ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់អ្នកជាប់ពន្ធថ្មីក្នុងវិស័យចំនួន ៤ ដែលនឹងត្រូវអនុវត្តនៅទូទាំងប្រទេស ចាប់ពីឆ្នាំ ២០២១ តទៅដែលក្រសួងអះអាងថា ការកំណត់យ៉ាងដូច្នេះ ដើម្បីធានាឱ្យការប្រមូលចំណូលពន្ធគ្រប់ប្រភេទទទួលបានប្រសិទ្ធភាពខ្ពស់។
ប្រកាសស្ដីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា វិស័យទាំង ៤ ដែលនឹងជាប់កាតព្វកិច្ចបង់ពន្ធតាមរបបស្វ័យប្រកាសនេះ រួមមានវិស័យកសិកម្ម វិស័យឧស្សាហកម្មវិស័យសេវាកម្ម និងពាណិជ្ជកម្មដោយផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យនីមួយៗ។ «ប្រកាសនេះមានគោលបំណងកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដើម្បីឱ្យមានសង្គតិភាពក្នុងការគ្រប់គ្រងការប្រមូលចំណូលពន្ធគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពតម្លាភាព និងសមធម៌ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា»។
តាមការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបរស្វ័យប្រកាសក្រសួងសេដ្ឋកិច្ចឱ្យដឹងថា អ្នកជាប់ពន្ធត្រូវបានចាត់ជា ៣ ថ្នាក់ ដូចជា អ្នកជាប់ពន្ធតូចគឺសំដៅលើសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លាន ដល់ ១ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម ឬមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លាន ដល់ ១ ៦០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម និងសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិ ដែលមានផលរបរក្នុងរយៈពេល ៣ ខែជាប់គ្នាខាងមុខចាប់ពី ៦០ លានរៀលឡើងទៅ។
ចំពោះអ្នកជាប់ពន្ធមធ្យម ក្រសួងឱ្យដឹងថា សម្រាប់បុគ្គលដែលមានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ៨ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម ឬឧស្សាហកម្មព្រមទាំងសហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គលការិយាល័យតំណាង ស្ថាប័នរដ្ឋសមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងជាបេសកកម្មទូត កុងស៊ុលបរទេសជាដើម។
ក្រៅពីអ្នកជាប់ពន្ធតូច និងមធ្យមនេះក្រសួងថា៖ «ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្តែងរបស់អ្នកជាប់ពន្ធទេនោះអគ្គនាយកដ្ឋានពន្ធដារមានសិទ្ធិធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធឡើងវិញ ដោយផ្អែកលើតម្លៃទ្រព្យសកម្ម ដែលបានប្រើប្រាស់ក្នុងអាជីវកម្មរបស់សហគ្រាសនីមួយៗ»។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ក្នុងលិខិតថា ការធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធឡើងវិញ ដោយផ្អែកលើតម្លៃទ្រព្យសកម្មនេះគឺបែងចែកជា ៣ ផ្នែកទៅតាមអ្នកជាប់ពន្ធតូច មធ្យម និងអ្នកជាប់ពន្ធធំ។ លោកបញ្ជាក់ថា៖ «អ្នកជាប់ពន្ធតូច មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លានរៀល ដល់ ១ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម និងអ្នកជាប់ពន្ធតូចមានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លានរៀល ដល់ ២ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម»។
ចំណែកអ្នកជាប់ពន្ធមធ្យមលោកបញ្ជាក់ថា៖ «មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ១០០០ លានរៀល ដល់ ២ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម ឬមានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២ ០០០ លានរៀល ដល់ ៤ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម»។ សម្រាប់អ្នកជាប់ពន្ធធំលោក ព័ន្ធមុនីរ័ត្ន ឱ្យដឹងថា គឺសម្រាប់សហគ្រាសដែលមានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២ ០០០ លានរៀលដល់ ៤ ០០០ លានរៀលឡើងទៅ សម្រាប់វិស័យទាំង ៤ នេះ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាថ្លែងពីម្សិលមិញថា ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនេះគឺជារឿងមួយដែលល្អដើម្បីឈានទៅរកការប្រមូលពន្ធចូលរដ្ឋឱ្យបានកាន់តែប្រសើរ។
ប៉ុន្តែលោកយល់ថា ក្នុងអំឡុងពេលវិបត្តិកូវីដ និងការទទួលរងនូវវិបត្តិជាច្រើន ដូចជាការដក EBA ការបាត់ GSP និងលក្ខខណ្ឌអំណោយផលជាច្រើនទៀតដល់សេដ្ឋកិច្ចរដ្ឋាភិបាល គួរតែផ្តល់ហិរញ្ញវត្ថុបន្ថែមដើម្បីធានាដល់ដំណើរការអាជីវកម្មទាំងនេះ ចៀសវាងបិទទ្វារធ្វើឱ្យកម្មករដែលពឹងអាស្រ័យលើវិស័យទាំងនេះប្រមាណ ៩០ ភាគរយ អាចនឹងប្រឈមនឹងអត់ការងារធ្វើ។
«ខ្ញុំមិនហ៊ានសន្និដ្ឋានឱ្យក្រសួងពន្យារពេល ឬមិនពន្យារពេលនៃការប្រមូលពន្ធលើវិស័យទាំងនេះនោះទេ ប៉ុន្តែគួរតែមានការសិក្សាឱ្យច្បាស់ពីផលប៉ះពាល់។ បើសិនក្រុមហ៊ុនតូច និងមធ្យមគាត់ត្រូវបានទទួលបន្ទុកធ្ងន់ធ្ងររហូតដល់គាត់មិនមានលទ្ធភាពដំណើរការទៅមុខបាន វាអាចប៉ះពាល់ទៅលើពលរដ្ឋយើង»៕