ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង កីឡា​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ពី​ ៤ ​ទៅ​ ៦​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ការរៀបចំ​ដំណើរការ​នៃ​ការ​-​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ នៅ​ថ្ងៃទី​ ២០-២១ ខែសីហា​នេះ ដែលមាន​សិស្ស​ចំនួន ​១១៧ ០៦២​ នាក់​។​

​លោក ព្រីង មរកត ប្រធាន​នាយក​ដ្ឋា​ន​មធ្យមសិក្សា​ចំណេះ​ទូទៅ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​ចាំ​មិនសូវ​ច្បាស់​ដែរ​! ប៉ុន្ដែ​ការចំណាយ​ចំពោះ​ដំណើរ​ការប្រឡង​ឆ្នាំនេះ ប្រហែល​ចាប់​-​ពី ៤-៦ លាន​ដុល្លារ ឬ​ពី ១ ៥០០​ លាន​រៀល ទៅ ១ ៦០០ លាន​រៀល​អីហ្នឹង​»​។​

​លោក​អះអាងថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​សរុប​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​មណ្ឌល​ប្រឡង​ចំនួន ១៩៥ មណ្ឌល ដែលមាន​៤ ៧១៦ បន្ទប់ នៅ​រាជធានី​-​ខេត្ត​ទាំង ២៥​។

កាលពី​ឆ្នាំ​២០១៧ បេក្ខជន​មាន​វត្តមាន​សរុប​ចំនួន​ ៩៩ ៧២៨​ នាក់ ហើយ​ជា​លទ្ធផល គឺមាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៦៣ ៦៦៨ នាក់​។

​លោក មរកត ថ្លែងថា រហូតមកដល់​ពេលនេះ​ក្រសួង​បានរៀបចំ​មណ្ឌល​ប្រឡង​ទូទាំងប្រទេស​សម្រេចបាន​៩០​ភាគរយ​។​

​លោក ថ្លែងថា​៖«​មិនមាន​អ្វី​ប្រែប្រួល​ទេ​ចំពោះ​ការប្រឡង​ឆ្នាំនេះ យើង​នៅតែ​ប្រ​ព្រឹ​ត្ដទៅ​ដូចជា​ការប្រឡង​រយៈកាល​៤​ឆ្នាំកន្លងមក​អ៊ីចឹង​។ ក្រៅពីនេះ​យើង មានតែ​រឹតបន្តឹង​កម្រិត​វិន័យ និង​ភាពខ្វះ​-​ចន្លោះ​ចំពោះ​ការគ្រប់គ្រង​»​។

​គួរ​បញ្ជាក់ថា បាក់​ឌុប ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២០-២១ ខែសីហា នេះ​។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់ ត្រូវគោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង ឱ្យបាន​ល្អប្រសើរ ជាពិសេស​មិនត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេ​ឡិច​​ត្រូ​និក​គ្រប់​ប្រភេទ​ចូលក្នុង​មណ្ឌល​​ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត​។

ក្នុងករណី​រកឃើញ ត្រូវ​ចាត់ទុកថា បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន និង​ត្រូវបាន​កំណត់ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​៕​