ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អនុញ្ញាត​ឲ្យ​សហគ្រាស ដែល​ស្ថិតក្រោម​វិសាលភាព​នៃ​ច្បាប់​ការងារ​អាច​ស្នើសុំ​ប្រើប្រាស់​កម្មករនិយោជិត​បរទេស​ជា​លក្ខណពិសេស​លើសពី ១០ ភាគរយ​នៃ​ចំនួន​កម្មករ​ខ្មែរ​សរុប​ក្នុង​ករណី​ដែល​មិនអាច​ស្វែងរក ឬ​មិនមាន​កម្មករនិយោជិត​ខ្មែរ​គ្រប់គ្រាន់​។

ប្រកាស​ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ កាលពី​ពាក់កណ្តាល​ខែ​សីហា​ឲ្យ​ដឹងថា ម្ចាស់ ឬ​សហគ្រាស​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​វិសាលភាព​មាត្រា​ ១ នៃ​ច្បាប់​ស្តី​ការងារ ដែល​មាន​តម្រូវការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​គឺ​អាច​ស្នើសុំ​ប្រើប្រាស់​កម្មករ​និយោជិត​បរទេស​ជា​លក្ខណពិសេស​លើស​ពី ១០ ភាគរយ​នៃ​ចំនួន​សរុប​កម្មករ​និយោជិត​ខ្មែរ​។ ប្រកាស​បន្ត​ថា ក្នុងករណី​ដែល​អាច​ប្រើប្រាស់​កម្លាំង​កម្មករ​បរទេស​លើសពី​ ១០ ​ភាគរយ​នេះ លុះត្រា​តែ​សហគ្រាស​ទាំងនោះ​មិនអាច​ស្វែងរក​ ឬ​មិនមាន​កម្មករ​និយោជិត​ខ្មែរ​គ្រប់គ្រាន់ សម្រាប់​ចូល​បម្រើ​ការងារ​នៅ​កន្លែង​ណាមួយ ឬ​ប្រភេទ​ណាមួយ ឬ​តាម​វេន​ការងារ​ណាមួយ​។

ប្រកាស​របស់​ក្រសួង​បញ្ជាក់​ថា​៖ «​ដើម្បី​ប្រើប្រាស់​កម្មករ​និយោជិត​បរទេស​នេះ គឺ​ម្ចាស់ ឬ​នាយក​សហគ្រាស​ត្រូវ​ធ្វើ​លិខិត​សុំ​ការអនុញ្ញាត​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​កិច្ចសន្យា​ការងារ​ជា​លាយលក្ខណ៍អក្សរ​របស់​ជនបរទេស​នីមួយៗ​។ ​ម្ចាស់ ឬ​នាយក​សហគ្រាស​ ឬ​ជន​ទាំងឡាយ ដែល​ប្រព្រឹត្ត​ល្មើស​នឹង​បញ្ញតិ​ទាំងឡាយ​នៃ​ប្រកាស​នេះ​ត្រូវ​ផ្តន្ទាទោស​តាម​ជំពូក​ទី ១៦ នៃ​ច្បាប់​ស្តីពី​ការងារ​»​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ការសម្រេច​របស់​ក្រសួង​បែប​នេះ​គឺ​ដើម្បី​បំពេញ​តម្រូវការ​ចង្វាក់​ផលិតកម្ម​ពេញ​ ២៤ ម៉ោង លើ​ ២៤ ម៉ោង​ខណៈ​ដែល​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​មួយ​ចំនួន​ដូចជា​ការងារ​វេន​យប់ កសិកម្ម និង​សំណង់​គឺ​នៅ​មាន​ការខ្វះខាត​នៅឡើយ​។

បន្ថែម​ពីនេះ​លោក បញ្ជាក់ថា ករណី​ដែល​ក្រសួង អនុញ្ញាត​ឲ្យ​សហគ្រាស​អាច​ស្នើ​ប្រើប្រាស់​កម្លាំង​កម្មករ​បរទេស​លើសពី ១០​ ​ភាគរយ​នេះ​គឺ​លុះត្រាតែ​ការងារ​ទាំងនោះ​មិន​អាច​ស្វែងរក​កម្លាំង​កម្មករ​ខ្មែរ​បាន​។

លោក​បញ្ជាក់ថា​៖ «​បើ​គ្រប់​លក្ខខណ្ឌ​ក្នុង​ប្រការ​ ១ នៃ​ប្រកាស​ថ្មី​នេះ​គឺ​មិន​កំណត់​កូតា​ទេ​។ បើ​រក​មិនបាន​ ឬ​ពិបាក​រក​ (​កម្លាំង​ពលកម្ម​) គឺ​សហគ្រាស​អាច​រើស​បាន​។ យើង​ត្រូវការ​ចង្វាក់​ផលិតកម្ម ២៤ ម៉ោង​លើ ២៤ ​ម៉ោង​។ បើ​មាន​ការងារ តែ​ពិបាក​រក​កម្លាំង​គឺ​យើង​ត្រូវ​បើកចំហ​»​។

យោង​តាម​ប្រកាស​ស្តីពី​ការប្រើប្រាស់​ហត្ថពលកម្ម​បរទេស​របស់​ក្រសួង​ការងារ​កាលពី​ខែសីហា ឆ្នាំ ២០១៤ បាន​ចែងថា ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយ​នៅពេល​ត្រូវការ​ជ្រើសរើស​កម្មករ​និយោជិត​ត្រូវ​ធ្វើការ​ជ្រើស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អាទិភាព​។ ការប្រើប្រាស់​ហត្ថពលកម្ម​បរទេស​មិន​ឲ្យ​លើសពី ១០ ភាគរយ​នៃ​ចំនួន​កម្មករនិយោជិត​ខ្មែរ​សរុប​ទេ ដោយ​អត្រា​កំណត់​អតិបរមា ១០ ភាគរយ​នេះ​ត្រូវ​កំណត់​បែងចែក​និយោជិត​បរទេស ដែល​ធ្វើការ​ក្នុង​ការិយាល័យ​ចំនួន ៣ ​ភាគរយ និយោជិត ឬ​កម្មករ​ឯកទេស ៦ ​ភាគរយ និង​និយោជិត ឬ​កម្មករ​គ្មាន​ឯកទេស ១ ​ភាគរយ​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​សម្តែង​ភាព​ភ្ញាក់ផ្អើល​ដែល​ក្រសួង​ការងារ​សម្រេច​ឲ្យ​សហគ្រាស​អាច​ប្រើប្រាស់​កម្មករ​បរទេស​លើសពី ១០ ​ភាគរយ​។

លោក​បន្តថា ស្ថិត​ក្នុង​ដំណាក់កាល​នេះ ក្រសួង​មិន​គួរ​ណា​សម្រេច​ដូច្នេះ​នោះទេ ព្រោះ​បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​វិលត្រឡប់​ពី​បរទេស​កំពុង​តែ​ប្រឈម​ការគ្មាន​ការងារ​ធ្វើ​។

លោក​ថា​៖ «​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ហើយ​ថា ពលរដ្ឋ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ហ្នឹង​មិន​តិច​ជាង ១៣ ម៉ឺន​នាក់​ទេ​។ អ៊ីចឹង មនុស្ស ១២ ទៅ ១៣ ​ម៉ឺន​នាក់​ហ្នឹង តើ​ពួកគាត់​មាន​ការងារ​ធ្វើ​ឬទេ​? ខណៈ​ដែល​រឿង​សំខាន់​របស់​ពួកគាត់ គឺ​រឿង​បំណុល​។ ខ្ញុំ​គិតថា ការ​ឲ្យ​ពលរដ្ឋ​បរទេស​មាន​សិទ្ធិ​ធ្វើការ​លើស​ពី ១០ ​ភាគរយ​នេះ​គឺ​ហាក់​បើក​ឱកាស​ឲ្យ​មានការ​ប្រកួតប្រជែង​គ្នា​រវាង​កម្មករ​បរទេស និង​កម្មករ​ខ្មែរ​»​។

ម្យ៉ាងទៀត​លោក​សង្កេត​ឃើញ​ថា បើទោះបី​ជា​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​សហគ្រាស​អាច​ប្រើប្រាស់​កម្មករ​បរទេស​លើស​ពី​ ១០ ​ភាគរយ​ក៏​កន្លង​ទៅ​មាន​សហគ្រាស​មួយចំនួន ជាពិសេស​ក្នុង​វិស័យ​កសិកម្ម​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​បរទេស ច្រើន​លើសលប់​រួចទៅហើយ ហើយ​ចំពោះ​ការសម្រេច​បើក​ឱកាស​តាមផ្លូវ​ច្បាប់​បែប​នេះ លោក បារម្ភ​ថា​កម្ពុជា​អាច​នឹង​ក្លាយ​ទៅ​ជា​គោលដៅ​នៃ​ការជួញដូរ​មនុស្ស​៕

វីដេអូ៖