ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្នើ​ឲ្យ​កម្មករ​កុំ​មាន​ការ​បារម្ភ​ទាក់ទង​នឹង​អត្ថប្រយោជន៍​របស់​កម្មករ​អំឡុងពេល​នៃ​ការទូទាត់​ប្រាក់​បំណាច់ ប្រាក់​អតីតភាព និង​ជំរុញ​ឲ្យ​កម្មករ​ចៀសវាង​ការចាញ់បោក ការ​ញុះញង់​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្រោយពី​សមាគម​​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ ១៨ ខែ​ធ្នូ ស្នើសុំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជួយ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ការបើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​ត្រូវ​អនុវត្ត​ពី​ឆ្នាំ​ ២០១៩ របស់​កម្មករនិយោជិត​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបង្ហាញ​ថា កម្មករ​និយោជិត​មាន​កិច្ចសន្យា​រយៈពេល​វែង​នឹង​ទទួល​បាន​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ ២ ​ដង​ក្នុង​ ១ ​ឆ្នាំ​គឺ​ក្នុង​ខែ​មិថុនា និង​ខែធ្នូ​ដោយ​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែ​មិថុនា​ឆ្នាំ​ ២០១៩ ​តទៅ​។

​ចំពោះ​ការទូទាត់​បើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​របស់​កម្មករ​និយោជិត ដែល​មាន​មុន​ឆ្នាំ​ ២០១៩ ​ក្រសួង​កំពុង​ធ្វើការ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​កំណត់​កាលវិភាគ​ជាក់លាក់​មួយ​ក្នុង​ការ​តម្រូវ​ឲ្យ​សហគ្រាស គ្រឹះស្ថាន​អនុវត្ត​កាតព្វកិច្ច​បើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​។

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​បង្ហាញ​ថា​ក្នុង​អំឡុងពេល​នៃ​ការទូទាត់​បើក​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ​ក្រសួង​សូម​ធានា​ចំពោះ​អត្ថប្រយោជន៍​ស្រប​ច្បាប់​នានា​ដែល​បងប្អូន​កម្មករ​និយោជិត​មាន​ហើយ​ដែល​សហគ្រាស គ្រឹះស្ថាន​ក្ស័យធន ឬ​បិទទ្វារ​ណា​មួយ​មិន​ទាន់​បាន​ទូទាត់​ជូន​បងប្អូន​កម្មករនិយោជិត​។ បងប្អូន​អាច​ចាញ់​បោក​ជនខិលខូច​មួយ​ចំនួន​ដែល​មាន​បំណង​ញុះញង់ បង្ក​អស្ថិរភាព​ក្នុង​សហគ្រាស​ដែល​អាច​បំផ្លាញ​ការងារ​បាន​៕