ភ្នំពេញៈ ក្រសួងទេសចរណ៍​តាមរយៈ​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត គ្រោង​នឹង​រៀបចំ​កម្មវិធី​ទិវា​ជាតិ ទីក្រុង​ស្អាត លើក​ទី៧ ឆ្នាំ ២០១៩ ក្រោម​ប្រធាន​បទ «ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាព​កក់​ក្តៅ» អម​ជាមួយ​ពិធី​ប្រគល់​ជយ​លាភី ធុរកិច្ច បៃតង ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី ៣ និង​ជយ​លាភី​បដិសណ្ឋារ​កិច្ច​ល្អ​របស់​ច្រកទ្វារ​អន្តរជាតិ​លើក​ទី ២ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ។

សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ទេសចរណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី ២៣ ខែមករា បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី ៧ ប្រព្រឹត្ត​ឡើង​ដោយ​ជោគ​ជ័យ គណៈ​កម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត ស្នើ​ឱ្យ​អភិបាល​រាជធានី-ខេត្ត ទាំង​អស់ រៀបចំ​កម្មវិធី​ចំនួន២ គឺ​ទី ១.កម្មវិធី​បញ្ជ្រាប​ការ​យល់​ដឹង និង ទី២ កម្មវិធី​សម្អាត​ទីក្រុង នៅ​ថ្ងៃទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៩។

ក្រសួងទេសចរណ៍​បាន​ប្រាប់​ទៅ​អភិបាល និង​អភិបាលរង​រាជធានី-ខេត្ដ​ទទួល​បន្ទុក​ទីក្រុង​ស្អាត អភិបាល​ក្រុង-ខណ្ឌ ត្រូវ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ​ដើម្បី​ជូន​ដំណឹង​ដល់​សាធា​រណ​ជន​ឲ្យ​បាន​ដឹង​អំពី​ការ​ប្រារព្ធ ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧ ឆ្នាំ ២០១៩ ពិសេស​កម្មវិធី​បញ្ជ្រាប​ការ​យល់​ដឹង និង​ការ​សម្អាត​ទីក្រុង​របស់​ខ្លួន ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម គាំទ្រ​ទាំង​អស់​គ្នា។

ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី ៧ នេះ ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ពាក្យ​ស្លោក​មួយ​ចំនួន​រួម​មាន «ប្រជា​ពលរដ្ឋ​គ្រប់​រូប​ជា​ម្ចាស់​នៃ​ភាព​ស្អាត និង​ភាព​បៃតង នៅ​តាម​ទីក្រុង​របស់​ខ្លួន និង​ពលរដ្ឋ​គំរូ​ចូលរួម​គិតគូរ​ពី​បរិស្ថាន និង​សោភណ​ភាព​ទីក្រុង» ជាដើម។

លោក​ កែន ស​ត្ថា អភិបាលខេត្ដ​កែប ដែលជា​ខេត្ដ​មាន​សក្ដានុ​ពល​ទេសចរណ៍​នៅ​កម្ពុជា ថ្លែង​ថា ចំពោះ​ការ​រៀបចំ​ទីក្រុង​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​ស្អាត ខេត្ដ​កែប​មិន​មែន​ទើប​តែ​ចាប់​ផ្ដើម​អនុវត្ដ​នៅ​ពេល​ក្រសួង​ជូន​ដំណឹង​នោះ​ទេ ប៉ុន្ដែ​គឺ​ត្រូវ​អនុវត្ដ​វិធានការ​សម្អាត​ទីក្រុង និង​ការ​ផ្សព្វផ្សាយ​អប់រំ ជា​រៀង​រាល់​ថ្ងៃ។

ទាក់ទង​នឹង​ទីក្រុង​ស្អាត​នេះ​លោក​អភិបាល​បន្ដថា ខេត្ដ​កែប​ធ្លាប់​ទទួល​បាន​ពាន «និរន្តរភាព​ទីក្រុង​ស្អាត​អាស៊ាន» ពី​ប្រទេស​ប្រ៊ុយណេ ឆ្នាំ ២០១៧ សំដៅ​លើ​ខ្យល់​ស្អាត ទឹក​ស្អាត និង​ដី​ស្អាត។

លោក​ថា៖ «កិច្ចការងារ​រៀបចំ​ទីក្រុង​ស្អាត​នេះ យើង​ធ្វើជា​ប្រចាំ មិន​សម្រាប់​តែ​ប្រចាំ​ឆ្នាំ​ទេ។ ក្នុង​ឆ្នាំ​នេះ​យើង​ខិតខំ​ពង្រឹង​និង​ពង្រីក​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវថ្នល់ ឲ្យ​ទៅ​ជា​ផ្លូវ​ថ្នល់​ទេសចរណ៍​ស្ដង់ដា​មាន​ផ្លូវ​រថយន្ដ ទោចក្រ​យានយន្ដ ផ្លូវ​ធ្វើ​ដំណើរ​ដោយ​កង់ និង​ផ្លូវ​ថ្មើរ​ជើង ដែល​យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​សួន​ច្បារ​និង​បំពាក់​ភ្លើង​ពណ៌ និង​អំពូល​ភ្លើង​ដែល​ប្រើ​ថាមពល​កើត​ឡើង​វិញ​ជាដើម»។

លោក ​វ៉ី សំណាង អភិបាលខេត្ដ​កំពង់ស្ពឺ បាន​ថ្លែង​ដែរ​ថា លោក​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ថ្នាក់​ខេត្ដ ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​រៀបចំ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​អភិបាល​បន្ដថា៖ «យើង​ក៏​កំពុង​ធ្វើ​ចលនា ទៅគ្រប់​រោងចក្រ សហគ្រាស ឲ្យ​ពួកគាត់​ចូលរួម ជា​ថវិកា និង​សម្ភារ ប្រមូល​សំរាម និង​ទិញ​រថយន្ដ​ប្រមូល​សំរាម។ ខ្ញុំ​ជឿ​ថា បន្ទាប់​ពី​មាន​ការ​យល់​ដឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​យើង​ហើយ​យើង​មាន​ក្រុម​ការងារ​ដើរ​ប្រមូល​សំរាម​ចល័ត​ទៀត យើង​ជឿថា​រឿង​សម្អាត​ទីក្រុង​នេះ​នឹង​រឹត​តែ​ប្រសើរ​ថែម​ទៀត»។

លោក​ថា៖ «យើង​ខិតខំ​ជំរុញ​ទៅគ្រប់​កន្លែង​ទាំងអស់​ជុំវិញ​ការរៀបចំ​ទីក្រុង​ស្អាត​នេះ។ និយាយ​រួម​ទាំង​មន្ដ្រី​និង​បងប្អូន​ប្រជាពលរដ្ឋ​និង​ម្ចាស់​រោងចក្រ​សហ​គ្រាស​នាំគ្នា​ចូលរួម​ថែរក្សា​បរិស្ថាន»។

លោក ​វ៉ី សំណាង ឲ្យ​ដឹងថា បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺ​បាន​ផ្តួចផ្ដើម ចែក​ជូន​ចាន​ស្រាក់ និង​ដប​ទឹក​ដល់ក​ម្មករ កម្មការិនី នៅ​តាម​រោងចក្រ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ផង​ដែរ។

លោក ​ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ដ​ព្រះសីហនុ ថ្លែងថា ខេត្ដ​ព្រះសីហនុ​បាន​និង​កំពុង​ធ្វើ​ការងារ​ទៅ​លើ​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​សម្អាត​តាម​មាត់​ឆ្នេរ​សមុទ្រ ឲ្យ​ក្លាយ​ទៅ​ជា​ឆ្នេរ​គំរូ។ លោក​បន្ដ​ថា៖ «យើង​មិន​ឲ្យ​មាន​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​ទៀត​ទេ​ព្រោះ​ពីមុន​មក​វា​ធ្លាប់មាន​បញ្ហា​ខ្លះ​ព្រោះ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​មាន​ការ​កើន​ឡើង»។

លោក​ថា៖ «ឥឡូវនេះ​យើង​កំពុង​រៀបចំ​ឆ្នេរ មាន​ឆ្នេរ​នៅ​អូរត្រេស​ឲ្យ​ក្លាយ​ទៅ​ជា​ឆ្នេរ​គំរូ។ ចំណែក​ឆ្នេរ​អូរ​ឈើ​ទាល យើង​កំពុង​រៀបចំ​តូប​លក់​ដូរ​ឲ្យ​ទៅ​ជា​ស្ដង់ដា​ដែរ»៕