ភ្នំពេញៈ ក្រសួង​អប់រំ​កំពុង​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ទៅលើ​ឯកសារ​ចំនួន​ ៦២១ ​ចំណងជើង ដែល​ដាក់​ដោយ​គ្រឹះស្ថាន​ឧត្តមសិក្សា​រដ្ឋ និង​ឯកជន​ចំនួន​ ១៥ ដែល​ស្នើសុំ​មូលនិធិ​ដើម្បី​រៀបរៀង​សៀវភៅ​សិក្សា សម្រាប់​និស្សិត​នៅ​កម្រិត​ឧត្ដមសិក្សា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​ ១៤ ខែមករា ស្ដីពី​វឌ្ឍនភាព​នៃ​ការផ្ដល់​មូលនិធិ​នេះ​បង្ហាញ​ថា ក្នុង​ចំណោម​គ្រឹះស្ថាន​ឧត្តមសិក្សា​រដ្ឋ និង​ឯកជន​ចំនួន​ ១៥ ​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ថវិកា​ដើម្បី​រៀបរៀង​សៀវភៅ​សិក្សា សម្រាប់​និស្សិត​នៅ​កម្រិត​ឧត្ដមសិក្សា​សរុប​ចំនួន ៦២១ ចំណងជើង មូលនិធិ​ស្រាវជ្រាវ​គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ (​មូលនិធិ ស.គ.ន) ​បាន​ធ្វើ​លិខិត​ឆ្លើយតប​ទៅកាន់​គ្រឹះស្ថាន​ឧត្តមសិក្សា​ចំនួន​ ១៣ និង​កំពុង​ពិនិត្យ​សំណើ​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា​ចំនួន​ ២ ​ទៀត​។

ក្រសួង​អប់រំ​ឱ្យដឹងថា ជា​ជំហាន​ទី​២ ​នៃ​នីតិវិធី​បន្ត​គ្រឹះស្ថាន​ឧត្តមសិក្សា​ចំនួន​ ៤ (​ត្រូវជា​ ១៩៦ ​ចំណងជើង​) បាន​ប្រគល់​ជូន​មូលនិធិ ស.គ.ន នូវ​សំណុំ​ឯកសារ​បន្ថែម​រួមមាន​ ១- ​សេចក្តី​ព្រាង​មាតិកា​សៀវភៅ​ដោយ​បញ្ជាក់​អំពី​ចំណងជើង និង​ចំណងជើងរង​។ ២- ​ការបរិយាយ​លើ​មុខវិជ្ជា (Course description)​។ ​៣- ​សេចក្តី​សង្ខេបនៃ​សៀវភៅ​ (Sy-nopsis ​ឬ Abstract) ដោយមាន​ការពិនិត្យ​វាយតម្លៃ និង​អនុម័ត​ពី​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ ឬ​ក្រុមប្រឹក្សា​អប់រំ​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា​នីមួយៗ​។ ក្រសួង​បញ្ជាក់​ថា​៖ «​មូលនិធិ ស.គ.ន កំពុង​ពិនិត្យ និង​វាយតម្លៃ​លើ​សំណុំ​ឯកសារ​ទាំងនេះ​ដើម្បី​បន្ត​នីតិវិធី​ហិរញ្ញវត្ថុ និង​ការចុះ​កិច្ចព្រមព្រៀង​ផ្តល់​ថវិកា​ឧបត្ថម្ភ​»​។

ក្រសួង​អប់រំ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការបោះ​ជំហាន​ប្រកប​ដោយ​មនសិការ​វិជ្ជាជីវៈ​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា និង​បុគ្គលិក​អប់រំ​ទាំងអស់​ក្នុង​ការរៀបចំ រៀបរៀង កែលម្អ និង​និពន្ធ​សៀវភៅ​សិក្សា​ដើម្បី​បង្កើន​បរិមាណ លើកកម្ពស់​គុណភាព និង​ពង្រឹង​សមធម៌​នៃ​ធនធាន​សិក្សា​ជា​ខេមរភាសា​សម្រាប់​និស្សិត​ដែល​កំពុង​បន្ត​ការសិក្សា និង​ត្រៀមខ្លួន​ធ្វើការ​ស្រាវជ្រាវ​នៅ​កម្រិត​ឧត្តមសិក្សា​។

ក្រសួង​បញ្ជាក់ថា​៖ «​សៀវភៅ​សិក្សា​ជា​ផ្នែក​មួយ​នៃ​ការទទួលស្គាល់​គុណភាព​អប់រំ​លើ​គ្រឹះស្ថាន​ឧត្តមសិក្សា និង​ជា​ធនធាន​សិក្សា​ដែលជា​មូលដ្ឋាន​មួយ​ដ៏សំខាន់​ក្នុង​ការគាំទ្រ​ដល់​ការបង្រៀន និង​រៀន ហើយ​ត្រូវមាន​បរិមាណ​គ្រប់គ្រាន់ ឆ្លើយតប​ទៅនឹង​កម្មវិធី​អប់រំ និង​តម្រូវការ​សិក្សា​ស្រាវជ្រាវ​»​។

បើ​តាម​ក្រសួង​អប់រំ​ជា​គោលការណ៍ គឺ​គ្រឹះស្ថាន​ឧត្តមសិក្សា​ទាំងអស់​ត្រូវ​មាន​សៀវភៅ​សិក្សា ដែល​ប្រើ​ជា​គោល​សម្រាប់​មុខវិជ្ជា​នីមួយៗ​។ ចំនួន​សៀវភៅ​សិក្សា​ដែល​គ្រប់គ្រាន់​សម្រាប់​ការស្រាវជ្រាវ និង​ការសិក្សា​របស់​និស្សិត ត្រូវមាន​យ៉ាងតិច​ ១ ​ចំណងជើង​ក្នុង​ ១ ​មុខវិជ្ជា ហើយ​ត្រូវ​តម្កល់​យ៉ាងតិច​ ១២ ​ច្បាប់​នៅក្នុង​បណ្ណាល័យ ឬ​អាច​រកបាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

ក្រសួង​អប់រំ​បន្ត​លើកទឹកចិត្ត​ដល់​គ្រឹះស្ថាន​ឧត្តមសិក្សា​រដ្ឋ និង​ឯកជន​ដែល​បាន​ស្នើសុំ​មូលនិធិ​បន្ថែម​សម្រាប់​បង្កើន​ចំនួន​ចំណងជើង​សៀវភៅ ដែល​មិន​ទាន់​បានដាក់​ពាក្យស្នើសុំ​ឱ្យ​ចូលរួម​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែមទៀត ដើម្បី​ជា​គុណប្រយោជន៍​ដល់​តម្រូវការ​នៃ​និស្សិត​កម្ពុជា​ក្នុង​ការសិក្សា និង​ស្រាវជ្រាវ​នៅ​កម្រិត​ឧត្តមសិក្សា​។

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា​សាទរ​ចំពោះ​លទ្ធផល​នៃ​ការបង្កើត​មូលនិធិ​របស់​ក្រសួង​នេះ ដែល​បាន​ជំរុញ និង​លើកទឹកចិត្ដ​ដល់​អ្នកសិក្សា​ស្រាវជ្រាវ ដើម្បី​មាន​ឱកាស​ចងក្រង​រៀបរៀង​សៀវភៅ​សម្រាប់​ឱ្យ​សិស្ស​សិក្សា​នៅតាម​គ្រឹះស្ថាន​ឧត្ដមសិក្សា​។

លោក​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា បច្ចុប្បន្ន​វិស័យ​អប់រំ​កំពុង​ប្រឈម​ផលប៉ះពាល់​ខ្លាំង​បណ្ដាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ​-១៩ ដូច្នេះ​ការផ្ដល់​មូលនិធិ​នេះ​គឺជា​ការប្រសើរ​ណាស់​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​គ្រឹះស្ថាន​ឧត្ដមសិក្សា​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថ្លែងថា ការផ្ដល់​មូលនិធិ​នេះ​គឺជា​ជំហាន​ថ្មី​មួយទៀត ដើម្បី​ឆ្លើយតប​ចំពោះ​បំណងប្រាថ្នា​របស់​និស្សិត​កម្ពុជា ក្នុង​ការទទួល​បាន​ធនធាន​សិក្សា​ជា​ខេមរភាសា​ឱ្យបាន​គ្រប់គ្រាន់ មាន​គុណភាព និង​ប្រកប​ដោយ​សមធម៌​។ លោក​ថា​៖ «​ការផ្ដល់​មូលនិធិ​នេះ គឺ​ដើម្បី​រួមចំណែក​លើកកម្ពស់​វប្បធម៌​នៃ​ការស្រាវជ្រាវ បំផុស​គំនិត​ច្នៃប្រឌិត ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​អប់រំ ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ពលកម្ម និង​សកលភាវូបនីយកម្ម​»​។

ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ១៩ ខែ តុលា ឆ្នាំ​ ២០២០ បាន​ផ្តួច​ផ្ដើមគំនិត បង្កើត​មូលនិធិ ស.គ.ន នេះ​ឡើង ដើម្បី​ឧបត្ថម្ភ​ថវិកា​ដល់​អ្នកនិពន្ធ អ្នកសិក្សា​ស្រាវជ្រាវ​លើ​ការរៀបរៀង​និពន្ធ និង​កែលម្អ​សៀវភៅ (Text book) ​ដែល​ត្រូវ​ប្រើប្រាស់​នៅ​កម្រិត​ឧត្តមសិក្សា​៕