ភ្នំពេញៈ ​ក្រុមគ្រូពេទ្យ និង​បេក្ខជន​ស្ម័គ្រចិត្ដ​ជួរមុខ​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ​១៩ ជាង​ ៤ ​ពាន់​នាក់​ ត្រូវបាន​ក្រសួង​សុខាភិបាល​ស្នើសុំ​ទៅ​​ក្រសួង​មុខងារ​សាធារណៈ​ ដើម្បី​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ក្នុង​វិស័យ​សុខាភិបាល សម្រាប់​ក្របខ័ណ្ឌ​ឆ្នាំ​ ២០២១ ខណៈ​ក្រសួង​មុខងារ​សាធារណៈ​បាន និង​កំពុង​ពិនិត្យ​សំណុំ​​ឯកសារ​បេក្ខជន​ទាំងនេះ​។

លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​កាលពី​ថ្ងៃទី​ ១០ ខែ​​ឧសភា បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ពិនិត្យ​លើ​សំណុំ​ឯកសារ​ក្រុម​គ្រូពេទ្យ និង​បេក្ខជន​ស្ម័គ្រចិត្ដ​ជួរមុខ​​ដែល​ក្រសួង​សុខាភិបាល​បាន​ស្នើសុំ​ជ្រើសរើស​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ចំនួន​ ៣ ​ពាន់​នាក់​។ ចំណែក​នៅ​ថ្ងៃទី​ ១៩ ខែឧសភា ក្រសួង​សុខាភិបាល​បានស្នើ​​សុំ​បន្ថែម​បេក្ខជន​ចំនួន ១ ១៤៤ ​នាក់​ទៀត​ដែលនាំឱ្យ​បេក្ខជន​ត្រូវ​ជ្រើសរើស​កើនឡើង​ដល់​ចំនួន ៤ ១៤៤ ​នាក់​។

សេចក្ដី​សម្រេច​របស់លោក ព្រុំ សុខា ស្ដីពី​ការបន្ថែម​ភារកិច្ច​ដល់​ក្រុម​ការងារ​ពិនិត្យ​សំណុំ​ឯកសារ​បេក្ខជន​ចំនួន ១ ១៤៤ ​នាក់​ទៀត ដែល​ត្រូវ​ជ្រើសរើស​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​សុខាភិបាល​ឆ្នាំ​ ២០២១ ​នេះ​គឺ​យោង លិខិត​ស្នើសុំ​របស់​ក្រសួង​សុខាភិបាល​ចុះ​កាលពី​ថ្ងៃទី​ ១២ ខែឧសភា​។

សំណើ​របស់​ក្រសួង​សុខាភិបាល​គឺ​ស្នើសុំ​បញ្ចូល​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​នេះ​ក្នុង​ក្របខ័ណ្ឌ​សុខាភិបាល និង​ចាត់​ឱ្យ​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​នោះ​​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​នានា​ក្រោម​ឱវាទ​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី-ខេត្ត ដោយ​រៀបចំ​បៀវត្សរ៍​តាម​ប្រភេទ​ក្របខ័ណ្ឌ ស្របតាម​លក្ខន្តិកៈ​ដោយឡែក​នៃ​ក្របខ័ណ្ឌ​នីមួយៗ​។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​មុខងារ​សាធារណៈ​​ដែលជា​ប្រធាន​ក្រុមការងារ​ពិនិត្យ​សំណុំ​ឯកសារ​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​នេះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា រហូត​មក​ទល់​​ពេលនេះ ក្រុមគ្រូពេទ្យ និង​បេក្ខជន​​ស្ម័គ្រចិត្ដ​ជួរមុខ​ជាង​ ៤ ១៤៤ ​នាក់​ហើយ​ ​ដែល​ក្រសួង​សុខាភិបាល​ស្នើ​មក​ក្រសួង​មុខងារសាធារណៈ​ពិនិត្យ​សំណុំ​ឯកសារ​ដើម្បី​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​។

លោក​បាន​ថ្លែងថា​៖ «​ក្រុង​ការងារ​យើង​កំពុង​ពិនិត្យ​សំណុំ​ឯកសារ​បេក្ខជន​ដែល​ក្រសួង​សុខាភិបាល​បានស្នើ​ជ្រើសរើស​បញ្ជូល​ក្នុង​ក្របខ័ណ្ឌ​នេះ​ដោយសារ​កិច្ចការងារ​នេះ​ត្រូវមាន​ការសហការ​ជាមួយ​អង្គភាព​ដែល​ពាក់ព័ន្ធ​រួមជាមួយ​ក្រសួង​សុខាភិបាល​ ដើម្បី​កំណត់​នីតិវិធី​លើ​ការពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​»​។

លោក យក់ ប៊ុនណា បានឱ្យ​ដឹងថា បេក្ខជន​ដែល​ក្រសួង​សុខាភិបាល​ស្នើសុំ​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ទាំង​ជាង​ ៤ ​ពាន់​នាក់​នេះ ​ភាគច្រើន​លើសលប់​គឺជា​អ្នកមាន​ជំនាញ​ផ្នែក​សុខាភិបាល​។ ប៉ុន្ដែ​ក៏មាន​បេក្ខជន​តិចតួច​មាន​ជំនាញ គាំទ្រ​នៅក្នុង​វិស័យ​សុខាភិបាល​ដែរ ដូចជា ជំនាញ​កិច្ចការងារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ដំណើការ​រដ្ឋបាល​ជាដើម​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​លើកឡើង​ថា ក្នុងស្ថានភាព​បច្ចុប្បន្ន កម្ពុជា​ត្រូវការ​បុគ្គលិក​ជំនាញ​ផ្នែក​សុខាភិបាល​ច្រើន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

លោក​បាន​ថ្លែងថា​៖ «​អ្វីដែល​ខ្ញុំ​ចង់​លើក​ទឹកចិត្ដ​ ដើម្បី​ធ្វើទៅ​ឱ្យមាន​ប្រសិទ្ធ​ភាពខ្លាំង​គឺ​ត្រូវ​ប្រើប្រាស់​ធនធាន​មន្ដ្រី​ដែល​ជ្រើសរើស​នេះ​ឱ្យបាន​ទៅដល់​គ្រប់កន្លែង​ដែល​កំពុងមាន​ការខ្វះខាត​។ ​យើង​ត្រូវ​បែងចែក​មន្ដ្រី​ទាំងនោះ​ទៅតាម​តំបន់​ដែល​ត្រូវការ​ពួកគាត់​ជា​ចាំបាច់ ជាជាង​គ្រាន់តែ​ជ្រើសរើស​មន្ដ្រី​ច្រើនពេក​»​។

លោក​បាន​បន្ថែម​ថា យុទ្ធសាស្ដ្រ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ​ច្រើន គឺ​ត្រូវ​បែងចែក​មន្ដ្រី​ទៅ​​គ្រប់កន្លែង​ចាំបាច់​គឺ​មិន​ត្រូវ​ទុក​ពួកគាត់​នៅ​ផ្ដុំគ្នា​តែ​ទីក្រុង​ទេ គឺ​ត្រូវបញ្ជូន​ពួកគាត់​ទៅ​ថ្នាក់ក្រោម​ជាតិ​ដែល​ត្រូវការ​។

លោក​បាន​បញ្ជាក់ថា​៖ «​បញ្ហា​នេះ មិនមែន​តែ​ក្រសួង​សុខាភិបាល​ទេ ក្រសួង​ផ្សេងទៀត​ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បែងចែក​មន្ដ្រី​ឱ្យបាន​ទៅដល់​ទី​ដាច់ស្រយាល​ដែល​ជា​តំបន់​ត្រូវការ​ចាំបាច់​ខ្លាំង​ដែរ ដោយសារ​តែ​យើង​សង្កេតឃើញ​ភាគច្រើន​គ្រូ​សម្បូរ​នៅតែ​ទីក្រុង​ទេ​»​។

យោងសេចក្ដី​សម្រេច​ចុះ​ថ្ងៃទី​ ២២ ខែ ធ្នូ ឆ្នាំ​ ២០២០ របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ផ្ដល់​ក្របខ័ណ្ឌ​បន្ថែម ជា​ករណី​ពិសេស​ដល់​ក្រសួង​សុខាភិបាល​សម្រាប់​ឆ្នាំ​ ២០២១ ដើម្បី​បម្រើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

អនុវត្ដ​តាមរយៈ​សេចក្ដី​សម្រេច​នេះ លោក ព្រុំ សុខា កាលពី​ថ្ងៃទី​ ១០ ខែឧសភា បាន​សម្រេច​បង្កើត​ក្រុមការងារ​ពិនិត្យ​សំណុំ​ឯកសារ​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​ដោយ​បាន​ចាត់តាំង​ឱ្យ លោក យក់ ប៊ុនណា ជា​ប្រធាន​ក្រុមការងារ និង​មន្ដ្រី​ពាក់ព័ន្ធ​ក្រោម​ចំណុះ​ក្រសួង​ចំនួន​ ២៧ ​រូប​ទៀត ជា​អនុប្រធាន និង​ជា​សមាជិក​ដើម្បី​ធ្វើ​ការងារ​នេះ​៕

វីដេអូ៖