The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ស្ថាប័ន​ត្រូវ​បាន​ស្នើឲ្យ​ពិគ្រោះយោបល់​ ពេល​មាន​បង្កើត​ពាក្យថ្មី

ក្រសួង​ស្ថាប័ន​ត្រូវ​បាន​ស្នើឲ្យ​ពិគ្រោះយោបល់​ ពេល​មាន​បង្កើត​ពាក្យថ្មី

Content image - Phnom Penh Post
លោក​ សុខ ទូច ក្នុង​សន្និសីទ​កាសែត​ពី​ម្សិលមិញ​។ រូបថត រាជបណ្ឌិត្យ​សភា​កម្ពុជា

ក្រសួង​ស្ថាប័ន​ត្រូវ​បាន​ស្នើឲ្យ​ពិគ្រោះយោបល់​ ពេល​មាន​បង្កើត​ពាក្យថ្មី

ភ្នំពេញៈ លោក​ សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ស្នើឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវ​ពិគ្រោះយោបល់​ជាមួយ​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ នៅពេល​មាន​ការបង្កើត​ពាក្យថ្មី​ណាមួយ ដើម្បី​ចៀសវាង​កំហុស ហើយ​សាធារណជន បន្ទោស​ទៅ​លើ​រាជបណ្ឌិត្យ​សភា​កម្ពុជា​។ លោក សុខ ទូច ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​វឌ្ឍនភាព​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​។

លោក​បាន​លើកឡើង​ថា​កន្លងមក​មាន​ក្រសួង​មួយចំនួន​បាន​រៀបចំ​ឯកសារ​នានា ហើយ​ឯកសារ​ទាំងនោះ​ត្រូវ​បាន​អនុម័ត​ដោយ​សភាជាតិ ប៉ុន្តែ​ពាក្យថ្មី​មួយ​ចំនួន​មិន​ត្រូវ​បាន​ឆ្លង​ការពិគ្រោះ​យោបល់​ជាមួយ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ទេ​។ ប៉ុន្តែ​សាធារណជន​តែង​រិះគន់​លើ​រាជបណ្ឌិត្យ​កម្ពុជា នៅពេល​មាន​កំហុស​ឆ្គង​អ្វី​មួយ​ពាក់ព័ន្ធ​នឹង​ពាក្យស័ព្ទ​។

យ៉ាងណា​ក្តី​លោក​ សុខ ទូច បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួងបរិស្ថាន​ដែល​តែង​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ ហើយ​លោក​ក៏បាន​រិះគន់​ដល់​ក្រសួង និង​ស្ថាប័ន​មួយចំនួន​ផ្សេង​ទៀត​ដែល​បង្កើត​ពាក្យថ្មី តែ​មិន​បាន​ឆ្លង​រាជបណ្ឌិត្យ​សភា​។

លោក​បន្តថា​៖ «​បើ​ចេញ​គ្រប់​តែ​ក្រសួង​ដល់​ពេល​ខុស ខុស​តែ​រាជបណ្ឌិត្យ​សភា តើ​អាហ្នឹង​វា​យ៉ាងម៉េច​។ យើង​ស្វាគមន៍​ដែលមាន​អ្នកប្រាជ្ញ​ច្រើន​»​។ លោក​បន្តថា​៖ «​វា​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មុន​នឹង​ចេញ​ (​ពាក្យថ្មី​) ​ត្រូវ​បញ្ជូន​ឯកសារ​មក​ទាំងអស់​ពាក្យ​ណា​ដែល​ជា​ពាក្យថ្មី​លើក​មក​ហើយ​ឲ្យ​ខាងយើង​ពន្យល់​។ ខ្ញុំ​ឃើញ​ពាក្យ​ខ្លះ មិន​យល់​សុំ​ឲ្យ​ពន្យល់​ហើយ​។ ថ្ងៃមុន​ក្រសួង​មហាផ្ទៃ​អនុម័ត គាត់​ផ្សំ​កាឡៃ​»​។

លោក សុខ ទូច បញ្ជាក់​ថា​ស្ថាប័ន​មួយ​មិនអាច​អញ្ជើញ​មន្ត្រី​តែ​ម្នាក់​ពី​រាជបណ្ឌិត្យសភា​កម្ពុជា​ដើម្បី​ទៅ​ប្រជុំ​សម្រេច​លើ​ពាក្យថ្មី​ណាមួយ​បានទេ ព្រោះ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​មាន​ ២ ​ក្រុម​រួមមាន​ក្រុម​វិទ្យាសាស្ត្រ​សង្គម និង​ក្រុម​វិទ្យាសាស្ត្រ​ពិត​។ ការសម្រេច​លើ​ពាក្យ​ណាមួយ ត្រូវ​ធ្វើការ​សម្រេច​​ជា​ក្រុម​។

លោក​បាន​បញ្ជាក់​ថា​៖ «​ក្នុង​វេទិកា​នេះ ខ្ញុំ​ប្រាប់​ទៅវិញ​ថា កុំ​សរសេរ​លិខិត​មកទៀត​។ ដាក់ពាក្យ​មក​គេ​អនុម័ត​នៅក្នុង​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ដើម្បីឲ្យ​មាន​ការទទួល​ខុសត្រូវ​ទាំងអស់គ្នា​។ កុំ​យក​មនុស្ស​ម្នាក់​ទៅ ហើយ​ថា ខ្ញុំ​បាន​ហៅ​បណ្ឌិត្យសភា​ទៅ​ដែរ​ទម្លាក់​មក​ហើយ តែ​ក្រុម​ប្រឹក្សាជាតិ​អក្សរ​ខ្មែរ​អត់​ដឹងអី​សោះ​។ ​យើង​ឈប់​ឲ្យ​មាន​បញ្ហា​នេះ​តទៅទៀត​»​។

លោក ហ៊ាន សុខុម ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ថ្លែង​ថា ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ​អាច​ប្រជុំ​បានតែ​មួយពេល​ប៉ុណ្ណោះ​ក្នុង​ ១ ​សប្ដាហ៍ ដើម្បី​ពិនិត្យ​ និង​សម្រេច​លើ​ពាក្យថ្មី ហើយ​ជាទូទៅ​កិច្ចប្រជុំ​នេះ​អាច​សម្រេចការ​ព្រមព្រៀង​លើ​ពាក្យថ្មី​ពី ១ ទៅដល់ ១០ អាស្រ័យ​លើ​ភាពស្មុគស្មាញ​នៃ​ពាក្យ និង​ការជជែក​គ្នា​។

លោក​ថ្លែង​បន្ត​ថា ក្រសួង​ស្ថាប័ន​រដ្ឋ និង​ឯកជន​អាច​ដាក់​ស្នើសុំ​ឲ្យ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ជួយ​ក្នុង​ការបង្កើត​ពាក្យថ្មី​មុន​នឹង​ប្រើប្រាស់​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ការស្នើសុំ​បែប​នេះ មាន​តែ​ស្ថាប័ន​ខ្លះ​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​បែបនេះ​។ លោក​ថា ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​បោះពុម្ព​ផ្សាយ​ពាក្យថ្មី​ជាង​ ៣ ​ពាន់​ពាក្យ​រួចហើយ ប៉ុន្តែ​មាន​ជាង ៤ ពាន់​ពាក្យ​ទៀត​ដែល​មិនទាន់​ត្រូវបាន​សិក្សា​អនុម័ត​។ ពាក្យថ្មី​ទាំងអស់​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ទិន្នន័យ​តាម​អនឡាញ​ចាប់ពី​ឆ្នាំ​ ២០២១​។

បើ​តាម​រាជបណ្ឌិត្យ​សភា កម្ពុជា ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​បោះពុម្ពផ្សាយ​ព្រឹត្តិបត្រ​ចំនួន​ ១១ លេខ សទ្ទានុក្រម​បច្ចេកសព្ទ​ចំនួន ១១ ទៅ​តាម​ប្រភេទ​នៃ​មុខ​វិទ្យា​ផ្សេងៗ​។ ក្រុមប្រឹក្សា​ជាតិ​ក៏​បាន​បោះពុម្ព​សៀវភៅ​គោល​ជាច្រើន​ទៀតផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍