ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ម្សិលមិញ​បាន​ជូនដំណឹង​ដល់​សិស្សានុសិស្ស និស្សិត និង​សាធារណជន​ទាំងអស់​ទាក់ទង​នឹង​ការប្រកួតប្រជែង​បង្កើត App ក្នុង​ទូរស័ព្ទដៃ​ដើម្បី​ឱ្យ​បុគ្គលិក​អប់រំ​ ឬ​អាច​ប្រើប្រាស់​ផ្សេងទៀត​អាច​ទទួល និង​ផ្ដល់ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ជំងឺ​កូវីដ​១៩ ដែល​កំពុង​រីក​រាលដាល​ក្នុង​ពិភពលោក​។

សេចក្ដី​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួង​អប់រំ​បានឱ្យ​ដឹងថា ការប្រកួតប្រជែង​បង្កើត App នេះ​មាន​ឈ្មោះថា​ «Khmer Education Covid-19 App» ​ស្ថិតក្រោម​មូលនិធិ​ «​ការស្រាវជ្រាវ​គំនិត​ច្នៃប្រឌិត និង​នវានុវត្ដន៍​» របស់​ក្រសួង​អប់រំ​។ សេចក្ដី​ជូនដំណឹង​បញ្ជាក់ថា​ «​គោលដៅ​ចម្បង​នៃ​ការប្រកួតប្រជែង​នេះ​គឺ​បង្កើត​ «Khmer Education Covid-19 App» ដែល​អាច​ដំឡើង​នៅលើ​ទូរស័ព្ទដៃ និង​អាច​ប្រើប្រាស់​បាន​ទាំង​ប្រព័ន្ធ​ប្រតិបត្ដិការ iOS និង Android»​។

តាម​សេចក្ដី​ជូនដំណឹង​នេះ​អ្នក​ដែល​ចាប់អារម្មណ៍​ត្រូវ​សរសេរ​ឯកសារ​ទស្សនា​ទាន​មួយ​ដោយ​បង្ហាញ​ពី​ក្របខ័ណ្ឌ​​ និង​គោល​គំនិត​នៃ​ការបង្កើត​ App ​នេះ​។ ​ក្រសួង​នឹង​ជ្រើសរើស និង​ផ្ដល់​រង្វាន់​ជូន​ដល់​ស្នាដៃ​ឯកសារ​ទស្សនាទាន​ល្អ​ចំនួន​ ១០ ដោយ​បេក្ខជន​ ឬ​ក្រុម​នីមួយៗ​នឹង​ត្រូវ​ទទួលបាន​ថវិកា​រង្វាន់​ ២ ​លាន​រៀល និង​បណ្ណសរសើរ​ចំនួន​ ១ ខណៈ​បេក្ខជន​ ឬ​ក្រុម​បេក្ខជន​នីមួយៗ​ដែល​ជាប់​ជយលាភី​ស្នាដៃ​ល្អ​ជាងគេ​ដើម្បី​បង្កើតជា​ «Khmer Education Covid-19 App» ​ផ្លូវការ​នឹងត្រូវ​បាន​រង្វាន់​ចាប់ពី​ ២០ ​លាន​រៀល​ទៅ​ ៤០ ​លាន​រៀល និង​បណ្ណ​សរសើរ​ចំនួន​ ១​។

ក្រសួង​ឱ្យដឹង​ទៀតថា​កម្មវិធី​នេះ​បើក​ទូលាយ​ដល់​សាធារណជន​ទូទៅ​ដោយ​បេក្ខជន​អាច​ចូលរួម​ប្រកួត​ជា​លក្ខណៈ​បុគ្គល​ ឬ​ជា​ក្រុម​បាន​ដោយ​មិន​មាន​កំណត់​សមាជិក​ និង​ជំនាញ​ឡើយ​។ ប៉ុន្ដែ​ក្រសួង​លើក​ទឹកចិត្ដ​ដល់​បេក្ខជន​ដែលមាន​សមាជិក​ក្រុម​គួរ​មាន​ជំនាញ​ខុសៗ​គ្នា ដើម្បី​អាច​ផ្ដល់​គំនិត​ទូលំទូលាយ​ក្នុង​ការបង្កើត App នេះ​។

យ៉ាងណាក្ដី​ក្រសួង​អប់រំ​តម្រូវឱ្យ​ «Khmer Education Covid-19 App» ​មាន​លក្ខណសម្បត្ដិ​ដែល​អាច​ផ្ដល់​សេវា​យ៉ាងហោចណាស់​ ៥ ដូចជា​ «​ព័ត៌មាន​ទូទៅ​ស្ដីពី​ជំងឺ​កូវីដ-១៩» ​ក្នុង​នោះ​មាន​ប្រវត្ដិ​នៃ​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ (Epidemiology) រោគសញ្ញា (Signs and Symptoms) មូលហេតុ​នៃ​ការឆ្លង​រោគ (Cause) ការធ្វើ​រោគវិនិច្ឆ័យ​ (Diagnosis) ការបង្ការ​ និង​ការការពារ​ (Prevention) ​ជាដើម​។

ក្រសួង​ក៏​តម្រូវឱ្យ​ App នេះ​មាន​ «​បច្ចុប្បន្នភាព​នៃ​ជំងឺ និង​ការរីក​រាលដាល​» ​ផងដែរ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ទទួល​ព័ត៌មាន​ពិតប្រាកដ និង​ទាន់​ហេតុការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ជំនាញ​ជាពិសេស​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល​ស្ដីពី​ស្ថានភាព​នៃ​ការរកឃើញ​ករណី​ឆ្លង​ជំងឺ និង​វិធាន​ការចូលរួម​គ្រប់គ្រង​ទប់ស្កាត់ និង​បង្ការ​។

ក្រៅពីនោះ​ក្រសួង​អប់រំ​ក៏​តម្រូវឱ្យ​ App ​នេះ​មាន​លក្ខណសម្បត្ដិ​ផ្សេង​ផងដែរ ដូចជា​ «​ការតាមដាន​ដំណើរ​ និង​ប្រវត្ដិ​នៃ​ការធ្វើដំណើរ​»​។ ​មានន័យថា​អ្នកប្រើប្រាស់​ App ​នេះ​អាច​កត់ត្រា​ពី​ប្រវត្ដិ​នៃ​ការធ្វើដំណើរ​របស់​ខ្លួន (Tracking the travel history) ហើយ​ប្រសិន​បើ​អាច​គឺ​ការប្រើ​សមត្ថភាព Facial Recognition ​របស់​ទូរស័ព្ទ ដើម្បី​កត់ត្រា​មុខ​ ឬ​អត្តសញ្ញាណ​មនុស្ស​ដែល​ខ្លួន​បាន​ជួប​ក្នុង​រង្វង់​ ៣ ​ម៉ែត្រ​ពី​ខ្លួន​ (​ប្រសិន​បើ​អ្នក​ប្រើ​ App ​នេះ​បាន​ថតរូប​) ​និង​មានភ្ជាប់​ជាមួយ​ «​ការស្នើសុំ​ជំនួយ​» ​ក្នុង​ករណី​ចាំបាច់​បំផុត​ដោយ​អ្នកប្រើ​អាច​ចុច​លើ​ប៊ូតុង​ណាមួយ​ដើម្បី​ផ្ញើ​សារ​ខ្លីៗ ឬ​រាយការណ៍​ជាបន្ទាន់ បើ​មាន​សង្ស័យ​ពី​ជំងឺ​កូវីដ​ ១៩ នេះ​។

ជុំវិញ​ករណី​ជំងឺ​កូវីដ​ ១៩ ​នេះ​លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​មិនបាន​អត្ថាធិប្បាយ​បន្ថែម​ទេ​កាលពី​ម្សិលមិញ​ដោយ​លោក​បានស្នើ​អ្នកសារព័ត៌មាន​យោង​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តី​ណែនាំ​នានា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក​បញ្ជាក់ថា​៖ «​សូមមេត្តា​ពិនិត្យ​លទ្ធភាព​បង្វែរ​មុំ​ការផ្សព្វផ្សាយ​ដោយ​បន្ថែម​ខ្លឹមសារ​​ស្តីពី​វិធានការ​លើកកម្ពស់​អនាម័យ​របស់​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់​ និង​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​ដោយ​យោង​លើ​ប្រភពព័ត៌មាន​ក្រសួង​អប់រំ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ស្តីពី​​វិធានការ​ទប់ស្កាត់​ការ​រាលដាល​​កូវីដ​ ១៩​។ ទង្វើ​នេះ​អាច​មានគុណ​តម្លៃបន្ថែម​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​»៕