ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្ដីណែនាំថ្មីស្ដីពីការអនុវត្ដអត្រាពន្ធលើប្រាក់បៀវត្សរ៍សម្រាប់សហគ្រាសដែលជាអ្នកជាប់ពន្ធដែលមានកាតព្វកិច្ចកាត់ទុក និងបង់ពន្ធលើប្រាក់បៀវត្សរ៍ត្រូវអនុវត្ដអត្រាកំណើនថ្មីចំពោះប្រាក់បៀវត្សរ៍ ដែលបើកជូននិយោជិតចាប់ពីខែកុម្ភៈ ឆ្នាំ ២០២០ តរៀងទៅ និងត្រូវដាក់លិខិតប្រកាសពន្ធប្រចាំខែនីមួយៗយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់។
សេចក្ដីណែនាំដែលចេញដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ២៣ ខែមីនា ស្ដីពីការអនុវត្ដអត្រាពន្ធលើប្រាក់បៀវត្សរ៍ថ្មីនេះបានអនុលោមតាមមាត្រា ៥ នៃអនុក្រឹត្យលេខ ៩ ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ដីពីតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សរ៍ជាប់ពន្ធប្រចាំខែរបស់រាជរដ្ឋាភិបាល។
សេចក្ដីណែនាំនេះបានបញ្ជាក់រយៈពេលអនុវត្ដ និងអត្រាកំណើនតាមថ្នាក់ថ្មីថា៖ «គ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គការនានា ដែលមានកាតព្វកិច្ចកាត់ទុក និងបង់ពន្ធលើប្រាក់បៀវត្សរ៍ត្រូវអនុវត្ដអត្រាកំណើនតាមថ្នាក់ថ្មីចំពោះប្រាក់បៀវត្សរ៍ដែលបើកជូននិយោជិតចាប់ពីខែកុម្ភៈ ឆ្នាំ ២០២០ តរៀងទៅដែលនឹងត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធប្រចាំខែនីមួយៗយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់»។
សេចក្ដីណែនាំនេះបានបង្ហាញតារាងអត្រាកំណត់តាមថ្នាក់ថ្មីមានដូចជាភាគបៀវត្សរ៍ជាប់ពន្ធប្រចាំខែចាប់ពី ០ រៀល ដល់ ១ ៣០០ ០០០ រៀលអត្រាពន្ធ ០ ភាគរយ។ ចាប់ពី ១ ៣០០ ០០១ រៀលដល់ ២ ០០០ ០០០ រៀល អត្រាពន្ធ ៥ ភាគរយ។ ចាប់ពី ២ ០០០ ០០១ រៀល ដល់ ៨ ៥០០ ០០០ រៀល អត្រាពន្ធ ១០ ភាគរយ។ ចាប់ពី ៨ ៥០០ ០០០ រៀល ដល់ ១២ ៥០០ ០០០ រៀល អត្រាពន្ធ ១៥ ភាគរយ និងលើសពី ១២ ៥០០ ០០០ រៀល អត្រាពន្ធ ២០ ភាគរយ។
សេចក្ដីណែនាំនេះបញ្ជាក់ទៀតថា ផ្អែកលើការបង្ហាញភ័ស្ថុតាងនៃស្ថានភាពគ្រួសារ មន្ដ្រីរាជការគ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិតដែលមានបន្ទុកចិញ្ចឹមកូន ប្ដីឬប្រពន្ធត្រូវបានអនុញ្ញាតឱ្យកាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរ៍ចំពោះកូនក្នុងបន្ទុក និងសហព័ន្ធជាមេផ្ទះក្នុងម្នាក់ៗ ១៥០ ០០០ រៀលក្នុង ១ ខែ។ ការកាត់បន្ថយនេះធ្វើឱ្យមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរ៍កាន់តែទាបដែលនាំឱ្យមន្ដ្រីរាជការគ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូនប្ដី ឬប្រពន្ធ និងដែលមានប្រាក់បៀវត្សរ៍ក្នុងរង្វង់ពី ១ ៣០០ ០០១ រៀលដល់ ២ ០០០ ០០០ រៀល (ប្រមាណពី ៣២៥ ទៅ ៥០០ ដុល្លារអាមេរិក) អាចនឹងរួចផុតពីការបង់ពន្ធលើប្រាក់បៀវត្សរ៍។
យោងតាមមាត្រា ៤២ ថ្មីនៃច្បាប់ស្ដីពីសារពើពន្ធពាក្យ «ប្រាក់បៀវត្សរ៍» សំដៅដល់បៀវត្សរ៍លាភការ ប្រាក់បំណាច់បុព្វលាភប្រាក់ម៉ោងបន្ថែមប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្មភាពការងារ។
លោក គឹម សុភៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលមិញសុំមិនធ្វើការអត្ថាធិប្បាយបន្ថែមជុំវិញសេចក្ដីណែនាំនេះដោយប្រាប់ឱ្យបញ្ជាក់ព័ត៌មានបន្ថែមទៅមន្ដ្រីជំនាញលោក រាម រដ្ឋា ប្រធាននាយកដ្ឋានកិច្ចការងារទូទៅនៃអគ្គនាយកដ្ឋានពន្ធដានៃក្រសួងសេដ្ឋកិច្ច។ ប៉ុន្ដែទូរស័ព្ទលោក រដ្ឋា ពុំមានអ្នកទទួលឡើយ។
ក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨ បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្ដអត្រាពន្ធលើប្រាក់បៀវត្សរ៍នេះដែរដោយកាលនោះក្រសួងបានឱ្យគ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធនិវាសនជនស្ថាប័នរដ្ឋ និងអង្គការនានាដែលមានកាតព្វកិច្ចកាត់ទុក និងបង់ពន្ធលើប្រាក់បៀវត្សរ៍ ត្រូវអនុវត្ដអត្រាកំណើនតាមថ្នាក់ថ្មីចំពោះប្រាក់បៀវត្សរ៍ ដែលបើកជូននិយោជិតចាប់ពីខែមករា ឆ្នាំ ២០១៨ តរៀងទៅនឹងត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធប្រចាំខែនីមួយៗយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់ដូចគ្នា។
ប៉ុន្ដែសេចក្ដីណែនាំកាលពីឆ្នាំ ២០១៨ បានបង្ហាញតារាងអត្រាកំណត់តាមថ្នាក់ថ្មី ប្រាក់បៀវត្សរ៍ជាប់ពន្ធប្រចាំខែដែលចាប់ពី ០ រៀលរហូតដល់ ១ ២០០ ០០០ រៀល អត្រាពន្ធ ០ ភាគរយ។ ចាប់ពី ១ ២០០ ០០១ រៀលដល់ ២ ០០០ ០០០ រៀលអត្រាពន្ធចំនួន ៥ ភាគរយ។ ចាប់ពី ២ ០០០ ០០១ រៀលដល់ ៨ ៥០០ ០០០ រៀលអត្រាពន្ធ ១០ ភាគរយ។ ចាប់ពី ៨ ៥០០ ០០០ រៀលដល់ ១២ ៥០០ ០០០ រៀល អត្រាពន្ធ ១៥ ភាគរយ និងលើសពី ១២ ៥០០ ០០០ រៀល អត្រាពន្ធ ២០ ភាគរយ៕