេះ ធ្វើ​យ៉ាងណា​ឲ្យ​ឃុំ​សង្កាត់​ទាំងអស់​ចេះ​រៀប​ផែនការ​ថវិកា និង​ការប្រើប្រាស់​ថវិកា​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​ស្រប​ទៅ​តាម​ការចង់​បាន​ជាក់ស្ដែង​របស់​ពលរដ្ឋ​តាម​ឃុំ​សង្កាត់​នីមួយៗ និង​ត្រូវ​ប្រាកដ​ថា ការអភិវឌ្ឍ​ទាំងនោះ​មាន​និរន្តរភាព​ជាង​ពេល​បច្ចុប្បន្ន​។

លោក​ ប៊ុនលី ថ្លែងថា​៖ «​និរន្តរភាព​ហ្នឹង​គឺ​មានន័យថា ជា​យុទ្ធសាស្ដ្រ​វែងឆ្ងាយ​។ ខ្ញុំ​លើក​ឧទាហរណ៍​ថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ (​ក្នុង​ឃុំ​សង្កាត់​) អ៊ីចឹង​យើង​គួរតែ​គិត​មើលថា តើ​អ្វី​ដែល​កសាង​ហ្នឹង វា​មាន​លក្ខណៈ​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដែរ​ទេ ជា​ជាង​ធ្វើ​ហើយ​ខូច ខូច​ហើយ​ធ្វើ ឬ​រើ​ចុះ​រើ​ឡើង​»​។

លោក លឹម ពីសៀក សមាជិក​ក្រុមប្រឹក្សាឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​ថវិកា​ដែល​ឃុំ​ទទួល​បាន​ក្នុង​ ១ ​ឆ្នាំៗ​ពី​ថ្នាក់ជាតិ​គឺ​បាន​ប្រើប្រាស់​ផ្ដោត​សំខាន់​តែ​ទៅលើ​ការសាងសង់​ថ្មី​ ឬ​ជួសជុល​ឡើងវិញ​ផ្លូវ​ក្រហម និង​ប្រព័ន្ធ​ប្រឡាយទឹក​។ ថវិកា​កំណត់​ដោយ​ថ្នាក់ជាតិ​សម្រាប់​ប្រគល់​ឲ្យ​ឃុំ គឺ​មិន​អាច​ប្រើប្រាស់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​ដែល​ឃុំ​បាន​ដាក់​ចេញ​ឡើយ​។ កាលពី​ឆ្នាំ​ ២០១៨-២០១៩ កន្លង​ទៅ​នេះ ឃុំ​ទទួល​បាន​ថវិកា​ជាង​ ១០០ ​លាន​រៀល ហើយ​ក្នុង​នោះ​ចំនួន​ ១១០ ​លាន​រៀល គឺ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​ប្រឡាយ​ទឹក​ថ្មី​មួយ​ខ្សែ​អស់​ចំនួន​ ១១០ ​លាន ហើយ​សេសសល់​ពី​នោះ​តិចតួច​ទៀត បង្វែរ​ទៅ​ធ្វើ​លូ​បង្ហូរ​​ទឹក​។ ក្រៅពី​ហ្នឹង គម្រោង​ផ្សេង​ទៀត​អត់​បាន​ធ្វើអី​ទេ​។

ការលើកឡើង​របស់​អ្នក​ពាក់ព័ន្ធ​ទាំងនេះ​បាន​ធ្វើ​ឡើង​នៅក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការចូលរួម​របស់​ពលរដ្ឋ​ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​អង្គារ​ក្នុង​សប្ដាហ៍​ទី​ ៣ ខែ​កញ្ញា​ក្នុង​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​ ២ រាជធានី​ភ្នំពេញ​។ វេទិកា​នេះ​រៀបចំ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ (NGO Forum) និង​អង្គការ​ពាក់ព័ន្ធ​នានា​មួយ​ចំនួន​ទៀត​ហើយ​មានការ​ចូលរួម​ពី​តំណាង​ធនាគារ ADB តំណាង​សហភាព​អឺរ៉ុប​មន្ត្រីឃុំ​សង្កាត់ និង​និស្សិត​សរុប​ប្រហែល ២០០ ​នាក់​។ ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ទិសដៅ​នាពេល​អនាគត​ក្នុង​ការបន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​៕