
អគារមន្ទីរពេទ្យ នគរទេព ដែលកំពុងត្រូវបានអន្តរក្រសួងចរចាទិញមកដាក់ជាមន្ទីរពេទ្យរដ្ឋ។ រូបថត SPM
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ចមួយ ដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យស្រ្តីនគរទេព ដើម្បីធ្វើជាមន្ទីរពេទ្យរដ្ឋ និងត្រូវប្តូរឈ្មោះមកជា «មន្ទីរពេទ្យហ្លួងម៉ែ» វិញផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចនឹងប្រើប្រាស់ថវិការដ្ឋទិញយកមន្ទីរពេទ្យស្រ្តីនគរទេព ដែលស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានរៀបចំនិងដាក់ឱ្យព្យាបាលអ្នកជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខា ដោយលោកអូន ព័ន្ធមុនរ័ត្ន កាលពីថ្ងៃទី២៤ ខែមីនា បានលើកឡើងថា គណៈកម្មការអន្តរក្រសួងចំពោះកិច្ចនេះ មានសមាសភាពចំនួន១១រូប ដែលមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ។
ជាមួយគ្នានេះបន្ទាប់ពីលោកហ៊ុន សែន ប្រកាសពីការទិញមន្ទីរពេទ្យស្រ្តីនគរទេពនេះ ធ្វើជាមន្ទីរពេទ្យរដ្ឋ អ្នកមានទ្រព្យមួយចំនួនដែលមានងារជាឧkញ៉ា បានប្រកាសពីការបរិច្ចាគថវិកាដល់រាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យនេះ។
លោកឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកដោយបរិច្ចាគថវិកាចំនួ ៣,៥លានដុល្លារ ជូនលោក ហ៊ុន សែន ដើម្បីទិញមន្ទីរពេទ្យស្រ្តីនគរទេព។
លោកបានសរសេរថា ៖ «ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យស្រ្តីនគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីដ១៩ ចំនួន ៣,៥ លានដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា»។
លោកហ៊ុន សែន មានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ថា រាជរដ្ឋាភិបាលនឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ«ហ្លួងម៉ែ»បន្ទាប់ពីទិញរួចរាល់។ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះ ទៅសាងសង់មន្ទីរពេទ្យ «នគរទេព»ថ្មីមួយទៀត៕