ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យសាលារៀនឯកជនចំនួន ២០ ដែលមានស្ដង់ដាសុវត្ថិភាពខ្ពស់ក្នុងការបង្ការជំងឺឆ្លងកូវីដ ១៩ បើកដំណើរការឡើងវិញនៅខែសីហា បើទោះបីជាកម្ពុជាទើបប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ មួយចំនួនបន្ថែមទៀតក៏ដោយ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានសរសេរនៅក្នុងប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានយល់ព្រមឱ្យក្រសួងអប់រំបើកសាកល្បង គ្រឹះស្ថានសិក្សាឯកជន ដែលមានស្ដង់ដាសុវត្ថិភាពខ្ពស់ចំនួន ២០ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបងនៅក្នុងខែសីហាខាងមុខហើយសាលាទាំងនោះគឺត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
លោកបានបន្តថា សាលារៀនដែលបើកដំណើរការឡើងវិញគឺត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពនៅក្នុងបរិវេណសាលា អគារសិក្សា និងបន្ទប់សិក្សារួមទាំងបាញ់ថ្នាំសម្លាប់មេរោគឱ្យបានទៀងទាត់ និងបំពាក់ឧបករណ៍សម្លាប់មេរោគឱ្យស្របតាមស្ដង់ដា ហើយចំពោះសាលាណាដែលល្មើសមិនគោរពតាមកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំនឹងប្រឈមបិទទ្វារបណ្ដោះអាសន្នវិញ។
លោកបានបញ្ជាក់ថា៖ «គ្រឹះស្ថានសិក្សាទាំងនេះត្រូវបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះ គឺការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀនព្រមទាំងគោរពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា។ ក្រសួងនឹងចេញគោលការណ៍ណែនាំស្តីពីលក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដជាមូលដ្ឋានគោលសម្រាប់ការរៀបចំពិធីសារសុវត្ថិភាពសុខភាពសិក្សារបស់គ្រឹះស្ថានសិក្សា»។
កាលពីពេលថ្មីៗនេះលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានចុះទៅពិនិត្យនៅតាមសាលារៀនឯកជនមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ដើម្បីវាយតម្លៃអំពីការរៀបចំវិធានការ និងការការពារសុវត្ថិភាពមុនពេលសម្រេចឱ្យសាលារៀនទាំងនោះបើកដំណើរការឡើងវិញ។
សាលាអន្តរជាតិ វេសវីយូ កម្ពុជា (Westview Cambodian International School) បានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុកថា ខ្លួនបានបំពេញតាមគ្រប់លក្ខខណ្ឌរបស់ក្រសួងអប់រំ និងបានទទួលការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅក្នុងដំណាក់កាលទី ១ នេះ។
សាលារៀននេះបញ្ជាក់ថា៖ «មាតាបិតា និងអាណាព្យាបាលត្រូវតែចុះហត្ថលេខាយល់ព្រមជាមួយសាលាលើលក្ខខណ្ឌស្តង់ដាសុវត្ថិភាពរបស់ក្រសួងអប់រំមួយចំនួនមុនពេលអាចបញ្ជូនកូនមករៀននៅសាលាវិញបាន។ បច្ចុប្បន្នក្រុមការងាររបស់សាលាកំពុងតែរៀបចំឯកសារទាំងនោះ ហើយនៅពេលដែលយើងខ្ញុំរៀបចំរួចរាល់ យើងខ្ញុំនឹងទាក់ទងទៅមាតាបិតា និងអាណាព្យាបាលយ៉ាងឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថានៅពេលបច្ចុប្បន្ននេះប្រទេសមួយចំនួនបានចាប់ផ្ដើមឆ្លងរាលដាលជំងឺកូវីដ ១៩ ជាលើកទី ២ ហើយប្រទេសខ្លះនឹងអាចបិទប្រទេសម្ដងទៀត។ លោកបានជំរុញឱ្យពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នបំផុត និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសការឆ្លងនៅក្នុងសហគមន៍ស្របពេលរដ្ឋាភិបាលបានសម្រេចឱ្យសាលារៀន បើកដំណើរការវិញបណ្ដើរៗព្រមទាំងអនុញ្ញាតឱ្យពលរដ្ឋបានឈប់សម្រាករហូតដល់ ៩ ថ្ងៃនៅក្នុងខែសីហា។
នៅពេលជួបកសិករនៅខេត្តតាកែវកាលពីថ្ងៃអង្គារលោក ហ៊ុន សែន បានបញ្ជាក់ថា ការរកឃើញពលរដ្ឋខ្មែរឆ្លងជំងឺកូវីដ ១៩ ចំនួន ២៦ នាក់ ដែលសុទ្ធតែជាអ្នកដំណើរមកពីក្រៅប្រទេសកាលពីថ្ងៃទី ២១ កក្កដា គឺជាតួលេខខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីកម្ពុជាបានរកឃើញជំងឺនេះដំបូងកាលពីខែមករាមក។
រដ្ឋាភិបាលបានប្រកាសបិទសាលារៀននៅទូទាំងប្រទេសតាំងពីខែមីនាបន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញពលរដ្ឋខ្មែរដំបូងគេ ដែលស្ថិតនៅក្នុងក្រុងសៀមរាបបានឆ្លងជំងឺកូវីដ ១៩ ដែលជាការចម្លងជំងឺពីបុរសជនជាតិជប៉ុន។
ការបិទសាលារៀននៅទូទាំងប្រទេស និងជំរុញឱ្យសិស្សប្ដូរមកសិក្សាពីចម្ងាយ ឬតាមប្រព័ន្ធអនឡាញគឺបានធ្វើឱ្យសិស្សជាច្រើន ជាពិសេសសិស្សនៅតាមជនបទពុំអាចមានលទ្ធភាពសិក្សាឡើយដោយសារខ្វះសម្ភារ ហើយក៏បានធ្វើឱ្យសាលារៀនឯកជនខ្លះ ត្អូញត្អែរអំពីការធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំង ដែលអាចប្រឈមនឹងការបិទសាលារៀនទាំងស្រុងជាដើម។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយធ្លាប់បានលើកឡើងពីការព្រួយបារម្ភថា ការបិទសាលារៀនយូរ ទំនងធ្វើឱ្យសិស្សរាប់លាននាក់អាចប្ដូរឥរិយាបថទៅជាមិនល្អ ដោយសារទម្លាប់លេងហ្គេមច្រើនជ្រុលហួសហេតុ សម្រាប់សិស្សមានស្មាតហ្វូន ឬកុំព្យូទ័រ និងមានទម្លាប់ដើរលេងជ្រុលសម្រាប់សិស្សក្រីក្រ មិនមានឧបករណ៍ទាំងនេះប្រើប្រាស់។
ប៉ុន្តែលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនពេញចិត្តចំពោះក្រសួងអប់រំដែលអនុញ្ញាតឱ្យបើកតែសាលារៀនឯកជននេះទេ។ លោកស្រីយល់ថា ក្រសួងហាក់ដូចជាខ្វល់ខ្លាំង តែសាលារៀនឯកជន និងមិនបានគិតគូរ និងយកចិត្តទុកដាក់ចំពោះសាលារៀនរដ្ឋដែលមានសិស្សជាច្រើន កំពុងត្រៀមប្រឡងឌីប្លូម និងបាក់ឌុបនៅពេលខាងមុខនេះ។
លោកស្រីបន្តថា កន្លងមកខាងសមាគមគឺទាមទារឱ្យក្រសួង បើកសាលាព្រមគ្នាគឺទាំងសាលារៀនរដ្ឋ និងឯកជន ហើយឱ្យសាលាទាំងនោះអនុវត្តវិធានការការពារ ប៉ុន្តែលោកស្រីបញ្ជាក់ថា ដោយសារបច្ចុប្បន្នកម្ពុជាបានរកឃើញករណីឆ្លងច្រើននៅរយៈពេលចុងក្រោយនេះគឺមិនគួរប្រញាប់បើកសាលាវិញឡើយ។
លោកស្រីថា៖ «សមាគមគឺឱ្យបើកសាលានៅទូទាំងប្រទេសឡើងវិញ ប៉ុន្តែនៅពេលយើងឃើញថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះការរកឃើញជំងឺកូវីដនៅកម្ពុជាកំពុងហក់ឡើងជាថ្មីនេះដែលក្នុង ១ ថ្ងៃឡើងដល់ ២០ ទៅជិត ៣០ នាក់គឺសុំឱ្យក្រសួងពិចារណាម្ដងទៀត»។
លោក សុវាចា បញ្ជាក់ដែរថា ការសម្រេចឱ្យបើកដំណើរការសាលារៀនក្នុងដំណាក់ទី ២ គឺអាស្រ័យលើការបើកសាកល្បងដំណាក់កាលទី ១ នេះទទួលបានជោគជ័យដែលសាលាទាំងនោះអាចអនុវត្តតាមវិធីបង្ការជំងឺកូវីដ១៩។
កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ កើនដល់ ១៩៧ នាក់ ក្នុងនោះត្រូវបានព្យាបាលជាសះស្បើយចំនួន ១៤០ នាក់។ ស្ដ្រីខ្មែរម្នាក់ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយបានរត់គេចពីកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយនៅភ្នំពេញ និងត្រូវអាជ្ញាធររកឃើញនៅខេត្តកំពង់ចាមគឺត្រូវបានផាកពិន័យជាប្រាក់ ១ លានរៀល និងឱ្យធ្វើកិច្ចសន្យា។
កាលពីថ្ងៃម្សិលមិញលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលមិនបានបញ្ជាក់បន្ថែមអំពីការរឹតបន្តឹងការធ្វើចត្តាឡីស័កអ្នកដំណើរមកពីក្រៅប្រទេសនោះទេ។ លោកស្រីគ្រាន់តែថ្លែងយ៉ាងខ្លីថា សមត្ថកិច្ចកំពុងយកចិត្តទុកដាក់ចំពោះការធ្វើចត្តាឡីស័ក ហើយគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺ និងកំពុងតាមដានសុខភាពអ្នកដំណើរ៕
វីដេអូ៖