ភ្នំពេញៈ ខណៈ​​ដែល​កម្ដៅ​កើនឡើង​ខ្លាំង​ ដែល​អាច​ឡើង​លើស​ពី ៤០ អង្សាសេ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា បាន​ប្រកាស​ឱ្យ​គ្រប់​គ្រឹះស្ថាន​សិក្សា កាត់​បន្ថយ​ម៉ោង​​សិក្សា​ដើម្បី​បង្ការ​ទប់​ស្កាត់ហានិ​ភ័យ និង​ចៀស​វាង​ជំងឺ​ផ្សេងៗ ដែល​អាចធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​សុខភាព​​របស់​សិស្ស​​ និង​គ្រូបង្រៀន។

តាម​សេច​ក្តី​ប្រកាស​របស់​ក្រសួង​អប់​រំ​កាល​ពី​ថ្ងៃ​ទី ២៥ ខែ ​មេសា ក្រសួង​បាន​កាត់​បន្ថ​យ​ម៉ោង​សិក្សា​របស់សិស្ស នៅ​ពេល​ព្រឹក ចូល​រៀន​នៅ​ម៉ោង ៧:០០ និង​ចេញ​នៅ​ម៉ោង ១០ និង​ ៣០ នាទី​ដែល​ពីមុន​សិស្ស​ចេញ​​នៅ​ម៉ោង ១១:​០០​។ នៅ​ពេល​រសៀល​ចូល​រៀន​នៅ​ម៉ោង ១៣ និង​ ៣០ នាទី និង​ចេញ​នៅ​ម៉ោង​ ១៧:០០។ នៅ​ពេល​ផុតរ​ដូវ​ក្តៅ ម៉ោង​សិក្សា​នេះ​នឹង​ត្រូវ​ប្តូរ​មក​ម៉ោង​សិក្សា​ដូចដើម​វិញ។

លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ បា​នប្រាប់​ភ្នំពេញ​ប៉ុស្តិ៍កាល​ពីម្សិល​មិញ​ថា ក្រសួង​បានគិត​គូរ​យ៉ាង​ល្អិ​ត​​​ល្អន់​ ទៅ​ដល់​​សុខភាព​របស់​សិស្សា​នុសិស្ស នៅ​គ្រប់​កម្រិត​ថ្នាក់​ក៏ដូចជា​គ្រូ​បង្រៀន​ ជា​ពិសេស​កុមារ​តូចៗ។

លោកបាន​បញ្ជា​​ក់​ថា៖ «ក្រសួង​ជឿជាក់​ថា​ នេះ​គឺជា​​ការ​ចូលរួម​មួយទៅ​លើ​ការ​ថែរក្សា​សុខ​ភាពរបស់​បុគ្គ​លិក​អប់រំដែល​ពាក់​ព័ន្ធ និង​សិស្សា​នុសិស្ស»។

លោកបន្ត​ថា ការ​កើន​ឡើង​កម្ដៅ​គឺជា​កត្តា​មួយ​នៅ​ក្នុង​ចំណោម​កត្តា​ជា​ច្រើន ​ដែល​មាន​ឥទ្ធិពល​មក​លើ​សុខភាពរបស់លោកគ្រូ​អ្នកគ្រូនិង​សិស្សា​នុសិស្ស​ក៏​ដូចជា អ្នកពាក់ព័ន្ធ​នៅ​ក្នុង​​វិស័យ​អប់រំ។

បើតាម​លោក សុវាចា ក្រសួង​បាន​បន្តធ្វើការ​ជាមួយ​យន្តការ​មួយ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា «គណៈ​កម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​វិស័​យ​អប់រំ» ដែល​បង្កឱកាស​ឱ្យ​ក្រសួង​ធ្វើការ​ពិនិត្យ និង​តាម​ដាន​យ៉ាង​ជិត​ស្និទ្ធជាមួយ​នឹង​ក្រុម​ការងារ​នៅ​គ្រប់​កម្រិត​ មាន​កម្រិត​មន្ទីរ​ កម្រិត​ស្រុក និង​កម្រិត​សាលា​រៀន។​ «នេះ​មាន​ន័យ​ថា​នៅ​គ្រប់​កម្រិត​ថ្នាក់​នោះ គឺគាត់​​មាន​លទ្ធ​ភាព​គ្រប់គ្រង​ក៏ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​ករណី​ដែល​គាត់​បាន​ជួប​នៅ​តាម​មូល​ដ្ឋាន​រៀងៗ​ខ្លួន»។

បើ​តាម​លោក សុវា​ចា ការ​កាត់​បន្ថយ​ម៉ោង​សិក្សា​គឺ​អនុវត្ត​ពី​កម្រិត​កុមារ​តូច​ រហូត​ដល់​កម្រិត​វិទ្យា​ល័យ នៅ​គ្រឹះ​ស្ថាន​អប់រំ​រដ្ឋ និង​ឯកជន។

លោក ឡាយ បូរ៉ា ប្រធាន​មន្ទីរ​អប់រំ ខេត្ត​ក្រចេះ បាន​​ឲ្យ​ដឹង​​ថា លោក​បាន​ផ្សព្វ​ផ្សាយ​លិខិត​ទៅ​កាន់​ក្រុង ស្រុក និង​គ្រឹះស្ថាន​សិក្សា​សាធា​រណៈ កាល​ពីថ្ងៃ​ទី ២៦ ខែ ​មេសា។

លោក​នឹង​អនុវត្ត​លិខិត​នេះ​ តាម​ស្ថាន​ភាព​ជាក់​ស្តែង គឺ​ក្នុង​ករណី​មិន​ឡើង​កម្ដៅ​ គឺសិស្ស​ចូលរៀន​នៅ​ម៉ោង​ធម្មតា​ដូចដើម។ បើ​កម្ដៅ​នៅ​តែ​កើន​ឡើង នោះ​នឹង​ត្រូវ​​អនុវត្ត​ទៅ​តាម​លិខិត។

លោកថា ការ​​កាត់​បន្ថយ​ម៉ោង​សិក្សា​កន្លះ​ម៉ោង​នេះ ​ធ្វើឱ្យសិស្ស​​ខាត​ម៉ោង​សិក្សា​មែ​ន​ប៉ុន្តែ​វា​សំខាន់​លើ​សុខ​ភា​ព​រប​ស់​សិស្ស។​ «​ខេត្ត​ខ្ញុំ​ជាក់​ស្តែង​នៅ​ហ្នឹង​ យើង​ដឹងថា​ កម្ដៅ​ត្រឹម ៣៦ (អង្សា) ៣៧ (អង្សា) អី វា​រឿង​ធម្មតា»។

លោកបញ្ជាក់ ចំពោះ​​​វិធាន​ការ​ទប់​ស្កាត់​កម្ដៅ​កើន​ឡើ​ង លោក​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែន​ដី អង្គការ​ពាក់​ព័ន្ធ​មួយ​ចំនួន ដោយ​បាន​ជីក​អណ្តូ​ង និង​ជួស​ជុល​អណ្តូង​បាន​ច្រើន​នៅ​ក្នុង​ខេត្ត។

លោក​ថា៖ «ដោ​យ​ឡែក ខេត្ត​ក្រចេះ ទីរួ​ម​ខេត្ត​កន្ល​ង​មក​ទីជនបទ​មួយ​ចំនួន​ក៏ឡើង​កម្ដៅ​ដែរឡើង​ដល់​ ៤០ (អង្សា​)​​​ ទៅ​ ៤១ (អង្សា) នៅ​តាម​តំប​ន់​ជាក់​ស្តែង។ យើង​នៅ​ត្រៀម​រហូត​។ មាន​បញ្ហា​អ្វី​យើង​ព្យាយាម​ដោះស្រាយ តាម​ស្ថានភាព​ជាក់ស្តែង»។

លោក វាសនា​ វរលក្ខណ៍ នាយក​សាលា​ស្តីទី​នៃ​សាលា​បឋម​សិក្សា​និង​អនុវិទ្យា​ល័យ​ឆ្នុកទ្រូខេត្ត​កំពង់​ឆ្នាំង ឲ្យ​ដឹង​ថា លោកបាន​កាត់​បន្ថយម៉ោង​សិក្សា​របស់​សិស្ស​រួច​ហើយ​កាលពី​ថ្ងៃទី ២៦ ខែ​ មេសា។

បើ​តាម​លោក វរលក្ខណ៍ កម្ដៅ​នៅសាលារបស់​លោក​​បាន​ឡើង​ដល់ទៅ​ពី ៤០ ​ទៅ​ ៤១ អង្សា​សេ ដោយ​សារ​តំបន់​នេះ​ជាតំបន់​គោក​ពាក់​កណ្តា​ល និង​ទឹក​ពាក់​កណ្តាល ហើយ​ស្ថិត​នៅ​ផុត​ពីដើមឈើ ​និង​ព្រៃ ដែល​បណ្តាល​ឱ្យ​សាលា​រៀន​នេះ​ទទួល​កម្ដៅ​ខ្លាំង។

លោក ថា៖ «និយាយ​រួម​តែ​កន្លែង​ណា​អត់​ដើម​ឈើ ចំហាយ​ (ក្តៅ)​ វា​ទទួល​ខ្លាំង ពីព្រោះ​វា​ជះ​កម្ដៅ​មក»។

លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សាលារៀន​របស់លោក​មិន​ត្រឹម​តែ​ទទួលរង​កម្ដៅ​ខ្លាំង​នោះ​ទេ​ តែ​ថែមទាំង​ខ្វះទឹក​សម្រាប់​ប្រើ​ប្រាស់​ទៀត។ ពេ​ល​ខ្លះ​សាលា​អនុញ្ញាត​ឱ្យសិស្ស​រៀន​ដោះ អាវ​នៅ​ពេល​កម្ដៅ​ឡើង​ខ្លាំង។

ក្នុង​អំឡុង​ពេល​កម្ដៅ​កើន​ឡើង​ខ្លាំង​នេះ​ដែរ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាលពីថ្ងៃទី​ ២៦ ​ខែ មេសា ក៏បា​ន​អំពាវ​នាវ​ឱ្យ​កម្មករនិ​យោ​ជិត​យកចិត្ត​ទុក​ដាក់​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន តាម​សេចក្តី​ជូន​ព័ត៌មា​ន​​របស់​ក្រសួង​សុខាភិ​បាល​ ស្តីពី​ការ​បង្ការ​ជំងឺ​បណ្តាល​មក​ពី​អាកាស​ធាតុ​ក្តៅ​ខ្លាំង និង​អំពាវនាវ​ឱ្យ​ម្ចាស់​សហ​គ្រាស​អនុវត្ត​ឱ្យ​បាន​ហ្មត់​ចត់​នូវ​វិធានការ ១១ ចំណុច​របស់​ក្រសួង​ការ​ងារ ដើម្បី​ទប់​ទល់​នឹង​កម្ដៅ​កើន​ឡើង​នេះ៕