ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយគ្រឹះស្ថានបណ្ដុះបណ្ដាល IT Academy STEP Cambodia នឹងចាប់ផ្ដើមអនុវត្ដកម្មវិធី «Sister of Code» ដែលជាកម្មវិធីបង្ហាត់ឲ្យចេះសរសេរកូដជំហានដំបូង នៅពាក់កណ្ដាលខែនេះ តាមរយៈការលើកកម្ពស់ការរៀន និងការបង្រៀនស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដោយលើកទឹកចិត្តសម្រាប់សិស្សនារី។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា កម្មវិធី Sister of Code គឺជាកម្មវិធីលើកទឹកចិត្តដល់សិស្សនារីឲ្យព្យាយាមសរសេរកូដកម្មវិធីដូចជា ការបង្កើតហ្គេម និងវេបសាយដោយខ្លួនឯងជាដើម និងជាការអភិវឌ្ឍទំនុកចិត្តក្នុងការផ្ដល់ឱកាសជោគជ័យលើផ្នែកឌីជីថលនាពេលអនាគតដល់ ពួកគេ ដែលនេះជាកម្មវិធីលើកដំបូងគេបង្អស់នៅកម្ពុជា។
លោក សុវាចា បានបន្តថា កម្មវិធីនេះនឹងបង្រៀនសិស្សនារីដែលមានអាយុចន្លោះពី ១០ ឆ្នាំទៅ ១៨ ឆ្នាំ នូវមូលដ្ឋានគ្រឹះនៃការសរសេរកូដដោយឥតគិតថ្លៃក្នុងរយៈពេល ៦ ខែ ដែលជាការសិក្សាក្រោយម៉ោងដោយឲ្យពួកគាត់ត្រូវរៀន ១ ថ្ងៃ ក្នុង ១ សប្ដាហ៍ ដោយរៀនម្ដងៗប្រើពេល ២ ម៉ោងកន្លះ។
លោកបន្ថែមថា៖ «សម្រាប់ជំហានសាកល្បងដំបូង កម្មវិធីសិក្សានេះ នឹងដាក់បង្រៀននៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យ ហ៊ុនសែន សេរីភាព ដោយជ្រើសរើស សិស្សនារី ១៥ នាក់សម្រាប់សាលារៀន ១ ដើម្បីចូលរៀន»។
ទាក់ទងនឹងដំណើរការបច្ចេកទេស លោក សុវាចា បានឲ្យដឹងថា គ្រឹះស្ថានបណ្ដុះបណ្ដាល IT Academy STEP Cambodia បានសហការជាមួយក្រសួងអប់រំដើម្បីរៀបចំវគ្គតម្រង់ទិសដល់គ្រូឯកទេសនៅសាលារៀនទាំង ២ ខាងលើ និងអនុញ្ញាតឲ្យពួកគាត់ធ្វើជាគ្រូជំនួយក្នុងបំណងឲ្យមានលទ្ធភាពបង្រៀនបាននៅក្នុងគម្រោងក្រោយៗទៀត។
បើតាមលោក សុវាចា កម្មវិធីសិក្សា Sister of Code នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះតទៅ។
តាមរយៈការចូលរួមសហការជាមួយក្រសួងនេះ លោកស្រី Natalija Rodionova នាយកគ្រប់គ្រងគ្រឹះស្ថានបណ្ដុះបណ្ដាល IT Academy STEP Cambodia បានថ្លែងថា កម្មវិធីនេះបានផ្ដល់ជូនសិស្សនារីនូវឱកាសដ៏កម្រមួយដើម្បីបានសិក្សាកម្មវិធីសរសេរកូដ។
លោកស្រីបន្ដថា៖ «អំឡុងពេលកម្មវិធីសិក្សានេះ ក្មេងស្រីទាំងអស់ នឹងសិក្សាអំពីគោលការណ៍នៃការគណនា និងការដោះស្រាយបញ្ហា តាមរយៈការសរសេរកូដ ការអភិវឌ្ឍ ហ្គេមកម្សាន្ត និងការអភិវឌ្ឍវេបសាយជាដើម»។
លោកស្រីបញ្ជាក់ថា៖ «យើងចង់លើកទឹកចិត្តសិស្សស្រីឲ្យពិចារណាជ្រើសយកជំនាញឌីជីថល សម្រាប់អនាគតរបស់ពួកគេដែលជាការបង្កើនទំនុកចិត្តថាពួកគេអាចធ្វើវាបានល្អ»។
លោកស្រី បានបង្ហាញការជឿថា គម្រោងមួយនេះអាចជួយបង្កើននូវការចាប់អារម្មណ៍ជាទូទៅក្នុងវិស័យបច្ចេកវិទ្យានៅក្នុងចំណោមសិស្សនារីដែលមិនពេញនិយមទាល់តែសោះនៅកម្ពុជា។
លោកស្រី បានបន្ថែមថា៖ «យើងថែមទាំងជឿថា មានតែក្លិបសិស្សនារីនេះទេ ជាវេទិកាល្អសម្រាប់ការចែករំលែក និងធ្វើកិច្ចសហប្រតិ្តបត្តិការដែលវេទិកានេះឈរទៅលើគំនិតនៃភាពជាបងប្អូនស្រី»។
បើតាមលោកស្រី Natalija Rodionova កម្មវិធីសិក្សានេះដំបូងឡើយសិស្សនឹងរៀនអំពីជំនាញឌីជីថលសំខាន់ៗ។បន្ទាប់មកពួកគេនឹងរៀនអំពីរបៀបសរសេរកូដ និងអាចប្រើប្រាស់ជំនាញទាំងនោះទៅក្នុងវិស័យដែលពួកគេពេញចិត្ត៕