ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញវិធានការមួយដ៏តឹងរ៉ឹងមិនឱ្យបុគ្គលិកក្រោមឱវាទរបស់ខ្លួនទាំងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចូលរួមធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនៅថ្ងៃចន្ទនោះឡើយដោយគូសបញ្ជាក់ថាការស្លៀកពាក់ខ្មៅជាសកម្មភាពអនាធិបតេយ្យបណ្តាលឱ្យមានបដិវត្តន៍ពណ៌ប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរ។
សង្គមស៊ីវិលបានចាត់ទុកវិធានការរបស់ក្រសួងសេដ្ឋកិច្ចនេះថាធ្វើឲ្យប៉ះពាល់ដល់សេរីភាពរបស់មន្ត្រីរាជការ។
ការដាក់ចេញវិធានការនេះស្របពេលដែលក្រុមសហគមន៍ដីធ្លី និងបុគ្គលិកអង្គការមួយចំនួនប្តេជ្ញាបន្តស្លៀកពាក់ខ្មៅនៅរៀងរាល់ថ្ងៃចន្ទដើម្បីបង្ហាញពីការខកចិត្តចំពោះតុលាការដែលបានចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក ៤ រូប និងមន្ត្រី គជប ១ រូបពាក់ព័ន្ធនឹងសំណុំរឿងនាង ស្រីមុំ ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា។
ក្នុងសេចក្តីជូនដំណឹងមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការបង្ការ និងទប់ស្កាត់យុទ្ធនាការស្លៀកពាក់ខ្មៅក្នុងក្រសួងសេដ្ឋកិច្ចចុះថ្ងៃទី ២៥ ខែឧសភា បានលើកឡើងថារដ្ឋាភិបាលកម្ពុជាបានចាត់ទុកយុទ្ធនាការស្លៀកពាក់ខ្មៅជាសកម្មភាពអនាធិបតេយ្យដែលអាចបណ្តាលឱ្យមានបដិវត្តន៍ពណ៌ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ សន្តិសុខ និងសាមគ្គីផ្ទៃក្នុងរបស់កម្ពុជា។
លិខិតបន្តថាការដឹកនាំការញុះញង់ ការអូសទាញ ការគាំទ្រ និងការចូលរួមយុទ្ធនាការស្លៀកពាក់ខ្មៅជាអំពើល្មើសដែលអាចឈានដល់ការផ្តន្ទាទោសដាក់ពន្ធនាគារអនុលោមតាមច្បាប់របស់កម្ពុជាដែលមាន។
ក្រសួងបញ្ជាក់ថា៖ «ដើម្បីបង្ការ និងទប់ស្កាត់យុទ្ធនាការស្លៀកពាក់ខ្មៅ ក្រសួងដាក់ចេញនូវវិធានការ និងណែនាំដល់អគ្គលេខាធិការដ្ឋាន អគ្គនាយក និងគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទឱ្យបង្កើនការគ្រប់គ្រង ពង្រឹងវិន័យ និងត្រួតពិនិត្យមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យបានម៉ឺងម៉ាត់ដើម្បីបង្ការបញ្ចៀសការអូសទាញក្នុងយុទ្ធនាការស្លៀកពាក់ខ្មៅ»។
ក្រសួងសង្កត់ធ្ងន់ថា៖ «ក្នុងករណីសង្កេតឃើញមានបុគ្គលិក ឬមន្ត្រីរាជការក្រោមឱវាទចូលរួមយុទ្ធនាការនេះថ្នាក់ដឹកនាំត្រូវរាយការណ៍ជាបន្ទាន់មកនាយកដ្ឋានបុគ្គលិកដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន»។
ភ្នំពេញប៉ុស្តិ៍មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីមន្រ្តីនៅក្រសួងសេដ្ឋកិច្ចបានទេកាលពីម្សិលមិញ។
ប្រធានបចេ្ចកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ឃើញថាវិធានការរបស់ក្រសួងសេដ្ឋកិច្ចនេះជាការបំបិទសិទ្ធិសេរីភាពពួកគេ។
លោកថា៖ «ខ្ញុំថាជាលក្ខណៈប៉ះពាល់សេរីភាពបុគ្គលទូទៅពីព្រោះក្នុងច្បាប់គេមិនហាមទេរឿងពាក់ស ពាក់ខ្មៅយើងមិនអាចយកបញ្ហាយុទ្ធនាការពណ៌ ខ្មៅ ថ្ងៃចន្ទ ទៅហាមឃាត់រាល់បុគ្គលិកដែលគាត់ស្លៀកពាក់ខ្មៅនោះទេពីមុនមកគាត់ក៏ស្លៀកពាក់អ៊ីចឹង»។ «ការពិតទៅបើគាត់ស្លៀកខ្មៅទៅធ្វើការដូចជាមិនមែនជាការចូលរួមយុទ្ធនាការនោះទេព្រោះជាការស្ម័គ្រចិត្តជាទម្លាប់ការពេញចិត្តរបស់គាត់ព្រោះអត់មានច្បាប់ហាមនិយាយទៅកុំឱ្យតែធ្វើអ្វីឱ្យខុសច្បាប់»។
លោកសំអាតក៏បានបញ្ជាក់ផងដែរថាសង្គមស៊ីវិលមិនដែលទៅញុះញង់ឱ្យមន្ត្រីរាជការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនោះទេ។
លោកបន្តថា៖ «ខ្ញុំជឿថាមនុស្សគ្រប់រូបជាពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅគាត់យល់ហើយអំពីសិទ្ធិសេរីភាពរបស់គាត់ហើយគ្មានអ្នកណាទៅកៀរគរបានទេ។
តំណាងសហគមន៍ដីធ្លីបឹងកក់អ្នកស្រី ទេព វន្នី បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថាក្រុមសកម្មជនដីធ្លីរបស់អ្នកស្រីប្រកាន់ជំហរស្លៀកពាក់ខ្មៅនៅរៀងរាល់ថ្ងៃចន្ទដដែលបើទោះបីជាមានការរំខានពីអាជ្ញាធរយ៉ាងណាក៏ដោយ។
អ្នកស្រីបានបញ្ជាក់ថា៖ «សហគមន៍ខ្ញុំនៅតែធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅពុំមានការកែប្រែទេដោយមានមនុស្សចូលរួមប្រមាណ ១០០ នាក់ដោយកម្មវិធីនេះចាប់ពីម៉ោង ៥ ដល់ម៉ោង ៧ យប់ដោយមានសរសេរស្លាកទាមទារឲ្យដោះលែងអ្នកទោសមនសិការលើប៉េងប៉ោងបន្ទាប់ពីការស្រែកទាមទារឱ្យដោះលែងបីដងយើងចាក់ទម្លុះប៉េងប៉ោងតែម្តង»។
សូមបញ្ជាក់ថាសហគមន៍ដីធ្លី និងបុគ្គលិកអង្គការមួយចំនួនបានប្រកាសធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនៅរៀងរាល់ថ្ងៃចន្ទដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្សដែលត្រូវបានតុលាការសម្រេចឃុំខ្លួន «ទាំងអយុត្តិធម៌» កាលពីថ្ងៃចន្ទទី ២ ខែឧសភាពីបទសូកប៉ាន់សាក្សី និងផ្សំគំនិតសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងសំណុំរឿងនាង ស្រីមុំ ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
យុទ្ធនាការនេះតែងតែត្រូវបានអាជ្ញាធរចុះបង្ក្រាប និងចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ដោយចាត់ទុកថាជាការធ្វើបដិវត្តន៍ពណ៌៕