ភ្នំពេញៈ មន្ត្រីក្រសួងធម្មការ និងសាសនា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រសួងធម្មការ និងសាសនាបានចាត់ជំនាញឲ្យចុះស្រាវជ្រាវករណីមិនប្រក្រតីគូស្នេហ៍រវាងសង្ ឃនិងស្ត្រីម្នាក់ ក្រោយពីឃើញមានរូបភាពបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។
ថ្មីៗនេះមានរូបភាពព្រះសង្ឃមួយអង្គ និងស្រ្តីស្រស់ស្អាតម្នាក់ពាក់អាវវាលបញ្ចេញគល់សុដន់ ភ្ជាប់ជាមួយរូបថតព្រះសង្ឃដែលមានរូបមួយលែងខ្លួនទទេ និងរូបម្ខាងទៀតគ្រងស្បង់ជីពរ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានចុះស្រាវជ្រាវទីតាំងវត្តពោធិ៍ចិនតុងចប់សព្វគ្រប់ហើយ តែមិនទាន់ទទួលបានរបាយការណ៍ពីមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញនៅឡើយទេ ពីព្រោះ មន្ទីរកំពុងតែធ្វើរបាយការណ៍ដើម្បីរាយការណ៍ជូនក្រសួង។
លោក សេង សុមុនី បញ្ជាក់ថា៖ «អ៊ីចឹងយើងគ្រាន់តែបានដឹងថា យើងរកឃើញទីតាំងហ្នឹងហើយ តែគ្រាន់ថា ករណីហ្នឹងមានចំណុចខ្លះ វាមិនទាន់បានទទួល (ព័ត៌មាន) អស់ទេ»។
លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនខិលខូចបានកាត់តរូបចៅអធិការ ព្រះនាម វ៉ាន វន្នី និងនារីរងគ្រោះ ឈ្មោះ លីម ធីតា ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ព្រះអង្គ។
លោក ទេព គង្គា មិនបានដឹងថា តើការធ្វើដូច្នេះមានការពាក់ព័ន្ធនឹងផលប្រយោជន៍អ្វីនោះទេ។
លោក ទេព គង្គា បញ្ជាក់ថា នៅថ្ងៃចន្ទនេះ នៅក្នុងសាលាអនុគណចៅអធិការត្រូវបាននិមន្ត ហើយនារីរងគ្រោះក៏ត្រូវបានអញ្ជើញដោយឡែកពីគ្នាដើម្បីសួរនាំជាសក្ខីកម្ម ហើយបានបដិសេធដូចៗគ្នាថា មិនមានទំនាក់ទំនងអ្វីខុសពីផ្លូវព្រះពុទ្ធសាសនារវាងព្រះសង្ឃ និងពុទ្ធបរិស័ទនោះទេ។
លោក ទេព គង្គា បញ្ជាក់ថា៖ «យើងបាននិមន្តព្រះអង្គ អនុគណមកអស់ហើយ ហើយក៏បានទាក់ទងទៅនារីហ្នឹងដែរ។ នារីម្នាក់ហ្នឹងបានបដិសេធថា រូបទាំងអស់ហ្នឹងជារូបរបស់គាត់ ប៉ុន្តែវាមិនមានរូបភាពបែបហ្នឹង។ នេះគឺរូបភាព Edit (កាត់ត) ព្រោះអីគាត់ និងលោក (ចៅអធិការ) មិនដែលមានទំនាក់ទំនងអីក្រៅពីពុទ្ធបរិស័ទ ហើយនិងព្រះសង្ឃទេ»។
លោក ទេព គង្គា បញ្ជាក់ថា ការបង្ខូចកេរ្តិ៍ឈ្មោះរបស់ចៅអធិការនេះធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាយ៉ាងខ្លាំង។ លោកថា បើសិនជាលោកអាចស្រាវជ្រាវរកគណនីជនដែលកាត់តបង្ហោះរូបទាំងនេះ លោកប្រហែលជាអាចដាក់បណ្តឹងបកទៅជននោះវិញ ព្រោះធ្វើឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនារបស់ប្រទេសជាតិទាំងមូល៕