ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពន្យារពេល​ចុះបញ្ជី​ពន្ធដារ និង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​ដទៃ​ទៀត​សម្រាប់​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​រហូតដល់​ដំណាច់ឆ្នាំ​ ២០១៩ ខណៈ​អង្គការ​មួយចំនួន​តូច​នៅ​មិនទាន់​បំពេញ​កាតព្វកិច្ច​ស្របពេល​ក្រសួងមហាផ្ទៃ​ក៏​បញ្ជាក់​ដែរ​ថា មាន​អង្គការ ៥០០០ ដែល​បាន​ចុះបញ្ជី​ និង​តម្កល់​ឯកសារ​ផ្លូវការ​នៅ​ក្រសួង​។

យោងតាម​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​ ១៥ សីហា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា​ថា ការចុះបញ្ជី​ពន្ធដារ​ត្រូវបាន​ពន្យារ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ​ ២០១៩​។ ក្រសួង​បញ្ជាក់ថា ចាប់តាំងពី​ការជូន​ដំណឹង​អំពី​ការចុះបញ្ជី​បង់ពន្ធ​កាលពី​ថ្ងៃទី​ ៣០ ខែ​មករា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កត់សម្គាល់​ឃើញ​ថា មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​បាន​អនុវត្ត​សេចក្តី​ណែនាំ​ស្ដីពី​ការលើក​ទឹកចិត្ត​ផ្នែក​ពន្ធដារ​។ ប៉ុន្តែ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​តូច​មិន​ទាន់​បាន​ចុះបញ្ជី​ពន្ធដារ និង​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​នៅ​ឡើយ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្លាប់​បាន​កំណត់​យក​ថ្ងៃទី​ ៣១ ខែ​មីនា ជា​ថ្ងៃ​ចុងក្រោយ​សម្រាប់​ការចុះបញ្ជី​ពន្ធដារ និង​ការបំពេញ​កាតព្វកិច្ច​ពន្ធ​សម្រាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ការចុះបញ្ជី​ក្នុង​ពេល​កំណត់​នេះ​អង្គការ​សង្គម​ស៊ីវិល​នឹង​ទទួល​បាន​ការអនុគ្រោះ​នូវ​ទោសទណ្ឌ​នានា​ជាអាទិ៍​រួមមាន​ទោសទណ្ឌ​លើ​ការប្រព្រឹត្ត​អំពើ​រាំងស្ទះ ពន្ធ​បន្ថែម និង​ការប្រាក់​យឺតយ៉ាវ​ចំពោះ​ការបង់ពន្ធ​នានា​ទាក់ទិន​នឹង​ការចុះបញ្ជី​។

ប៉ុន្តែ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ហៅ​កាត់​ថា CCC កាលពី​ចុងខែ​មីនា​បាន​ស្នើសុំ​ពន្យារ​ការចុះបញ្ជី​នេះ​រហូត​ដល់​ចុង​ឆ្នាំ​ ២០១៩ ដោយ​មូលហេតុ​ឱសានវាទ​នេះ​មាន​រយៈពេល​ខ្លី ហើយ​អង្គការ​ជាច្រើន​ទទួល​បាន​សេចក្ដី​ណែនាំ​យឺតយ៉ាវ និង​មិនទាន់​បាន​ត្រៀម​កញ្ចប់​ថវិកា​សម្រាប់​បង់ពន្ធ​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​អំពី​ចំនួន​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ​ទេ​។

លោក​ ឈឹម កាន ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្សនយោបាយ​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ដោយមាន​ដាក់​តម្កល់​ឯកសារ​ជា​ផ្លូវការ​មាន​ជាង​ ៥០០០ ​ស្ថាប័ន​។ ប៉ុន្តែ​ជាក់ស្ដែង​មាន​តែ​ប្រមាណ​ជិត​ ២០០០ ​ប៉ុណ្ណោះ​ដែល​បាន​ដាក់​របាយការណ៍​ប្រចាំឆ្នាំ​មក​ក្រសួង​។ ពាក់ព័ន្ធ​នឹង​ចំនួន​ដែល​ត្រូវបាន​ចុះបញ្ជី​ពន្ធដារ លោក​មិន​ទាន់​បានទទួល​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅឡើយ​ទេ​។

លោក យឿង សុធារ៉ា ប្រធាន​ផ្នែក​ការបង្កើត​សម្ព័ន្ធភាព​តស៊ូ​មតិ និង​បណ្តាញ​នៃ CCC ថ្លែង​ថា​ភាគច្រើន​នៃ​អង្គការ​ដៃគូ​របស់ CCC ដែល​មាន​ជិត​ ២០០ ​អង្គការ​បាន​ចុះបញ្ជី​សារពើពន្ធ​រួចហើយ​។

លោក​បន្ថែម​ថា​ពន្ធ​សម្រាប់ NGO រួមមាន​ពន្ធ​លើ​ប្រាក់ខែ​បុគ្គលិក ពន្ធ​កាត់​ទុក សម្រាប់​ការជួល​អ្នក​ផ្ដល់​ប្រឹក្សា ឬ​ទិញ​សេវា​ពី​អ្នក​ផ្ដល់​សេវា​ដែល​មិនបាន​ចុះបញ្ជី​សារពើពន្ធ ពន្ធ​ប្រចាំឆ្នាំ​លើដី​ធ្លី​(​បើ​មាន​) ​និង​ពន្ធ​លើ​យានជំនិះ​។

បន្ថែម​លើ​ការបង់ពន្ធ​ទាំងនេះ​សមាគម អង្គការ​សង្គម​ស៊ីវិល​ត្រូវ​ប្រកាស​ពី​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ខ្លួន​ហើយ​ត្រូវ​ស្នើសុំ​លើកលែង​ពន្ធ​ទើប​អាច​គេច​ផុតពី​ការបង់ពន្ធ​ ១ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «NGO ភាគច្រើន​មួយ​រយៈពេល​ចុងក្រោយ​មាន​ការយល់ដឹង​ច្រើន​លើ​រឿង​ពន្ធ​នេះ​។ តែ​ខ្លះ​នៅតែ​មិនដឹង​ហើយ​មិន​ចង់ទៅ​ចុះបញ្ជី​ទេ ខ្លាច​ការពិន័យ​ធាក់​ថយក្រោយ ដូចជា​គាត់​មិនដែល​បាន​ចុះបញ្ជី​តាំងពី​បើក​អង្គការ​មក​។ នៅពេល​គាត់​ទៅ​ចុះ​គាត់​ខ្លាច​គេ​អនុវត្ត​ច្បាប់​ធាក់​ថយក្រោយ និង​ពិន័យ​គាត់​ដោយ​មាន​ការប្រាក់​បន្ថែម​លើ​ប្រាក់​ពិន័យ​អ៊ីចឹង​គាត់​ភ័យខ្លាច​»​។

លោក​បន្តថា តួលេខ​នៃ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ជាង​ ៥០០០ ដែល​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​គឺជា​តួលេខ​ប៉ោង ពីព្រោះ​ជាក់ស្ដែង​មាន​តែ​អង្គការ​ប្រមាណ​ជាង​ ១ ​ពាន់​ប៉ុណ្ណោះ​ដែល​មាន​សកម្មភាព​។ តួលេខ​ប៉ោង​បែបនេះ​ដោយសារ​អង្គការ​មួយ​ចំនួន​បានបញ្ចប់​សកម្មភាព​របស់​ខ្លួន តែ​មិន​បាន​ទៅ​ជម្រះ​កាតព្វកិច្ច​នៅ​ក្រសួងមហាផ្ទៃ​។ លោក​ថា​ក្រសួងមហាផ្ទៃ​គួរ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អង្គការ​សង្គម​ស៊ីវិល ហើយ​ប្រគល់​បញ្ជី​នោះ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​កំណត់​តួលេខ​ជាក់លាក់​ដែល​ត្រូវ​បង់ពន្ធ​។

ប៉ុន្តែ​លោក ឈឹម កាន បាន​ឆ្លើយតប​ថា​៖ «​យើង​កំពុង​គ្រោង​ធ្វើ​ហើយ ដើម្បី​ដឹង​តួលេខ​ពិត​ដែល​គាត់​មាន​សកម្មភាព និង អ្នកណា​ដែល​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​។ យើង​កំពុង​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ហើយ​»៕