ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​សារាចរ​ណែនាំ​ស្ដីពី​ការធ្វើ​វិចារណកម្ម និង​ការពង្រឹង ប្រសិទ្ធភាព​ចំណាយ​ថវិកា​ថ្នាក់ជាតិ​ឆ្នាំ ២០២១ បន្ទាប់ពី​វិធាន​នៃ​ការបិទ​ខ្ទប់​នៅ​ទីតាំង​ភូមិសាស្ត្រ​មួយចំនួន​កំពុង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ជាទូទៅ​ដល់​ក្របខ័ណ្ឌ​ច្បាប់​ថវិកាជាតិ​ឆ្នាំ ២០២១។

សារាចរ​ណែនាំ​ថ្មី ចុះ​ថ្ងៃទី ៥ ខែឧសភា របស់​ក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងពេល​នៃ​ការផ្ទុះ​រីករាលដាល​នូវ​ជំងឺ​កូវីដ ១៩ ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ឆ្នាំ ២០២១ ដែល​ឈានទៅ​អនុវត្ត​វិធានការ​បិទខ្ទប់​នៅ​ទីតាំង​ភូមិសាស្ត្រ​មួយចំនួន កំពុង​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ដល់​ក្របខ័ណ្ឌ​ច្បាប់​ថវិកាជាតិ​ឆ្នាំ ២០២១ ជាទូទៅ។

ចំពោះ​វិបត្តិ​នេះ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​ធ្វើ​វិចារណកម្ម​ចំណាយ​ថវិកា​ឡើងវិញ ក្នុង​បុព្វហេតុ​សន្សំ ធនធាន ដើម្បី​បង្វែរ​ថវិកា​មក​ដោះស្រាយ​បញ្ហា​ជា​អាទិភាព​នាពេល​បច្ចុប្បន្ន ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ទប់ទល់​ផលប៉ះពាល់​អវិជ្ជមាន​មក​លើ​សង្គម​សេដ្ឋកិច្ចកម្ពុជា។

ក្នុងន័យនេះ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក៏​បាន​ណែនាំ​ដល់​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាលកណ្ដាល គ្រឹះស្ថានសាធារណៈរដ្ឋបាល និង​អង្គភាព​ជា​ក្រុមប្រឹក្សា អាជ្ញាធរ និង​គណៈកម្មាធិការ​របស់​រាជរដ្ឋាភិបាល​នូវ​វិធានការ​សម្រាប់​អនុវត្តការ​ធ្វើ​វិចារណកម្ម និង​ពង្រឹង​ប្រសិទ្ធភាព​ចំណាយ​ថវិកា​ឆ្នាំ ២០២១ នេះ​ដែរ។

លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើង​ក្នុង​សារាចរ​ណែនាំ​នេះ​យ៉ាង​ដូច្នេះ​ថា ការធ្វើ​វិចារណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​ដែល​បាន​ដាក់ចេញ​នេះ​ត្រូវ​បាន​គិតគូរ​រៀបចំ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការធានា​ប្រក្រតីភាព​នៃ​ស្ថាប័នរដ្ឋ និង​រក្សា​លំនឹង​ជីវភាព​ប្រជាជន។

លោក​បន្តថា ទន្ទឹម​នឹងនេះ ការសន្សំ​ធនធាន​ថវិកា ក៏​ដើម្បី​បង្វែរ​ទៅ​បំពេញ​ឲ្យ​បាន នូវ​សេចក្តី​ត្រូវការ​ចាំបាច់ និង​បន្ទាន់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ពិសេស​ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​បិទខ្ទប់​នៅ​ទីតាំង​ភូមិសាស្ត្រ​មួយចំនួន​ផងដែរ។

លោក​បញ្ជាក់ថា៖ «ដើម្បី​បង្កើន​សុវត្ថិភាព និង​ដោះស្រាយ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ។ គ្រប់​ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ រដ្ឋបាល​ពាក់ព័ន្ធ និង​អង្គភាព​ក្រោម​ឱវាទ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ត្រូវអនុវត្ត​សារាចរ​ណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ»។

តាម​សារាចរ​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច គឺ​តម្រូវ​ឲ្យ​ក្រសួង ស្ថាប័ន​មួយចំនួន ត្រូវធ្វើ​វិចារណកម្ម​លើ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់ជាតិ​យ៉ាងហោច​ណាស់ ៥០ ភាគរយ​នៃ​ឥណទាន​អនុម័ត និង​វិចារណកម្ម​ចំណាយ​មូលធន​ថវិកា​ថ្នាក់ជាតិ ដោយ​ត្រូវ​កាត់​ព្យួរ​ប្រមាណ ១១ ភាគរយ​នៃ​កញ្ចប់​ឥណទាន​រួម។

យ៉ាងណាក្តី សារាចរ​នេះ​ក៏​បាន​លើកលែង​សម្រាប់​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរជំនាញ​រាជធានី ខេត្ត​ទាំងអស់​ដែល​កំពុងមាន​ភារកិច្ច​ច្រើន​ក្នុង​ដំណាក់កាល​ប្រយុទ្ធប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ព្រមទាំង​ផ្តល់​ការលើកលែង​វិចារណកម្ម​ថវិកា​ចំណាយ​ចរន្ត​របស់​ក្រសួង​សុខាភិបាល ក្រសួង​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ (ផ្នែក​សន្តិសុខ​សាធារណៈ)។

ការលើកលែង​នេះ​ដោយ​សំអាងថា ស្ថាប័ន​ទាំងនេះ​បាននិង​កំពុង​ចូលរួម​ផ្ទាល់ ក្នុង​សកម្មភាព​ទប់ស្កាត់ ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ហើយ​ស្ថាប័ន​ទាំង ៣ នេះ ក៏​អាច​ធ្វើ​និយ័តកម្ម​ឥណទាន​ផ្ទៃក្នុង​ឲ្យ​អស់​លទ្ធភាព​តាម​នីតិវិធី​ហិរញ្ញវត្ថុ​ជា​ធរមាន ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់ ផ្នែក​អន្តរាគមន៍​ទៀតផង។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​និយាយថា ការដែល​ក្រសួង​ធ្វើ​វិចារណកម្ម ចំណាយ​ថវិកា​ថ្នាក់ជាតិ​យ៉ាង​ដូច្នេះ គឺ​បង្ហាញ​ថា រដ្ឋាភិបាល ពិតជា​កំពុង​មាន​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​ជាខ្លាំង​ក្នុង​ការទប់ស្កាត់​វិបត្តិ​នេះ ហើយ​ជាពិសេស​នោះ​គឺ​ការចំណាយ​ទៅលើ​ការព្យាបាល និង​ប្រយុទ្ធ​ប្រឆាំង​ផ្សេងៗ​ទៀត​ទៅនឹង​ជំងឺ​កូវីដ។

លោក ប៉ា ច័ន្ទរឿន បារម្ភ​ថា ការកាត់បន្ថយ​ខ្ទង់ចំណាយ​ទៅលើ​ក្រសួង​ទាំងអស់នេះ គឺ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​គុណភាព លទ្ធភាព និង​សកម្មភាព ព្រមទាំង​ផ្នែក​សេវាកម្ម ដែល​ក្រសួង​ទាំងនោះ​ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ ខណៈ​ការកាត់បន្ថយ​ចំណាយ​នេះ មិន​ត្រឹមតែ​ធ្វើឲ្យ​សង្គម​ទាំងមូល​រង​ផលប៉ះពាល់​ពី​វិបត្តិ​កូវីដ ១៩ ប៉ុណ្ណោះ​ទេ គឺ​ធ្វើឲ្យ​ក្រសួង​មួយចំនួន​មិន​អាច​មាន​លទ្ធភាព​បំពេញ​ការងារ​ឲ្យ​បាន​ពេញលេញ​តាម​ការគ្រោងទុក៕