ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន ផូស មេឌា ខូ អិលធីឌី (កាសែត ភ្នំពេញ ប៉ុស្ដិ៍) កាលពីម្សិលមិញនេះបានចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីធ្វើកិច្ចសហការរវាងភាគីទាំង ២ ក្នុងការលើកកម្ពស់សកម្មភាព និងផែនការអប់រំនៅក្នុងប្រទេសកម្ពុជា។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងចុះហត្ថលេខា ដោយលោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ានជាមួយលោក លី តៃសេង ចាងហ្វាង និងអគ្គនាយកកាសែតភ្នំពេញប៉ុស្ដិ៍នៃក្រុមហ៊ុន ផូស មេឌា ខូ អិលធីឌី ដោយមានការចូលរួមពីមន្ដ្រីតំណាងមកពីក្រសួងអប់រំ និងសហការីក្រុមហ៊ុន ផូស មេឌា ខូ អិលធីឌី ជាច្រើនរូបទៀត។
យោងតាមអនុស្សរណៈនេះ ក្រុមហ៊ុន ផូស មេឌា បានឯកភាពបោះពុម្ពផ្សាយលើកាសែតភ្នំពេញប៉ុស្ដិ៍ជាភាសាអង់គ្លេស និងខេមរភាសាដែលនឹងផ្ដល់ ១ ទំព័រពេញ ទៅឱ្យក្រសួងអប់រំសម្រាប់ការបោះពុម្ពផ្សាយមាតិកាអត្ថបទរបស់ខ្លួន។ ការបោះពុម្ពផ្សាយទំព័រអប់រំនេះ កាសែតភ្នំពេញប៉ុស្ដិ៍ នឹងធ្វើនៅរៀងរាល់ថ្ងៃពុធក្នុងសប្ដាហ៍ទី ១ នៃខែនីមួយៗ ឬ ២ សប្ដាហ៍ម្ដង អាស្រ័យលើតម្រូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ហង់ជួន ណារ៉ុន បានសម្ដែងការសាទរចំពោះការចុះអនុស្សរណៈរវាងភាគីទាំង ២ នេះ។ លោកបានលើកឡើងថា ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ ១៩ នេះ គឺទាមទារឱ្យមានកិច្ចសហការគ្នាគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការអប់រំដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាស្របពេលដែលក្រសួងអប់រំកំពុងតែបន្តជំរុញការអប់រំតាមបែបឌីជីថល។
លោកបានបញ្ជាក់ថា៖ «យើងត្រូវតែធ្វើការងាររួមគ្នា ដើម្បីលើកកម្ពស់ការអប់រំនៅក្នុងប្រទេសកម្ពុជា និងផលប្រយោជន៍របស់ប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រទេសកម្ពុជារឹតតែមានការរីកចម្រើនឡើងថែមទៀត»។
លោករដ្ឋមន្ដ្រីបានបន្តថា ក្នុងខណៈពេលដែលមានការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ ក្រសួងអប់រំបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីថែរក្សាសុវត្ថិភាពដល់សិស្សានុសិស្ស និងធ្វើយ៉ាងណាបន្តផ្ដល់ការអប់រំពេញលេញដល់សិស្សានុសិស្សគ្រប់គ្នា ទាំងនៅទីក្រុង និងជនបទ។
លោកថា កាលៈទេសៈសង្គ្រាមជាមួយនឹងកូវីដ ១៩ នេះ ក្រសួងអប់រំបានបង្កើតឱកាសការអប់រំបែបឌីជីថលដោយជោគជ័យ ស្របពេលដែលការអប់រំតាមបែបឌីជីថលនៅកម្ពុជាបានដើរមុខមុនរយៈពេល ១០ ឆ្នាំ។
ថ្លែងនៅក្នុងពិធីនោះដែរលោក លី តៃសេង ចាងហ្វាង និងអគ្គនាយកកាសែតភ្នំពេញប៉ុស្ដិ៍នៃក្រុមហ៊ុន ផូស មេឌា ខូ អិលធីឌី បានលើកឡើងថា កន្លងមកនេះក្រុមហ៊ុន ផូស មេឌា ខូអិលធីឌី បាន និងកំពុងសហការជាមួយវិស័យផ្សេងៗមួយចំនួននៅកម្ពុជាក្នុងនោះមានដូចជា វិស័យទីផ្សារមូលបត្រជាដើម។ ចំណែកកិច្ចសហការជាមួយក្រសួងអប់រំគឺមានសារៈសំខាន់ណាស់ ព្រោះវិស័យអប់រំគឺជាវិស័យគន្លឹះមួយក្នុងការលើកកម្ពស់ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមានធនធានគ្រប់គ្រាន់សម្រាប់ការចូលរួមគាំទ្រដល់ក្រសួងអប់រំ ពិសេសវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសង្កេតឃើញថា មន្ដ្រីរដ្ឋាភិបាលមួយចំនួនហាក់មិនហ៊ាននិយាយជាមួយសារព័ត៌មាន។ ប៉ុន្ដែខ្ញុំគិតថា ពួកគេគួរនិយាយឱ្យបានច្រើនបន្តិចជាមួយសារព័ត៌មានដើម្បីឱ្យសារព័ត៌មានទទួលបានព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវក្នុងការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ»៕