ភ្នំពេញ៖ មន្រ្ដី​នាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុវាចា ថ្លែង​ថា ក្រសួង​អប់រំ​បាន​ប្រជុំ​កំណត់​រួច​ជា​ស្រេច​នូវ​យុទ្ធសាស្ត្រ​ត្រៀម​បើក​សាលា​រៀន​ឡើង​វិញ ក្រោយ​ការ​ប្រកាស​បិទ​ព្រឹត្តិការណ៍ ២០ កុម្ភៈ។ ប៉ុន្ដែ​ការ​បើក​សាលា​រៀន​ឡើង​វិញ គឺ​ត្រូវ​ផ្តោត​លើ​គោលការណ៍​សុវត្ថិភាព សុខភាព​ស្រប​តាម​វិធានការ​សុខាភិបាល។

លោក រស់ សុវាចា បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា​៖ «ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រជុំ​កំណត់​រួច​ជា​ស្រេច​នូវ​យុទ្ធសាស្ត្រ​ត្រៀម​បើក​សាលារៀន​ឡើង​វិញ ក្រោយ​ការ​ប្រកាស​បិទ​ព្រឹត្តិការណ៍ ២០ កុម្ភ:។ ជារួម​ការ​បើក​សាលា​រៀន​ឡើង​វិញ​នា​ពេល​ណា​មួយ​ខាង​មុខ​នេះ​ ផ្តោត​លើ​គោលការណ៍​សុវត្ថិភាព​សុខភាព ស្រប​នឹង​វិធានការ​សុខាភិបាល ដើម្បី​លើក​កម្ពស់​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ»។

លោក​បាន​បញ្ជាក់​ថា ក្រសួង​អប់រំ នឹង​ជម្រាប​ជូន​សាធារណ​ជន​នាពេល​ក្រោយ​ស្តីពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​បើក​សាលា​រៀន​ឡើង​វិញ និង​ទិដ្ឋភាព​ពាក់ព័ន្ធ។

បើ​តាម​លោក សុវាចា មក​ដល់​ពេល​នេះ បុគ្គលិក​អប់រំ និង​លោកគ្រូ-អ្នកគ្រូ ចំនួន ៨៥% នៃ​ចំនួន​សរុប ១៥៨ ០០០ នាក់ នៅ​ទូទាំង​ប្រទេស​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​រួចរាល់។

លោក​បាន​ថ្លែង​ថា ចំពោះ​មុខ​នេះ​សិស្សានុសិស្ស​នៅ​ទូទាំង ២៥ ខេត្ត-រាជធានី ត្រូវ​បន្ត​អនុវត្ត​វិធានការ ៣ ការពារ ៣ កុំ និង​អាច​រៀន​អនឡាញ​បាន​តាមរយ​:មាតិកា​ឌីជីថល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោក​បង្ហាញ​ថា មាតិកា​ឌីជីថល​ទាំង​នោះ​រួម​មាន កម្មវិធី​ស្វ័យសិក្សា MoEYS E-Learning ដែល​មាន​វីដេអូ​សិក្សា​ពី​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី១២ សៀវភៅ​សិក្សា​អេឡិចត្រូនិក​ដូចជា សៀវភៅ​សិក្សា​គោល សៀវភៅ​កំណែ​អំណាន​ទូទៅ ចំណេះ​ដឹង​សកល រឿង​និទាន កម្មវិធី​តេស្ត​សមត្ថភាព​សិស្ស និង​ទំព័រ​ព័ត៌មាន​អប់រំ។

លោក​បន្ថែម​ថា អ្នក​សិក្សា​ក៏​អាច​ទាញ​យក​កម្មវិធី​ស្វ័យ​សិក្សា​នេះ​ពី​កម្មវិធី App Store, Google Play និង App Gallery រួច​អាន​តាម​សេចក្តី​ណែនាំ​បច្ចេកទេស​ដែល​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី​សិក្សា​ទាំង​នោះ។

លោក​បាន​ឱ្យ​ដឹង​ថា អ្នក​សិក្សា​ក៏​អាច​ចូល​សិក្សា​តាម​មាតិកា​ឌីជីថល​ដូចជា មជ្ឈមណ្ឌល​សិក្សា​តាមរយ:​អេឡិចត្រូនិក elearning.moeys.gov.kh, បណ្តាញ Youtube ផ្លូវ​ការ youtube.com/moeyscambodia, ហ្វេសប៊ុក​ផ្លូវការ facebook.com/moeys.gov.kh, ការ​អប់រំ​កុមារ​តូច youtube.com/eccdcambodia, ប៉ុស្តិ៍​ទូរទស្សន៍​អប់រំ​ថ្មី "ទទក២" របស់​ក្រសួង​ព័ត៌មាន, App ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍, កម្មវិធី​អប់រំ​តាម​វិទ្យុ​ជួយ​សិស្ស​ជនជាតិ​ដើម​បន្ត​រៀន​សូត្រ, App វិស័យ​ឯកជន​នានា ដូចជា E-School Cambodia ជាដើម៕

វីដេអូ៖