ភ្នំពេញៈ កាលពី​ថ្ងៃ​ម្សិលមិញ​ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចេញ​ផ្សាយ​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​ជំងឺឆ្លង​កូវីដ​ ១៩​។ ការចេញ​ផ្សាយ​គោលការណ៍​នេះ​​ធ្វើ​ឡើង​ស្រប​ពេល​សាលារៀន​ចំនួន​ ២០ កំពុងបើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ដើម​ខែ​សីហា​នេះ​ទៅ​។

នៅក្នុង​គោលការណ៍​ណែនាំ​ដែល​មាន​ចំនួន​ ៩ ​ទំព័រ​បាន​បញ្ជាក់ថា សាលារៀន​ដែល​ត្រូវ​បើក​ដំណើរការ​ឡើងវិញ គឺ​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​មុន​ដំណើរការ​គ្រឹះស្ថាន​សិក្សា​នៅ​បន្ទប់​សិក្សា បណ្ដាល័យ បន្ទប់ពិសោធន៍ អាហារដ្ឋាន បង្គន់​អនាម័យ និង​កន្លែង​លាងដៃ​ជាដើម​ត្រូវ​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់រៀន​មិន​ឱ្យ​ទាប​ជាង​ ២៤ ​អង្សាសេ​ ​ត្រូវ​បោសសម្អាត​បន្ទប់​សិក្សា​ជាប្រចាំ​ថ្ងៃ និង​ត្រូវ​បើក​បង្អួច​ ឬ​ទ្វារ​ឱ្យ​ពន្លឺ​ថ្ងៃ និង​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ក្នុង​ម៉ោង​សិក្សា​។

លើស​ពី​នេះ​សាលារៀន​ត្រូវ​រៀបចំ​តុ​កៅអីអង្គុយ​ដោយ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោច​ណាស់​ ២ ​ម៉ែត្រ​ពី​គ្នា​សិស្ស​ក្នុង​មួយ​បន្ទប់​មិន​ឱ្យ​លើស​ ២០ ​ទៅ​ ២៥ ​នាក់ និង​ចៀសវាង​ការប្រមូល​ផ្ដុំ​កកកុញ​ និង​ឈរ​តម្រង់​ជួរ​ឃ្លាត​ពីគ្នា​ចាប់ពី​ ១,៥ ​ម៉ែត្រ​។

នៅក្នុង​គោលការណ៍​ដដែល​គឺ​សាលារៀន​ផ្អាក​ដំណើរការ​បណ្ណាល័យ កន្លែង​កម្សាន្ត ទីលាន​កីឡា និង​មិន​ត្រូវ​ឱ្យ​សិស្ស​ខ្ចី​សៀវភៅ​គ្នា​ទៅវិញ​ទៅមក ត្រូវ​យាមកាម​មិនឱ្យ​អ្នក​គ្មាន​ភារកិច្ច​ចូល​បរិវេណ​សាលា និង​ត្រូវ​រក្សា​គម្លាត​ ១,៥ ​ម៉ែត្រ​នៅពេល​ប្រាស្រ័យ​ទាក់ទង​គ្នា​។

ក្នុង​ករណី​មាន​អ្នក​ត្រូវ​វាស់​កម្ដៅ​កើន​ដល់​ ៣៧,៥ ​អង្សា​ឡើង​ទៅ​ត្រូវ​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​នៅផ្ទះ​។ សិស្ស​ និង​បុគ្គលិក​សិក្សា​ទាំងអស់​ត្រូវ​យក​ចំណីអាហារ​មកពី​ផ្ទះ​រៀងៗ​ខ្លួន​ត្រូវ​អង្គុយ​បរិភោគ​អាហារ​មាន​គម្លាត​ពីគ្នា​ ១,៥ ​ម៉ែត្រ និង​ត្រូវ​ហាមឃាត់​ការលក់​ចំណីអាហារ​នៅក្នុង និង​ជាប់​របង​សាលារៀន​។

ក្រសួង​អប់រំ​ព្រមាន​ថា ក្នុង​ករណី​គ្រឹះស្ថានសិក្សា​ណា​ពុំ​បាន​អនុវត្តតាម​គោលការណ៍​ដោយ​យកចិត្ត​ទុកដាក់ និង​បណ្ដាល​ឱ្យ​មាន​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ជាយថាហេតុ គឺ​គណៈ​គ្រប់គ្រង​សាលា​ទាំងនោះ​ត្រូវ​ប្រឈម​នឹង​វិធានការ​ច្បាប់​ និង​វិធានការ​រដ្ឋបាល​។

ការចេញ​គោលការណ៍​ទាំងនេះ ស្រប​ពេល​សាលារៀន​អន្តរជាតិ​របស់​ឯកជន​ចំនួន​ ២០ ជា​សាលា​មាន​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​ដូចជា​ខេត្តសៀមរាប និង​បាត់ដំបង​បាន​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ ក្រោយពី​បាន​បិទ​បណ្ដោះ​អាសន្ន​តាំងពី​ខែ​មីនា​មក​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ធ្លាប់​បញ្ជាក់ថា ការពិចារណា​បើក​សាលារៀន​ដំណាក់កាល​ទី​ ២ ​និង​ទី​ ៣ ​ជា​បន្តបន្ទាប់​ទៀត​ គឺ​អាស្រ័យ​លើ​ការវាយតម្លៃ​ចំពោះ​ការបើក​សាកល្បង​សាលារៀន​ដំណាក់កាល​ទី​ ១ ​នេះ​។

ប្រទេស​កម្ពុជា​ បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​លើកដំបូង​កាលពី​ថ្ងៃទី​ ២៧ ខែ​មករា លើ​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​មកកាន់​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ការប្រកាស​បិទ​សាលារៀន​នៅក្នុង​ខែមីនា គឺ​ធ្វើ​ឡើង​បន្ទាប់ពី​ជំងឺ​កូវីដ​បាន​ឆ្លង​លើ​ពលរដ្ឋ​ខ្មែរ​ជា​លើកដំបូង​ជា​បុរស​រស់នៅក្នុង​ខេត្ត​សៀមរាប និង​ក្រោយពី​មាន​គ្រូបង្រៀន​ជនជាតិ​បរទេស​ម្នាក់​នៅ​សាលារៀន​ CIS ​នៅ​កោះពេជ្រ​ត្រូវ​បាន​គេ​រាយការណ៍​ថា ឆ្លង​ជំងឺ​កូវីដ​១៩​។

កម្ពុជា​បាន​រាយការណ៍​អ្នក​ឆ្លង​ជំងឺ​​កូវីដ​១៩​សរុប​ចំនួន​ ២៤១ ​នាក់ បន្ទាប់ពី​មាន​មន្ត្រីជាន់ខ្ពស់​ស្ថានទូត​សហរដ្ឋអាមេរិក​ម្នាក់ទៀត​ត្រូវ​បាន​ក្រសួង​សុខាភិបាល​រាយការណ៍​កាលពី​ម្សិលមិញ​ថា បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​ធ្វើឲ្យ​មន្ត្រី​ជាន់ខ្ពស់​ស្ថានទូត​នេះ​កើន​ដល់​ ៤ ​នាក់​ដែល​បាន​ឆ្លង​ជំងឺ​នេះ​។ ជាមួយ​គ្នា​នេះ​ក៏មាន​អ្នក​ជាសះស្បើយ​បន្ថែម​ចំនួន​ ៣ ​នាក់​ទៀត​ដែរ និង​បាន​ធ្វើឱ្យ​អ្នក​ជាសះស្បើយ​កើន​ដល់​ ២០០ ​នាក់​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើកឡើង​ថា កម្ពុជា​ដែល​រកឃើញ​ករណី​ច្រើន​បំផុត​នាំចូល​ពី​ក្រៅ​ប្រទេស​គឺ​កំពុង​គ្រប់គ្រង​បាន​ការចម្លង​កូវីដ​១៩ មិន​ឱ្យ​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍ ដោយសារ​មាន​ការអនុវត្ត​វិធានការ​រឹតបន្តឹង​ខ្លាំង​ចាប់តាំងពី​ថ្ងៃទី​ ២០ ឧសភា មក​ដែល​បាន​តម្រូវ​ឱ្យ​អ្នកដំណើរ​មកពី​ក្រៅប្រទេស​ទាំងអស់​ត្រូវ​ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ ​១៩ និង​ត្រូវធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ មុន​អនុញ្ញាត​ឱ្យ​ចូលទៅ​រស់នៅក្នុង​សហគមន៍​។

ប៉ុន្តែ​នៅ​រយៈពេល​ចុងក្រោយ​នេះ​ មាន​អ្នកធ្វើ​ចត្តាឡីស័ក​មួយចំនួន​បាន​រត់គេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ជា​បន្តបន្ទាប់​ដែល​មន្ត្រី​ព្រួយបារម្ភ​ថា អាច​បង្កឱ្យ​មាន​ការឆ្លង​ទៅ​ដល់​អ្នក​ក្នុង​សហគមន៍​។

លោក ចាន់ ថា អភិបាលរង​ខេត្ត​ព្រៃវែង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា កាលពី​វេលា​ម៉ោង​ ៤ ​ទៅ​ ៥ ​ល្ងាច​ថ្ងៃទី​ ៣ សីហា​ នៅ​អំឡុងពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​មាន​បុរស​ ២ ​នាក់ ​ដែល​ធ្វើ​ចត្តាឡីស័ក​នៅក្នុង​វិទ្យាល័យ ហ៊ុន សែន កំពង់លាវ​ស្រុក​កំពង់លាវ​បាន​រត់​ចេញពី​មណ្ឌល​ចត្តាឡីស័ក ហើយ​បាន​ធ្វើ​ដំណើរ​ទៅកាន់​លំនៅឋាន​របស់​ខ្លួន​ស្ថិតក្នុង​ភូមិ​បឹងជ័រ ឃុំ​ព្រៃទឹង ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង​។

លោក​ថា​៖ «​មូលហេតុ​ដែល​ពួកគាត់​ល្មើស​នឹង​កាតព្វកិច្ច​របស់​ពួកគាត់​គឺ​ដោយសារ​ពួកគាត់​ជឿថា ពួកគាត់​គ្មាន​ជំងឺ​កូវីដ​ ១៩​។ គាត់​បាន​ទៅ​ជួប​​ជាមួយ​មិត្តភក្តិ​ផឹកស្រា​បៀរ​ជាមួយ​គ្នា​នៅពេល​ដែល​សមត្ថកិច្ច​យើង​បាន​ទៅ​យក​ពួកគាត់​មកវិញ​នៅ​ម៉ោង​ ១០​។ ប្រជាជន​ហ្នឹង​គឺ​គាត់​ប្រហែស​ និង​ព្រហើន​តែម្ដង​»​។

លោក​បន្តថា បុរស​ទាំង​ ២ ​នេះ​ត្រូវ​បានដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​បន្ថែម​ចំនួន​ ១៤ ​ថ្ងៃ​ទៀត ដើម្បី​ព្រមាន​ទៅ​ដល់​អ្នកធ្វើ​ចត្តាឡីស័ក​ផ្សេង​ទៀត ហើយ​អាជ្ញាធរ​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​អំពី​អ្នក​ដែល​បាន​ជួប​ជាមួយ​បុរស​ទាំងពីរ បន្ទាប់ពី​ពួកគេ​បាន​គេច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក ហើយ​ក្នុងនោះ​មិត្តភក្ដិ​ដែល​ផឹកស្រាបៀរ​ជាមួយ​គ្នា​រួមទាំង បងប្អូន​ និង​ឪពុកម្ដាយ​នឹង​ត្រូវ​យកមក​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ដូចគ្នា​ដែរ​។

អភិបាលរង​ខេត្ត​ដដែល​នេះ​បន្តថា ប្រសិន​បើ​មិន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​បុរស​ទាំង​ ២ ​ដែល​ត្រូវបាន​ធ្វើ​ចត្តាឡីស័ក​បន្ទាប់ពី​វិលត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​ ២៣ កក្កដា​ គឺអាច​ចាកចេញ​ពី​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​នៅ​ថ្ងៃទី​ ៧ សីហា ប្រសិន​បើ​ការធ្វើ​តេស្ត​លើក​ទី​ ៣ គ្មាន​ជំងឺ​កូវីដ ​១៩ ​នៅ​ថ្ងៃទី​ ៦ សីហា​។

កាលពី​ថ្ងៃទី​ ១៧ កក្កដា ក៏​ស្ដ្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩​ មកពី​សហរដ្ឋអាមេរិក​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ក្នុង​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ ហើយ​បាន​ជិះ​តាក់ស៊ី​ទៅ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​មួយទៀត​នៅក្នុង​ខេត្ត​កំពង់ចាម និង​ត្រូវបាន​មន្ត្រី​រកឃើញ​វិញ​នៅ​ថ្ងៃទី​ ១៨ ​ខែ​កក្កដា​។

ស្ដ្រី​រូបនេះ​ត្រូវបាន​ពិន័យ​ ១ ​លាន​រៀល និង​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា ប៉ុន្តែ​ក្រោយពី​បាន​ធ្វើ​​ចត្តាឡីស័ក​បាន​ ១៤ ​ថ្ងៃ​ និង​បន្ទាប់ពី​ធ្វើតេស្ដ​លើក​ទី​ ៣ ស្ដ្រី​ខ្មែរ​អាមេរិកាំង​នោះ​គឺ​គ្មាន​ជំងឺ​កូវីដ ១៩ ​នោះទេ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ទៅផ្ទះ​វិញ​កាលពី​ថ្ងៃទី​ ២៩ កក្កដា​៕