ភ្នំពេញៈ ​ក្រសួង​ទេសចរណ៍​បាន​​អំពាវនាវ​កុំ​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​លុបចោល​ការធ្វើដំណើរ​មក​កម្ពុជា​ក៏ប៉ុន្តែ​បាន​ស្នើសុំ​ឲ្យ​គោរព​វិធានការ​មួយចំនួន​ដែល​គួរ​ធ្វើ និង​មិនគួរ​ធ្វើ​នៅពេល​មកដល់​កម្ពុជា​ក្នុង​ដំណាក់កាល​មាន​ជំងឺ​កូវីដ​ ១៩ នេះ​។

ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃ​ទី​ ៩ ខែកញ្ញា បាន​ចេញ​ផ្សាយ​ប្រការ​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​ ៨ ​ចំណុច ​សម្រាប់​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​អនុវត្ត​ពេល​មក​កម្សាន្ត​នៅ​កម្ពុជា​​អំឡុងពេល​កូវីដ​ ១៩ បន្ត​រាតត្បាត​លើ​សកលលោក​។ ប្រការ​ទាំងនេះ​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ អង់គ្លេស ចិន ជប៉ុន ថៃ និង​បារាំង​។

ចំណុច​មួយ​ដែល​ក្រសួង​ដាក់ចេញ​គឺ​អំពាវនាវ​កុំ​ឲ្យ​ភ្ញៀវទេសចរ​លុប​ការធ្វើដំណើរ​មក​កម្ពុជា​ដោយ​បញ្ជាក់ថា​៖ «​មេត្តា​កុំ​លុបចោល​ការធ្វើ​ដំណើរ​មក​កម្ពុជា​។ លោកអ្នក​អាច​ពិចារណា​ក្នុងការ​ពន្យារ ឬ​ផ្លាស់ប្ដូរ​គោលដៅ​មក​កម្ពុជា​បាន​។ មាន​ក្រុមហ៊ុន​អាកាសចរណ៍ និង​សណ្ឋាគារ​ជាច្រើន​កំពុង​លើកលែង​កម្រៃ​ដូរ​សំបុត្រ និង​ការកក់​ដោយ​កំពុង​ផ្ដល់​នូវ​គោលនយោបាយ​កក់​ឡើងវិញ​តាម​ការចង់បាន​របស់​លោកអ្នក​»​។

ក្រសួង​ប្រាប់​ឲ្យ​ភ្ញៀវទេសចរ​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​អ្នកដែល​ត្រឡប់​មកពី​តំបន់​មាន​ឆ្លងជំងឺ​។ ​ពួកគេ​ត្រូវ​ស្វែងយល់​ពី​ដំបូន្មាន​​វេជ្ជសាស្ត្រ​ និង​មើល​ពី​ចំណាត់ការ​នៅពេល​មកដល់​។ ប្រសិន​បើ​ភ្ញៀវទេសចរ​មាន​អារម្មណ៍​មិន​ស្រួលខ្លួន ត្រូវ​សុំ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដោយ​អាច​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥​។

រាល់​ភ្ញៀវទេសចរ​បរទេស​ត្រូវ​មាន​ការធានារ៉ាប់រង​គ្រប់គ្រាន់​លើ​ការធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​អំឡុង​ពេលនេះ​។ ពេល​កំពុង​ទស្សនា​នៅ​កម្ពុជា​​ត្រូវ​រក្សា​អនាម័យ​ល្អ ដោយ​ការលាងដៃ​ដោយ​ប្រើ​សាប៊ូ ឬ​អាល់កុល ឬ​ជែល​។ ​ភ្ញៀវទេសចរ​កុំ​ភ្លេច​ខ្ទប់មាត់ និង​ច្រមុះ​ជាមួយ​ក្រដាស​អនាម័យ ឬ​ដៃ​អាវ​របស់​អ្នកផង​នៅពេល​អ្នក​ក្អក ឬ​កណ្ដាស់​។

ជាមួយ​គ្នា​នេះ​ក្រសួង​លើក​ទឹកចិត្ត​ឲ្យ​ភ្ញៀវទេសចរ​ចែករំលែក​បទពិសោធ​វិជ្ជមាន​របស់​ពួកគេ​នៅ​កម្ពុជា​តាម​បណ្ដាញ​សង្គម និង​ត្រូវធ្វើ​ចិត្ត​ឲ្យ​ស្ងប់​មាន​ស្មារតី​ប្រុងប្រយ័ត្ន ប៉ុន្ដែ​កុំ​ភ័យ​ស្លន់ស្លោ​។ ​ភ្ញៀវទេសចរ​ត្រូវ​ពាក់​ម៉ាស់​ក្នុង​ពេល​ធ្វើដំណើរ​កម្សាន្ត​នៅ​ទីកន្លែង​សាធារណៈ ឬ​មាន​ការប្រមូលផ្ដុំ​។

ក្រសួង​បញ្ជាក់ថា «​កុំ​រើសអើង​! ខណៈ​ពេល​លោកអ្នក​ព្រួយបារម្ភ​អំពី​សុខភាព​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺឆ្លង​កូវីដ​ ១៩ លោកអ្នក​មិនត្រូវ​រើសអើង​ជាតិ​សាសន៍ ជាពិសេស​ជាមួយ​ភ្ញៀវទេសចរ និង​ក្រុមមនុស្ស​ដែល​មកពី​តំបន់​ដែល​មាន​ការឆ្លង​ជំងឺ​»​។

កាលពី​សប្ដាហ៍​មុន ក្រសួង​ទេសចរណ៍​បញ្ជាក់ថា កម្ពុជា​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​ ៥ ​ពាន់​លាន​ដុល្លារ ដោយសារ​តែ​វិបត្តិ​កូវីដ​ ១៩​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព​ដែល​រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ធ្វើឲ្យ​វិស័យ​ទេសចរណ៍​របស់ខ្លួន​កាន់តែ​ប្រសើរ​ទាំង​សេវាកម្ម ទាំង​គុណភាព​។

លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង យើង​សំណូមពរ​កុំ​ឲ្យ​មាន​ការលុប​ការធ្វើ​ដំណើរ ប្រសិន​បើ​គាត់​បាន​កក់​ការធ្វើដំណើរ​មក​កម្ពុជា​រួចហើយ ហើយ​គាត់​អត់​បានមក ដោយសារ​កូវីដ សូម​ឲ្យ​គាត់​ពន្យារ​សិន​ទៅ​ចាំ​ពេល​ពិភពលោក​បើក​ច្រក​មក​វិញ​សូម​អញ្ជើញ​មក​ទស្សនា​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព​។ យើង​មាន​ការរៀបចំ និង​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​វិធាន​ទេសចរណ៍ ក្រសួង​សុខាភិបាល​ដែល​ធានា​បាន​នូវ​ភាពកក់ក្ដៅ​របស់​ទេសចរ​»​។

លោក​បាន​បន្តថា បច្ចុប្បន្ន​មិនមាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ទេ ដោយសារ​វិបត្តិ​កូវីដ​ ១៩ ការរឹតបន្តឹង​ការធ្វើ​ដំណើរ​ដោយ​ប្រទេស​ផ្សេងៗ​រួមទាំង​រដ្ឋាភិបាល​កម្ពុជា​ផង​។ ប៉ុន្តែ​មាន​ភ្ញៀវទេសចរ​ខ្លះមក​ក្នុង​នាម​ទេសចរ​ធុរកិច្ច​ ឬ​អ្នកវិនិយោគ​ដែលមាន​ជំនួញ​នៅ​កម្ពុជា​ដែល​ជា​ចលនា​ទេសចរ​បរទេស​ស្នាក់នៅ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក្រសួង​ទេសចរណ៍​កំពុង​រៀបចំ​ផែនការមេ​អភិវឌ្ឍ​លើ​ផ្នែក​ទេសចរណ៍​រយៈពេល​ ១៥ ​ឆ្នាំ​ សម្រាប់​ខេត្ត​សៀមរាប ដើម្បី​ធ្វើឲ្យ​ខេត្ត​ដែល​សម្បូរ​ដោយ​មរតក​វប្បធម៌​មួយ​នេះ​ក្លាយជា​ខេត្ត​គួរ​ឲ្យ​ទាក់ទាញ និង​ផ្ដល់​ចំណូល​ដល់​ពលរដ្ឋ​មូលដ្ឋាន​។ ក្រសួង​បាន​ព្យាករ​ថា នៅ​ឆ្នាំ​ ២០៣៥ ទេសចរ​អន្តរជាតិ​នឹង​នាំមក​នូវ​ចំណូល​ចំនួន​ ៤ ៧៦៥ លាន​ដុល្លារ និង​ទេសចរ​ជាតិ​នាំមក​នូវ​ចំណូល​ចំនួន ១ ២៨០ ​លាន​ដុល្លារ​៕