
កម្មករ-កម្មការនីទទួលអំណោយពីអភិបាលខ័ណ្ឌមានជ័យ កំឡុងពេលបិទខ្ទប់ កាលពីម្សិលមិញ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ចមួយសម្រាប់ទទួលបន្ទុករៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រ និងវិធានការគោលនយោបាយស្តីពីការអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ ១៩ នៅក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់។
យោងតាមសេចក្តីសម្រេចនេះ ក្រសួងបានបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ចចំនួន ៤ ដើម្បីធ្វើជាសេនាធិការរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) សម្រាប់ជួយសម្រួល និងជាមូលដ្ឋានដល់ក្រុមការងារបច្ចេកទេសចំពោះកិច្ច។
លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងតាមរយៈសេចក្តីសម្រេចនេះថា ក្រុមការងារបច្ចេកទេសចំពោះកិច្ច ត្រូវទទួលបន្ទុកកំណត់ និងបែងចែកទីតាំងភូមិសាស្រ្តនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល។
ក្រុមការងារបច្ចេកទេសចំពោះកិច្ច ត្រូវរៀបចំយន្តការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដោយកំណត់អំពីជម្រើសស្ថាប័នពាក់ព័ន្ធ និងភារកិច្ចនៃស្ថាប័នទាំងនោះ សិក្សា និងលើកសំណើអំពីប្រភេទ និងទំហំនៃរបបឧបត្ថម្ភដែលត្រូវផ្តល់ជូនក្រុមប្រជាពលរដ្ឋគោលដៅរួមនឹងវិធានការជាច្រើនទៀត។
ទន្ទឹមនឹងនេះដែរ ដើម្បីបន្តឆ្លើយតបទៅកាន់ក្រុមគ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ ១៩ នេះ អង្គការទស្សនៈពិភពលោកបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងជនបង្គោលនៅសហគមន៍ បានចែកអំណោយទៅដល់គ្រួសារក្រីក្រចំនួន ៥២៧ គ្រួសារ ដែលរស់នៅតំបន់ប្រជាជនក្រីក្រក្នុងរាជធានី និងងាយរងផលប៉ះពាល់ខ្លាំងបំផុតក្នុងខណ្ឌចំនួន ៥ គឺខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌដង្កោ និងខណ្ឌព្រែកព្នៅ។
យោងតាមសេចក្តីប្រកាសរបស់អង្គការទស្សនៈពិភពលោក នៅថ្ងៃទី ២៤ ខែមេសា បានឱ្យដឹងថា អង្គការទស្សនៈពិភពលោកបានចូលរួមផ្តល់ជូនសម្ភារ និងស្បៀងអាហារដូចជា អង្ករ ៣ តោន ៥០០ គីឡូក្រាម រួមទាំងត្រីខកំប៉ុង ទឹកត្រី និងសម្ភារចាំបាច់មួយចំនួនក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ទៅដល់រដ្ឋបាលខណ្ឌ សង្កាត់ និងនៅតាមភូមិនានា។
កញ្ញា ហៀម ចិត្រា ប្រធានគ្រប់គ្រងមូលនិធិថ្នាក់ជាតិរបស់អង្គការទស្សនៈពិភពលោកបានឱ្យដឹងថា ការចូលរួមរវាងអង្គការទស្សនៈពិភពលោក និងប្រជាជនកម្ពុជា នឹងធ្វើឲ្យប្រជាជនដែលងាយរងគ្រោះ អាចរួចផុតពីភាពស្រែកឃ្លាន និងអាចជួយផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគាត់ ជាពិសេសកុមារៗ។
កញ្ញាបានបន្តថា៖ «យើងចង់ឃើញមនុស្សកាន់តែច្រើនចូលរួម និងគាំទ្រដល់ប្រជាជនយើង ជាមួយនឹងអង្គការទស្សនៈពិភពលោក។ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាអាចជួយទៅដល់ក្រុមគ្រួសារ ដែលឆ្លងកាត់វិបត្តិនេះ ហើយត្រូវការជំនួយជាចាំបាច់»។
ជាមួយគ្នានេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងឱ្យដឹងកាលពីថ្ងៃទី ២៣ ខែមេសាថា ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហមមានការព្រួយបារម្ភទាក់ទងនឹងការគ្មានស្បៀងអាហារ ប៉ុន្តែសុំកុំមានការព្រួយបារម្ភខ្លាំងពេក ដោយសារសាលាក្រុងមានរៀបចំនូវយន្តការចែកស្បៀង និងលក់ស្បៀង។
លោកបានថ្លែងថា៖ «សាលាក្រុងបានទទួលរួចហើយនូវស្បៀងពីសម្តេចនាយករដ្ឋមន្រ្តី សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម និងតំបន់បិទខ្ទប់ ហើយយើងក៏បាននិងកំពុងដឹកចែកជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង»។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជាពលរដ្ឋប្រមាណជាង ៤ ម៉ឺនគ្រួសារ ដែលភាគច្រើននៅក្នុងតំបន់ក្រហម ត្រូវបានផ្តល់ស្បៀងរួចមកហើយ ហើយសាលារាជធានីភ្នំពេញកំពុងបន្តដឹកចែកដល់ប្រជាពលរដ្ឋផ្សេងៗទៀតជារៀងរាល់ថ្ងៃ៕