
ទឹកស្អុយដែលគេ បង្ហូរចូលទន្លេក្នុងខេត្ត សៀមរាប។ សហការី
ភ្នំពេញៈ ក្រសួងបរិស្ថានជូនដំណឹងពីការផ្សព្វផ្សាយឯកសារសម្រាប់គ្រប់គ្រងសុវត្ថិភាពបរិស្ថាន និងសង្គមនៃការអនុវត្ដគម្រោង «និរន្ដរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» ក្នុងខេត្ដចំនួន ៧ ជាមួយទំហំទឹកប្រាក់ជាង ៥០ លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិ។
សេចក្ដីជូនដំណឹងដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ១៣ ខែកុម្ភៈបានបង្ហាញថា ក្រុមការងាររៀបចំគម្រោង នៃក្រសួងបរិស្ថាន សហការជាមួយធនាគារពិភពលោក បាននិងកំពុងរៀបចំគម្រោង «និរន្ដរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» ដែលជាគម្រោងកម្ចីពីធនាគារពិភពលោកមានគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ ជំរុញទេសចរណ៍ធម្មជាតិ និងចង្វាក់តម្លៃអនុផលព្រៃឈើក្នុងខេត្ដគោលដៅចំនួន ៧ ស្ថិតនៅជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប។ ក្រសួងបរិស្ថាន នឹងអនុវត្ដគម្រោងនេះទៅលើខេត្ដចំនួន ៧ នោះ រួមមាន ខេត្ដកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ និងខេត្ដ សៀមរាប។
សេចក្ដីជូនដំណឹងរបស់ក្រសួងថា គម្រោងនេះមានសមាសភាគ ចំនួន ៣ សំខាន់គឺការវិនិយោគលើការពិនិត្យតាមដាន និងការរៀបចំផែនការតំបន់ទេសភាពប្រកបដោយនិរន្ដរភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ទេសចរណ៍ធម្មជាតិ និងចង្វាក់តម្លៃអនុផលព្រៃឈើ និងការគ្រប់គ្រងការពិនិត្យតាម ដាន និងការវាយតម្លៃគម្រោង។
ក្រសួងបានដាក់ចេញនូវឯកសារសំខាន់ៗចំនួន ៤ គឺ ១.ឯកសារក្របខ័ណ្ឌគ្រប់គ្រងដំណើរការសុវត្ថិភាពសង្គម ២.ឯកសារក្របខ័ណ្ឌគោលនយោបាយស្ដីពីការប្ដូរទីតាំងលំនៅឋាន ៣.ឯកសារក្របខ័ណ្ឌរៀបចំធ្វើផែនការរបស់ជនជាតិដើមភាគតិច និង ៤.ឯកសារក្របខ័ណ្ឌសម្រាប់គ្រប់គ្រងសុវត្ថិភាពបរិស្ថាន។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងថា គម្រោងនេះមានទឹកប្រាក់ប្រមាណ ៥៣ លានដុល្លារអាមេរិក ដែល ៥០ លានដុល្លារនឹងបានមកពីប្រាក់កម្ចីធនាគារពិភពលោក និង ៣ លានដុល្លារទៀតបានមកពីមូលនិធិបរិស្ថានសកល។
លោកបញ្ជាក់ថា៖ «តាមរយៈគម្រោងនេះ យើងជឿជាក់ថាធនធានធម្មជាតិរបស់យើងនឹងត្រូវបានការពារបានយ៉ាងល្អ និងអាចទប់ស្កាត់បទល្មើស និងការកាប់រុករានទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ ហើយបទល្មើសព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់នឹងបន្តថយចុះ។ ពលរដ្ឋរស់នៅតំបន់អនុវត្តគម្រោង នឹងទទួលបានផលប្រយោជន៍ច្រើនពីទេសចរណ៍ធម្មជាតិ»៕